Alynana Media Cambodia
Icon Collap
RK Clinic
clinic narit

ក្រុមអ្នកវិនិយោគជប៉ុន កំពុងចាប់អារម្មណ៍ចង់វិនិយោគ ជាពិសេសនៅតំបន់អភិវឌ្ឍន៍កសិ-ទេសចរណ៍

Admin Alynana | Aug 07, 2023
ក្រុមអ្នកវិនិយោគជប៉ុន កំពុងចាប់អារម្មណ៍ចង់វិនិយោគ ជាពិសេសនៅតំបន់អភិវឌ្ឍន៍កសិ-ទេសចរណ៍
Clinic narith

ក្រុមអ្នកវិនិយោគជប៉ុន បាននិងកំពុងចាប់អារម្មណ៍ចង់វិនិយោគលើវិស័យសំខាន់ៗ មួយចំនួន នៅក្នុងប្រទេសកម្ពុជា ជាពិសេសនៅតំបន់អភិវឌ្ឍន៍កសិ-ទេសចរណ៍ ម៉ុង ឬទ្ធី សែនជ័យ តែម្តង ដែលជាតំបន់មានសក្ដានុពលវិនិយោគលើវិស័យជាច្រើន។

អ្នកឧកញ៉ា ម៉ុង ឬទ្ធី អគ្គនាយកក្រុមហ៊ុន ម៉ុង ឬទ្ធី គ្រុប និងជាអ្នកជំនួញចាស់វស្សាក្នុងវិស័យកសិកម្មម្នាក់ផងនោះបានបញ្ជាក់ថា បន្ទាប់ពីបានសិក្សាយ៉ាងលម្អិតអស់រយៈពេលប្រមាណ៣ឆ្នាំរួចមក ក្រុមអ្នកវិនិយោគជប៉ុនបានចុះមកត្រួតពិនិត្យទីតាំងផ្ទាល់នៅតំបន់អភិវឌ្ឍន៍កសិ-ទេសចរណ៍ ម៉ុង ឬទ្ធី សែនជ័យ ដើម្បីវិនិយោគលើវិស័យអចលនទ្រព្យ វិស័យកសិកម្ម និងវិស័យសិប្បកម្មកែច្នៃ។

បើតាមអ្នកឧកញ៉ា ម៉ុង ឬទ្ធី ស្របពេលជាមួយគ្នានោះ វិនិយោគិនជប៉ុន ក៏ចង់បង្កើតមជ្ឈមណ្ឌល សម្រាប់ថែទាំមនុស្សចាស់ នៅតំបន់កសិទេសចរណ៍ ម៉ុងឬទ្ធី សែនជ័យនេះផងដែរ។

ក្រោយកម្ពុជាទទួលបានភាពជោគជ័យក្នុងការទប់ស្កាត់ការឆ្លងរាតត្បាតនៃជំងឺកូវីដ១៩ និងបានបើកប្រទេសជាផ្លូវការឡើងវិញ គួបផ្សំការដាក់ឲ្យអនុវត្តច្បាប់ថ្មីស្ដីពីការវិនិយោគ នៃព្រះរាជាណាចក្រកម្ពុជា បានធ្វើឲ្យស្ថានភាពវិនិយោគ និងពាណិជ្ជកម្មរបស់កម្ពុជា មានការវិវត្តន៍ជាវិជ្ជមានគួរឲ្យកត់សម្គាល់។ ជាក់ស្ដែងកាលពីពេលថ្មីៗក្រុមវិនិយោគិនជប៉ុន មួយក្រុមបានចុះទៅសិក្សាឱកាសវិនិយោគលើវិស័យសំខាន់ៗមួយចំនួនដូចជាអចលនទ្រព្យ កសិកម្ម សិប្បកម្ម និងឧស្សាហកម្មកែច្នៃនៅតំបន់អភិវឌ្ឍន៍កសិ-ទេសចរណ៍របស់អ្នកឧកញ៉ា ម៉ុង ឬទ្ធី ដែលស្ថិតនៅឃុំសែនដី ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។

តាមរយៈវីដេអូជាង១៦នាទីអ្នកឧកញ៉ា ម៉ុង ឬទ្ធី អគ្គនាយកក្រុមហ៊ុន ម៉ុង ឬទ្ធី គ្រុបបានរៀបរាប់ថា ក្រៅពីសិក្សាឱកាសវិនិយោគលើវិស័យសំខាន់ៗខាងលើ ក្រុមហ៊ុនអ្នកវិនិយោគជប៉ុន ចង់វិនិយោគ លើការបង្កើត ភូមិបុរាណជប៉ុនសម្រាប់ មនុស្សចាស់រស់នៅនៅពេល ពួកគេចូលនិវត្តន៍ ពីការងារនៅតំបន់កសិទេសចរណ៍ ម៉ុង ឬទ្ធី សែនជ័យនេះផងដែរ។ ក្រៅពីអគារលំនៅឋាន ភូមិបុរាណជប៉ុននេះ ក៏មានជាកន្លែងកម្សាន្តបែបធម្មជាតិ និងសិប្បនិម្មិត កន្លែងហាត់ប្រាណ និងមន្ទីរពេទ្យដ៏ទំនើបផងដែរ។ នេះបើតាមការរៀបរាប់របស់អ្នកឧកញ៉ា ម៉ុង ឬទ្ធី។

យ៉ាងណាក៏ដោយ ជុំវិញស្ថានភាពវិនិយោគនៅកម្ពុជា ត្រូវបានអ្នកជំនាញក្នុងវិស័យវិនិយោគអះអាងថា នៅតែល្អប្រសើរ និងរឹងមាំ ជាពិសេសកាន់តែវិវត្តន៍ទៅរកភាពវិជ្ជមាន ដោយអ្នកជំនាញសង្កេតឃើញថា សន្ទុះនៃការចាប់អារម្មណ៍ពីក្រុមវិនិយោគិនបរទេសកាន់តែច្រើន ក្រោយកម្ពុជា បានប្រកាសដាក់ឲ្យ អនុវត្តន៍ច្បាប់វិនិយោគថ្មី ខណៈច្បាប់នេះនឹងចូលរួមចំណែកយ៉ាងសំខាន់ ក្នុងការទាក់ទាញ និងជំរុញការវិនិយោគនៅកម្ពុជា ឲ្យកាន់តែប្រសើរឡើងថែមមួយកម្រិតទៀត ជាពិសេសនឹង បង្កើនការទាក់ទាញការវិនិយោគផ្ទាល់ពីបរទេសបន្ថែមទៀត។ ជាក់ស្ដែងថ្មីៗនេះ ក្រៅពីក្រុមវិនិយោគ ជប៉ុនដែលចង់វិនិយោគលើវិស័យមួយចំនួននៅតំបន់កសិទេសចរណ៍ ម៉ុងឬទ្ធី សែនជ័យ គេក៏ឃើញវត្តមានក្រុមហ៊ុនអន្តរជាតិធំៗជាបន្តបន្ទាប់បាន និងកំពុងចាប់អារម្មណ៍វិនិយោគ លើវិស័យផ្សេងៗនៅកម្ពុជា រួមទាំងវិស័យកែច្នៃស្វាយចន្ទីផងដែរ។

យោងតាមរបាយការណ៍ស្តីពីសកម្មភាពវិនិយោគនៅកម្ពុជា ឆមាសទី១ ឆ្នាំ២០២៣ របស់ក្រុមប្រឹក្សា អភិវឌ្ឍន៍កម្ពុជា ស្ថានភាពវិនិយោគនៅកម្ពុជា ហាក់កាន់តែមានភាពល្អប្រសើរ បន្ទាប់ពីកម្ពុជា បានបើកប្រទេសជាផ្លូវការឡើងវិញ ក្រោយចួបប្រឈមដោយវិបត្តិកូវីដ១៩ ដែលធ្វើឲ្យចំនួន គម្រោងវិនិយោគកើនឡើង។ ជាក់ស្ដែង នៅឆមាសទី១ ឆ្នាំ២០២៣ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា(CDC) បានអនុម័តគម្រោងវិនិយោគថ្មី និងគម្រោងពង្រីកផលិតកម្មសរុបចំនួន១១៣គម្រោង ដែលមានទំហំវិនិយោគសរុបជាង១ពាន់លានដុល្លារអាមេរិក។ ក្នុងចំណោម គម្រោងវិនិយោគ ទំាងអស់ភាគច្រើន​ស្ថិតក្នុងវិស័យឧស្សហកម្ម ដែលមានរហូតចំនួន១០២គម្រោង ជាមួយទុនវិនិយោគសរុបជិត៨៦០លានដុល្លារ។

 

ចំណែក វិស័យកសិកម្ម និងកសិ-ឧស្សាហកម្មមានចំនួន៧គម្រោង ជាមួយទុនវិនិយោគសរុប ជាង ១៦៣លានដុល្លារ។ រីឯវិស័យទេសចរណ៍មានចំនួន៣គម្រោងជាមួយ​ទុនវិនិយោគសរុបជាង​៦៨លានដុល្លារ និងវិស័យហេដ្ឋារចនាសម័្ពន្ធ និងផ្សេងៗមាន១គម្រោងជាមួយ​ទុនវិនិយោគ​១៤លានដុល្លារ។ ចិនជាប្រទេសដែលបានវិនិយោគនៅក្នុងប្រទេសកម្ពុជា ច្រើនជាងគេ ដែលបានក្ដោបក្ដាប់ជាង៦៥% នៃទុនវិនិយោគសរុប បន្ទាប់មកវិនិយោគិនក្នុងស្រុកជាប់ចំណាត់ថ្នាក់ទី២ ដោយបានក្ដោបក្ដាប់ជិត២០% និងវៀតណាមស្ថិតក្នុងចំណាត់ថ្នាក់ទី៣ ដែលបានក្ដោបក្ដាប់​ជាង៦%នៃទំហំវិនិយោគសរុប។ នេះបើយោងតាមរបាយការណ៍របស់ CDC៕