Alynana Media Cambodia
Icon Collap
RK Clinic
clinic narit

មន្ទីរកសិកម្មខេត្តត្បូងឃ្មុំ ចង់ជំរុញការដាំកាហ្វេឡើងវិញ ក្រោយអាក់ខានតាំងពីទស្សវត្សរ៍៦០

Media LNN | Aug 25, 2023
មន្ទីរកសិកម្មខេត្តត្បូងឃ្មុំ ចង់ជំរុញការដាំកាហ្វេឡើងវិញ ក្រោយអាក់ខានតាំងពីទស្សវត្សរ៍៦០
Clinic narith

(ភ្នំពេញ)៖ ធ្លាប់តែឮកាហ្វេមណ្ឌលគិរី ឬរតនគិរី តែពេលនេះនៅស្រុកមេមត់ ខេត្តត្បូងឃ្មុំ បានលេចវត្តមានដំណាំកាហ្វេសារជាថ្មី ក្រោយអាក់ខានតាំងពីទស្សវត្សរ៍​៦០។ ជាការពិតភូមិសាស្រ្តនេះមានដី និងអាកាសធាតុអំណាយផល ប៉ុន្តែគួរឱ្យស្ដាយដំណាំកាហ្វេមិនសូវមានអ្នកដាំច្រើននៅឡើយ។ ដូច្នេះ មន្ទីរកសិកម្មខេត្តត្បូងឃ្មុំ ចង់ជំរុញការដាំបន្ថែម ដើម្បីបញ្ចូលដំណាំប្រភេទនេះជាផលិតផលឈានមុខរបស់ខេត្ត។​

លោក ហេង ពិសិទ្ធ ប្រធានមន្ទីរកសិកម្ម រុក្ខប្រមាញ់ និងនេសាទខេត្តត្បូងឃ្មុំ បានឱ្យដឹងថា ស្រុកមេមត់ មានប្រវត្តិដាំកាហ្វេតាំងពីជំនាន់អាណានិគមនិយមបារាំងមកម្លេះ ប៉ុន្តែ ដោយសារគ្មានទីផ្សារ ទើបអាក់ខានទៅវិញ។  

ពីដំបូង លោកមិននឹកស្មានថា ស្រុកមេមត់ អាចដាំដុះកាហ្វេបាននោះទេ ប៉ុន្តែ ក្រោយស៊ើបសួរ និងពិនិត្យដល់ចម្ការ ឃើញថាភូមិសាស្រ្តមួយនេះមានដីល្អ និងអាកាសធាតុអំណាយផល ដែលអាចដាំកាហ្វេបានយ៉ាងល្អ។ បច្ចុប្បន្ន មានតែកសិករមួយគ្រួសារប៉ុណ្ណោះដែលបានដាំកាហ្វេឡើងវិញ ក្នុងផ្ទៃដីកន្លះហិកតា។  

លោក ហេង ពិសិទ្ធ ប្រាប់ដូច្នេះថា៖ «ខ្ញុំភ្ញាក់ផ្អើលដែរ នៅពេលឮព័ត៌មានថា ស្រុកមេមត់អាចដាំកាហ្វេបាន ហើយល្អទៀត។ មែនទែនទៅ យើងចង់បានដំណាំពិសេសៗនេះណាស់ ព្រោះកាហ្វេឥឡូវពេញនិយមណាស់»។   

ដោយសារ ទិន្នផលខ្ពស់ និងតម្លៃល្អគួរសម បានធ្វើឱ្យកសិករជាច្រើនទៀតក្នុងស្រុកមេមត់ ចាប់អារម្មណ៍លើការដាំដំណាំកាហ្វេនេះ ផងដែរ។​ នេះជាការអះអាងរបស់លោក ហេង ពិសិទ្ធ ដោយប្រាប់បន្ថែមថា ជំហានដំបូង លោក ត្រូវរកទីផ្សារសម្រាប់កសិករសិន មុនឈានដល់ពង្រីកការដាំដុះ។  

នាពេលខាងមុខ ប្រធានមន្ទីរកសិកម្មខេត្តត្បូងឃ្មុំរូបនេះ បានដាក់គោលដៅជំរុញការដាំកាហ្វេបន្ថែម ដើម្បីបញ្ចូលដំណាំប្រភេទនេះក្នុងផលិតឈានមុខរបស់ខេត្ត។ លោក ពិសិទ្ធ បន្ថែមដូច្នេះថា៖ «បើបានដំណាំកាហ្វេនេះក្នុងខេត្តត្បូងឃ្មុំទៀត ខ្ញុំគិតថាល្អ ព្រោះថា ដំណាំនេះមិនមែនចេះតែដាំនោះទេ គឺវារើសដី និងអាកាសធាតុណាស់។ ដូចបានដឹងហើយថា តំបន់ខ្ញុំអំណាយផល ដូច្នេះ គួរតែជំរុញការដាំដុះ និងផ្សព្វផ្សាយបន្ថែម ប៉ុន្តែ ឥឡូវនេះ ខ្ញុំចង់រកទីផ្សារឱ្យបានសិន»។ 

លោក ប៊ូ វុទ្ធី អ្នកដាំកាហ្វេនៅឃុំគគីរ ស្រុកមេមត់ បានឱ្យដឹងដែរថា ស្រុកមេមត់ មានដីក្រហមសម្បូរដោយជីជាតិ និងលក្ខខណ្ឌអាកាសធាតុល្អសម្រាប់ដំណាំកាហ្វេ។ លោក រំលឹកថា កាលពីសម័យសង្គម តំបន់នេះក៏មានអ្នកដាំកាហ្វេច្រើនដែរ ប៉ុន្តែ ពុំសូវមានអ្នកដឹង។ 

បុរសរូបនេះ ចាប់ផ្ដើមដាំកាហ្វេខ្ទង់ឆ្នាំ២០២០ លើផ្ទៃដី២ហិកតា។ ប៉ុន្តែ ក្រោយមក លោកបានកាប់ចោលវិញប្រមាណ១ហិកតាកន្លះ ដើម្បីដំណាំផ្សេង។ មូលហេតុដែលលោក កាប់ចោល ដោយសារតែកាហ្វេមានតម្លៃទាបជាងដំណាំផ្សេង និងហុចផលតែម្ដងគត់ក្នុងមួយឆ្នាំ។ 

យ៉ាងណា ក្រោយដាំបាន៣ឆ្នាំមកនេះ លោក វុទ្ធី កត់សម្គាល់ថា កាហ្វេហុចច្រើនជាងដំណាំដ៏ទៃ។ ជាក់ស្ដែង នៅឆ្នាំដំបូង លោកអាចប្រមូលបានផលប្រមាណ១តោន សម្រាប់ផ្ទៃដី២ហិកតា។ ចំពោះតម្លៃវិញ កាហ្វេដែលយកសំបកចេញរួច អាចលក់បាន១ម៉ឺនរៀលក្នុងមួយគីឡូក្រាម។ 

លោក បន្ថែមដូច្នេះថា៖ «ខ្ញុំបានដឹងថា​តំបន់នេះ ធ្លាប់មានគេដាំពីមុនមកដែរ ដូច្នេះ ទើបខ្ញុំយកពូជមកដាំបន្ត។ ដីតំបន់ខ្ញុំនេះល្អមែន ព្រោះពេលវាផ្លែម្ដងៗចង់បាក់មែក។ និយាយទៅ វាអំណាយផលលើកាហ្វេតែម្ដង»។  

បច្ចុប្បន្ន នៅស្រុកមេមត់ មិនទាន់មានអ្នកដាំកាហ្វេច្រើននៅឡើយទេ ដោយសារពួកគេបារម្ភគ្មានទីផ្សារ។ តែយ៉ាងណា​ ប្រសិនបើ ក្រសួងកសិកម្ម ឬមន្រ្តីពាក់ព័ន្ធ អាចផ្ដល់តម្លៃ និងទីផ្សារល្អដល់ដំណាំកាហ្វេ ជឿថានឹងមានអ្នកដាំកាន់តែច្រើន។ នេះជាការលើកឡើងរ​បស់លោក ប៊ូ វុទ្ធី៕