Alynana Media Cambodia
Icon Collap
RK Clinic
clinic narit

ផលិតផលជលផលកម្ពុជាចំនួន ៤មុខទៀត ត្រូវបានអនុញ្ញាតឱ្យនាំចេញទៅប្រទេសចិន

Media LNN | Aug 08, 2023
ផលិតផលជលផលកម្ពុជាចំនួន ៤មុខទៀត ត្រូវបានអនុញ្ញាតឱ្យនាំចេញទៅប្រទេសចិន
Clinic narith

(ភ្នំពេញ)៖ ស្ថានទូតចិនប្រចាំនៅកម្ពុជា នៅយប់ថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៣នេះ បានផ្សព្វផ្សាយលើ Facebook ផ្លូវការរបស់ខ្លួនថា រដ្ឋបាលគយនៃប្រទេសចិន ទើបបានបញ្ចប់នីតិវិធី ក្នុងការអនុញ្ញាតឱ្យផលិតផលជលផលរបស់កម្ពុជា ៤មុខទៀត អាចនាំចេញដោយផ្ទាល់ទៅកាន់ប្រទេសចិនបាន។

ផលិតផលជលផលចិញ្ចឹមទាំង ៤មុខនេះរួមមាន៖ បង្កងប៉ាក អន្ទង់ ត្រីដំរី និងខ្យង។

ស្ថានទូតចិនប្រចាំកម្ពុជាបញ្ជាក់ដូច្នេះថា «ផ្អែកលើពាណិជ្ជកម្មប្រពៃណី ដែលមានស្រាប់លើជលផលរវាងចិន និងកម្ពុជា រួមមានបង្កងប៉ាក អន្ទង់ ត្រីដំរី និងខ្យង សម្រេចបាននូវជលផលទាំងស្រុង ដែលត្រូវបានអនុញ្ញាតនាំចេញទៅកាន់ប្រទេសចិន»។

សម្រាប់ក្រុមហ៊ុនដែលត្រូវបានរដ្ឋបាលគយនៃប្រទេសចិន ទទួលស្គាល់សម្រាប់ការនាំចេញផលិតផលជលផលទាំងនេះគឺ ក្រុមហ៊ុន Cambodian Tienit International Trading។ ការអនុញ្ញាតនេះ ជាសមិទ្ធផលដ៏សំខាន់ក្នុងការនាំចេញកសិផលកម្ពុជា ទៅកាន់ទីផ្សារប្រទេសចិន។

សូមជម្រាបថា កាលពីខែឧសភា ឆ្នាំ២០២៣ ផលិតផលជលផលធម្មជាតិរបស់កម្ពុជាចំនួន ១១ប្រភេទ ទទួលបានការអនុញ្ញាតឲ្យនាំចេញ ទៅកាន់ទីផ្សារប្រទេសចិន។ ផលិផលចំនួន ១១ប្រភេទនេះរួមមាន៖​ កំពឹសទឹកសាប,​ ត្រីប្រាធំ, ត្រីប្រាខ្ចៅ,​ ខ្យងទឹកសាបពីរប្រភេទ, អន្ទង់ទឹកសាប, បង្កងកណ្តូបពីរប្រភេទ, បង្គាខ្លឹង,​ បង្គាស,​ និងបង្គាប៉ារ៉ា។

អគ្គរដ្ឋបាលគយចិន បានអនុម័តលើការចុះបញ្ជី​របស់ក្រុមហ៊ុននាំចេញមានឈ្មោះ KIM CHOU Co., Ltd Import Export and International Transportation ដែលបានស្នើសុំនាំចេញផលផលិតផលជលផលពីធម្មជាតិចំនួន ១១ប្រភេទទៅកាន់ប្រទេសចិន។

សូមជម្រាបថា រហូតមកដល់ពេលនេះ ផលិតផលកសិកម្មរបស់កម្ពុជា ដែលអាចនាំចេញប្រទេសចិន រួមមាន៖ អង្ករ ដំឡូងមីក្រៀម គ្រាប់ស្វាយចន្ទី ចេក ផ្លែស្វាយ ពោត ផ្លែមៀនប៉ៃលិន (តាង៉ែន) ត្រីប្រា ម្រេច ផលិតផលជលផលពីធម្មជាតិចំនួន ១១ប្រភេទ និងផលិតផលជលផលចិញ្ចឹម ៤មុខទៀត៕