Alynana Media Cambodia
Icon Collap
RK Clinic
clinic narit

ការនាំចេញ-នាំចូលរបស់កម្ពុជា សម្រេចជាង​២៧ពាន់លានដុល្លារ ធ្លាក់១៥ភាគរយ នា៧ខែ

Media LNN | Aug 12, 2023
ការនាំចេញ-នាំចូលរបស់កម្ពុជា សម្រេចជាង​២៧ពាន់លានដុល្លារ ធ្លាក់១៥ភាគរយ នា៧ខែ
Clinic narith

(ភ្នំពេញ)៖ ៧ខែមកនេះ ​ការធ្វើពាណិជ្ជកម្មរវាងកម្ពុជាជាមួយទីផ្សារពិភពលោក សម្រេចបានក្នុងទំហំទឹកប្រាក់ជាង ២៧ពាន់លានដុល្លារ។ ទំហំនេះ​គឺធ្លាក់ចុះ១៥,៦ភាគរយ ធៀបនឹងរយៈពេលដូចគ្នា កាលឆ្នាំ២០២២។​

យោងតាមទិន្នន័យពីអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ​​ចាប់ខែមករា ដល់ខែកក្កដា ​ការនាំទំនិញចេញរបស់កម្ពុជា​ គឺសម្រេចបាន​តម្លៃជាង១៣ពាន់លានដុល្លារ ថយចុះ១,៨ភាគរយ  ខណៈការនាំចូលវិញ ធ្លាក់ដល់២៥,៦ភាគរយ ពោល​ គឺសម្រេចបានក្នុងទំហំទឹកប្រាក់ជាង១៤ពាន់លានដុល្លារ ។

​ប្រទេស​ដែលមានទំហំពាណិជ្ជកម្មធំជាងគេជាមួយកម្ពុជា គឺប្រទេសចិន។ ប្រទេសទាំងពីរសម្រេចទំហំពាណិជ្ជកម្មរួមគ្នាជាង ៧ពាន់លានដុល្លារ កើនឡើង១,៨ភាគរយ ដោយក្នុងនោះ កម្ពុជានាំចេញទៅចិន​ មានជាង៨១៤លានដុល្លារ ​កើនឡើង១៦,២ភាគរយ​ និងការនាំចូលមកវិញ មានជាង៧ពាន់លានដុល្លារ កើនឡើងត្រឹម០.១ភាគរយ។

សហរដ្ឋអាម៉េរិកឈរនៅលំដាប់លេខ២ នៃដៃគូពាណិជ្ជកម្មជាមួយកម្ពុជា​ ដែលមានទំហំពាណិជ្ជកម្មប្រមាណ៥,៣ពាន់លានដុល្លារ ថយចុះ៩,៧ភាគរយ។  ចំពោះការនាំចេញរបស់កម្ពុជាទៅទីផ្សារលំដាប់ពិភពលោកមួយនេះ សម្រេចបានជាង៥,១ពាន់លានដុល្លារ ​ ធា្លក់៩,១ភាគរយ ខណៈការនាំចូលក៏ធ្លាក់២៨ភាគរយ​ផងដែរ។  

ដៃគូពាណិជ្ជកម្មធំលំដាប់លេខ៣របស់កម្ពុជានោះ គឺប្រទេសវៀតណាម ដែលសម្រេចបានជាង៣,៧ពាន់លានដុល្លារថយ១ភាគរយ។ ក្នុងនោះកម្ពុជា នាំចេញទៅវៀតណាមក្នុងតម្លៃ១,៥ពាន់លានដុល្លារ កើនឡើង ២០,៦ភាគរយ រីឯការនាំចូលវិញ​ថយចុះ១២,៨ភាគរយ។​ 

ទិន្នន័យពីអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជាដដែលបានបង្ហាញថា ក្នុងរយៈពេល៧ខែមកនេះ កម្ពុជា នាំចេញសម្លៀកបំពាក់បានក្នុងតម្លៃ៤,៤ពាន់លានដុល្លារ, ម៉ាស៊ីន និងឧបករណ៍អគ្គិសនីបានជាង១,៨ពាន់លានដុល្លារ, គ្រឿងសង្ហារឹមក្នុងតម្លៃ៥២៣លានដុល្លារ, ធញ្ញជាតិជាង៩១០លានដុល្លារ និងស្បែកជើង ប្រមាណ៨០០លានដុល្លារ៕