Alynana Media Cambodia
Icon Collap
RK Clinic
clinic narit

តម្លៃដីនៅទីក្រុងបាងកក និងតំបន់ជាយក្រុងនៅតែបន្តកើនឡើង

Media LNN | Aug 08, 2023
តម្លៃដីនៅទីក្រុងបាងកក និងតំបន់ជាយក្រុងនៅតែបន្តកើនឡើង
Clinic narith

តម្លៃដីធ្លីនៅក្នុងទីក្រុងបាងកក និងតំបន់ជាយក្រុង ដែលមានប្រជាពលរដ្ឋសរុបប្រមាណជាង ១០ លាននាក់ ត្រូវបានស្ថាប័នជំនាញថៃអះអាងថា នៅតែបន្តកើនឡើង ប៉ុន្តែទោះបី ជាយ៉ាងណាក៏ដោយ គឺនៅក្នុងល្បឿនមួយយឺតជាងពីមុនវិបត្តិនៃការរីករាលដាលដោយកូវីដ ១៩ ។ បច្ចុប្បន្ន តម្លៃដីដែលថ្លៃបំផុតនៅបាងកក គឺមានតម្លៃប្រមាណជា ២៥ ០០០ ដុល្លារនៅក្នុងមួយម៉ែត្រការ៉េ ខណៈដែលជាយក្រុងគឺអាចមានតម្លៃប្រមាណជា ៥០០ ដុល្លារនៅក្នុងមួយម៉ែត្រការ៉េ ។

តាមសារព័ត៌មាន The Nation បានឲ្យដឹងថា ធនាគារលំនៅដ្ឋានរដ្ឋាភិបាលថៃ (GHB Bank)បាននិយាយថា តម្លៃដីនៅទីក្រុងបាងកក និងជាយក្រុងរបស់ខ្លួនបានកើនឡើងខ្ពស់នៅក្នុងត្រីមាសទី ២ នៃឆ្នាំនេះ ប៉ុន្តែក្នុងល្បឿនយឺតជាងនៅត្រីមាសទីមួយ និងឆ្នាំមុន។

លោកបណ្ឌិត វីឆែ វីរ៉ាត់កាផាន ( Vichai Viratkapan) នាយកស្តីទីនៃមជ្ឈមណ្ឌលព័ត៌មានអចលនទ្រព្យរបស់ធនាគារខាងលើ បាននិយាយថា សន្ទស្សន៍តម្លៃដីដែលគ្មានការសាងសង់អគារនៅទីក្រុងបាងកក និងជាយក្រុងក្នុងត្រីមាសទីពីរឆ្នាំនេះ គឺនៅក្នុងកម្រិត ១៧៦,៥ ពិន្ទុ កើនឡើងប្រមាណជាជាង ៦% ប្រសិនបើប្រៀបធៀបកាលពីរយៈពេលដូចគ្នាកាលពីឆ្នាំមុន ប៉ុន្តែបើធៀបនឹងត្រីមាសទី១ គឺ ធ្លាក់ចុះ ២,៤% ។

លោកបាននិយាយថា អត្រានៃការកើនឡើងតម្លៃដីនៅទីក្រុងបាងកក និងជាយក្រុងមានល្បឿនយឺតជាងបើប្រៀបធៀបទៅនឹងតម្លៃមធ្យមរយៈពេលប្រាំឆ្នាំមុនការរាតត្បាតនៃមេរោគកូវីដ ១៩ និងត្រីមាសមុន។

ទោះយ៉ាងណា តម្លៃដីធ្លីបានកើនឡើងជិត ១៥% បើធៀបនឹងតម្លៃមធ្យមពីឆ្នាំ ២០១៥ដល់ឆ្នាំ២០១៩ ប៉ុន្តែកើនឡើងជាង៤%ប៉ុណ្ណោះ បើធៀបនឹងត្រីមាសទីមួយ។

លោក វីឆៃ បានអះអាងថា ការធ្លាក់ចុះនៃសេដ្ឋកិច្ចថៃនៅក្នុងឆមាសទីមួយនៃឆ្នាំនេះ និងការសម្រេចចិត្តរបស់ធនាគារកណ្តាលពាក់ព័ន្ធនឹងសេវាកម្មអចលនទ្រព្យ ស្ថានភាពបំណុលគ្រួសារខ្ពស់ និងនិន្នាការកើនឡើងនៃអត្រាការប្រាក់គឺសុទ្ធតែជះឥទ្ធិពលដល់ស្ថានភាពកំណើនបែបនេះ។

អ្នកជំនាញអចលនទ្រព្យរូបនេះ បាននិយាយទៀតថា អត្រាបំណុលគ្រួសារនៅថៃនៅតែខ្ពស់ ពោលគឺមានរហូតដល់ ៩០% នៃផលិតផលក្នុងស្រុកសរុប ខណៈដែលអត្រាការប្រាក់កើនឡើងបានធ្វើឱ្យមនុស្សស្ទាក់ស្ទើរក្នុងការទិញផ្ទះ រីឯអ្នកអភិវឌ្ឍន៍អចលនទ្រព្យក៏បានផ្អាកគម្រោងលំនៅដ្ឋានថ្មីចាប់ពីពេលនេះរហូតដល់ដំណាច់ឆ្នាំនេះផងដែរ។

លើសពីនេះ ការប្រកាសរបស់រាជរដ្ឋាភិបាលថៃ ក្នុងការចាប់ផ្ដើមប្រមូលពន្ធលើដីធ្លីក្នុងអត្រាពេញលេញចាប់ពីឆ្នាំនេះ ក៏បានធ្វើឲ្យអ្នកអភិវឌ្ឍន៍មានការស្ទាក់ស្ទើរក្នុងការទិញដីស្តុកទុកផងដែរ។

នៅពេលនេះតម្លៃដីដែលថ្លៃបំផុតគឺនៅតំបន់សុខុមវីត ដែលដីនោះទីនោះមានតម្លៃរហូតដល់ទៅ ជាង ២៥ ០០០ ដុល្លារនៅក្នុងមួយម៉ែត្រការ៉េ ហើយ តម្លៃដីនៅជាយក្រុងវិញជាមធ្យម គឺប្រមាណជា ៥០០ ដុល្លារ៕