Alynana Media Cambodia
Icon Collap
RK Clinic
clinic narit

នាវាចម្បាំងរុស្ស៉ី បានបាញ់ព្រមានទៅលើកប៉ាល់ដឹកទំនិញនៅសមុទ្រខ្មៅ

Media LNN | Aug 14, 2023
នាវាចម្បាំងរុស្ស៉ី បានបាញ់ព្រមានទៅលើកប៉ាល់ដឹកទំនិញនៅសមុទ្រខ្មៅ
Clinic narith

(មូស្គូ)៖ ក្រសួងការពារជាតិរុស្ស៊ីបានឱ្យដឹងនៅថ្ងៃអាទិត្យនេះថា នាវាចម្បាំងរុស្ស៊ីមួយគ្រឿង បានបាញ់ព្រមានដោយអាវុធស្វ័យប្រវត្តិ ទៅកាន់កប៉ាល់ដឹកទំនិញស្ងួតមួយដែលមានទង់ជាតិប្រទេសប៉ាឡូ នៅថ្ងៃអាទិត្យសប្តាហ៍នេះ ខណៈដែលវាកំពុងធ្វើដំណើរឆ្ពោះទៅកាន់ប្រទេសអ៊ុយក្រែន នៅភាគនិរតីនៃសមុទ្រខ្មៅ។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃអាទិត្យ ទី១៣ ខែសីហា ឆ្នាំ២០២៣។

កាលពីខែមុន រុស្ស៊ីបានដកខ្លួនចេញពី កិច្ចព្រមព្រៀងសមុទ្រខ្មៅ ដែលសម្របសម្រួលដោយអង្គការសហប្រជាជាតិ និងតួកគី ដែលធានាថាអ៊ុយក្រែនអាចដឹកជញ្ជូនផលិតផលកសិកម្មរបស់ខ្លួន ទៅកាន់ទីផ្សារតាមរយៈសមុទ្រខ្មៅ ហើយបានព្រមានថា ខ្លួននឹងចាត់ទុកកប៉ាល់ទាំងអស់ដែលធ្វើដំណើរទៅកាន់ដែនទឹកអ៊ុយក្រែន ថាទំនងមានផ្ទុកអាវុធ។

រុស្ស៊ីបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា នាវាល្បាតរបស់ខ្លួនឈ្មោះថា Vasily Bykov បានបាញ់អាវុធស្វ័យប្រវត្តិ ដើម្បីព្រមានទៅកាន់កប៉ាល់ Sukru Okan បន្ទាប់ពីកាប់ពីទែនរបស់នាវានេះ បានបដិសេធក្នុងការឆ្លើយតបទៅនឹងសំណើសុំការត្រួតពិនិត្យ។

ក្រសួងការពារជាតិបានឱ្យដឹងទៀតថា នាវាខាងលើនេះធ្វើដំណើរឆ្ពោះទៅកាន់កំពង់ផែ Izmail របស់អ៊ុយក្រែន។ ទោះជាយ៉ាងណា ក្រសួងបានគូសបញ្ជាក់ថា បន្ទាប់ពីក្រុមត្រួតពិនិត្យបានបញ្ចប់ការងាររបស់ពួកគេរួចរាល់ ពួកគេក៏បានអនុញ្ញាតឱ្យនាវានោះ បានបន្តឡើងវិញ។

គួរបញ្ជាក់ថា អ៊ុយក្រែន និងលោកខាងលិចនិយាយថា ចំណាត់ការរបស់រុស្ស៊ី ស្មើនឹងការបិទច្រករបស់អ៊ុយក្រែន ដែលគំរាមកំហែងកាត់ផ្តាច់លំហូរនៃស្រូវសាលី និងគ្រាប់ផ្កាឈូករ័ត្ន ពីអ៊ុយក្រែនទៅកាន់ទីផ្សារពិភពលោក។

រុស្សី និងអ៊ុយក្រែនគឺជាប្រទេសផលិតកសិកម្មធំជាងគេពីររបស់ពិភពលោក និងជាតួអង្គសំខាន់នៅក្នុងទីផ្សារសម្រាប់ស្រូវសាលី ពោត គ្រាប់ផ្កាឈូករ័ត្ន និងគ្រាប់ធញ្ញជាតិដទៃជាប្រភេទទៀត។ រុស្ស៊ីក៏គ្រប់គ្រងទីផ្សារជីផងដែរ៕