Alynana Media Cambodia
Icon Collap
RK Clinic
clinic narit

អតីតនាយករដ្ឋមន្ត្រីថៃ លោក ថាក់ស៊ីន ត្រឡប់ចូលស្រុកវិញហើយ ក្រោយរស់នៅនិរទេសខ្លួនអស់១៥ឆ្នាំ

Media LNN | Aug 22, 2023
អតីតនាយករដ្ឋមន្ត្រីថៃ លោក ថាក់ស៊ីន ត្រឡប់ចូលស្រុកវិញហើយ ក្រោយរស់នៅនិរទេសខ្លួនអស់១៥ឆ្នាំ
Clinic narith

(បាងកក)៖ អតីតនាយករដ្ឋមន្ត្រីថៃ លោក ថាក់ស៊ីន ស៊ីណាវ៉ាត់ បានធ្វើដំណើរត្រឡប់មកដល់ប្រទេសថៃវិញហើយ នៅព្រឹកថ្ងៃអង្គារ ទី២២ ខែសីហានេះ បន្ទាប់ពីរស់នៅនិរទេសខ្លួនឯងនៅឯបរទេសអស់រយៈពេលជាង ១៥ឆ្នាំមកនេះ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP។

លោក ថាក់ស៊ីន បានធ្វើដំណើរទៅដល់អាកាសយានដ្ឋាន Don Mueang នៃទីក្រុងបាងកក នៅម៉ោង៩៖០០ព្រឹកនេះ តាមរយៈយន្ដហោះឯកជនមួយដែល បានចាកចេញដំណើរពីប្រទេសសិង្ហបុរី។ ក្រុមអ្នកគាំទ្រលោក ថាក់ស៊ីន រាប់ពាន់នាក់ស្លៀកពាក់អាវពណ៌ក្រហម បានប្រមូលផ្ដុំគ្នានៅក្បែរព្រលានយន្ដហោះ សម្រាប់យន្ដហោះឯកជន នៃអាកាសយានដ្ឋាន Don Mueang ដើម្បីរង់ចាំទទួលស្វាគមន៍អតីតនាយករដ្ឋមន្ត្រីថៃរូបនេះ។

លោក ថាក់ស៊ីន ដែលត្រូវបានយោធាធ្វើរដ្ឋប្រហារទម្លាក់ចេញពីអំណាច បានចាកចេញពីប្រទេសថៃកាលពីឆ្នាំ២០០៨ ដើម្បីគេចពីការផ្តន្ទាទោសដាក់ពន្ធនាគារ ១០ឆ្នាំ ពីបទចោទប្រកាន់ប្រព្រឹត្តអំពើពុករលួយ ដែលលោកផ្ទាល់ចាត់ទុកថាមានចេតនានយោបាយ។ ប៉ូលិសថៃក៏បានអះអាងដែរថា នឹងចាប់ខ្លួនលោក ថាក់ស៊ីនភ្លាមៗ នៅពេលលោកធ្វើដំណើរមកដល់អាកាសយានដ្ឋានទីក្រុងបាងកក៕