Alynana Media Cambodia
Icon Collap
RK Clinic
clinic narit

ទំពាំងបារាំកំពុងមានទីផ្សារល្អនៅកម្ពុជា ដំណាំនេះអាចប្រមូលផលបានច្រើន​ឆ្នាំ

Admin Alynana | Aug 15, 2023
ទំពាំងបារាំកំពុងមានទីផ្សារល្អនៅកម្ពុជា ដំណាំនេះអាចប្រមូលផលបានច្រើន​ឆ្នាំ
Clinic narith

ទំពាំងបារាំង ជាដំណាំបន្លែមួយប្រភេទដែលមានអាយុកាលដាំដុះវែង អាចចាប់ផ្តើមប្រមូលផលក្រោយពីដាំដុះបាន ៥-៦ខែ និងអាចបន្តប្រមូលផលបានដល់អាយុ ១៥-២០ឆ្នាំ។ បន្លែទំពាំងបារាំង ភាគច្រើនមានដាំដុះ​នៅខេត្តមួយ​ចំនួនដូចជា ប៉ៃលិន បាត់ដំបង ត្បូងឃ្មុំ កំពង់ឆ្នាំង និងខេត្តតាកែវ។

អ្នកស្រី លឹម សុភាព កសិករដាំដំណាំទំពាំងបារាំង បានលើកឡើងថា អ្នកស្រី បានចំណាយលើការដាំដុះទំពាំង​បារាំងលើផ្ទៃដី ២ ៤០០ម៉ែតក្រឡា ក្នុងដើមទុនប្រហែល ៩ ២១០ ០០០រៀល លើការរៀបប្រព័ន្ធស្រោចស្រព សម្ភារៈ កម្លាំងពលកម្ម និងជីជាដើម។

កសិករដែលបានដាំដុះបន្លែទំពាំងបារាំង បានអះអាងដូច្នេះថា «កាលពីមុនដំបូងពេលគេមិនទាន់ស្គាល់រាងពិបាកលក់ តែមកដល់បច្ចុប្បន្នបន្លែទំពាំងមានទីផ្សារល្អ ងាយស្រួលលក់ និងមានតម្លៃថ្លៃ ទំពាំងមួយគីឡូក្រាមមានតម្លៃចាប់ពី ១១ ០០០ទៅ ១៣ ០០០រៀល អាស្រ័យទៅតាមរដូវកាល»។

បើតាមមន្ទីរកសិកម្ម ដីដែលល្អសម្រាប់ការដាំដុះដំណាំនេះ ត្រូវតែជាដីដែលមិនជាំទឹក ដោយសារវាមិន​ត្រូវការសារធាតុ​ចិញ្ចឹមច្រើនដូចដំណាំផ្សេងៗទៀតទេ ហើយធន់នឹងអាកាសធាតុរាំងស្ងួត ប៉ុន្តែវាទាមទារការថែទាំយកចិត្តទុកដាក់ខ្ពស់ ប្រើប្រាស់កម្លាំងពលកម្មច្រើនសម្រាប់សម្អាតស្មៅជាប្រចាំ ស្រោចស្រព និងការប្រមូលផលពន្លករៀងរាល់ថ្ងៃ មិនអាច​ទុក​ពន្លកទំពាំងឱ្យចាស់បានទេត្រូវដកចេញពីគុម្ព។

សម្រាប់ការដាំដុះលក្ខណៈអាជីវកម្ម ដំណាំនេះត្រូវការផ្ទៃដីដាំដុះធំជាងដំណាំបន្លែទូទៅ ព្រោះហេតុថា ក្នុងមួយគុម្ពអាច​ប្រមូលផលបានត្រឹម ១-៥ដើមក្នុងមួយដង ហើយត្រូវចំណាយដើមទុនច្រើនសម្រាប់ការដាំដុះដំបូង។

សូមបញ្ជាក់ថា បន្លែទំពាំងបារាំងជាប្រភពដ៏អស្ចារ្យនៃវីតាមីន ជាតិរ៉ែ និងប្រូតេអ៊ីនសំខាន់ៗ ហើយទំពាំងបារាំងមាន​បរិមាណកាឡូរីទាបបំផុត ដែលមិនមានកូលេស្តេរ៉ុលហើយមានជាតិសូដ្យូមទាបផងដែរ។ វាក៏ជាប្រភពសំបូរទៅ​ដោយជាតិសរសៃចំណីដែលចាំបាច់សម្រាប់រាងកាយ៕