Alynana Media Cambodia
Icon Collap
RK Clinic
clinic narit

រាជរដ្ឋាភិបាលនឹងបញ្ចេញស្តុកអង្ករ ប្រសិនបើអង្ករបន្តកើនឡើងថ្លៃធ្វើឲ្យប៉ះពាល់ដល់ការចំណាយរបស់ពលរដ្ឋ

Media LNN | Aug 25, 2023
រាជរដ្ឋាភិបាលនឹងបញ្ចេញស្តុកអង្ករ ប្រសិនបើអង្ករបន្តកើនឡើងថ្លៃធ្វើឲ្យប៉ះពាល់ដល់ការចំណាយរបស់ពលរដ្ឋ
Clinic narith

(ភ្នំពេញ)៖ តម្លៃអង្ករនៅកម្ពុជាហាក់មានការកើនឡើងគួរឲ្យកត់សម្គាល់នៅមួយរយៈចុងក្រោយនេះ បន្ទាប់ពីតម្លៃស្រូវមានការកើនឡើងខ្ពស់ក្រោយមានការបញ្ជាទិញច្រើនពីប្រទេសជិតខាង។ ការកើនឡើងតម្លៃអង្ករវាជាល្អប្រសើរសម្រាប់កសិករ ដែលជាអ្នកផលិតស្រូវ តែវាក៏បានធ្វើឲ្យប្រជាពលរដ្ឋមួយចំនួន ដែលទិញអង្ករបរិភោគហាក់មានការរអ៊ូរទាំចំពោះការកើនឡើងនេះផងដែរ។

ពាក់ព័ន្ធការកើនឡើងតម្លៃអង្ករនេះ រាជរដ្ឋាភិបាលគ្រោងបញ្ចេញស្តុកអង្ករប្រសិនបើអង្ករបន្តឡើងថ្លៃរហូតដល់កម្រិតគួរព្រួយបារម្ភ ដែលអាចធ្វើឲ្យប៉ះពាល់ដល់ការចំណាយរបស់ប្រជាពលរដ្ឋ។ ការត្រៀមដាក់ចេញវិធានការបែបនេះ ធ្វើឡើងក្នុងគោលបំណងធ្វើយ៉ាងណាកុំឲ្យតម្លៃអង្ករ ដែលជាទំនិញយុទ្ធសាស្ត្រមានការឡើងខ្ពស់ពេក។ បើតាមការអះអាងរបស់មន្ត្រីជាន់ខ្ពស់នៃសហព័ន្ធស្រូវអង្ករកម្ពុជា តម្លៃស្រូវនៅឆ្នាំនេះមានកើនឡើងប្រមាណ៤០% បើធៀបនឹងតម្លៃកាលពីឆ្នាំមុន។

រាជរដ្ឋាភិបាលកម្ពុជានឹងបញ្ចេញស្តុកអង្ករប្រសិនបើតម្លៃអង្ករនៅកម្ពុជាបន្តកើនឡើងដល់កម្រិតដែលអាចធ្វើឲ្យប៉ះពាល់ដល់តម្រូវការ និងការចំណាយរបស់ប្រជាពលរដ្ឋ។ នេះបើតាមការគូសបញ្ជាក់របស់ឯកឧត្តម ប៉ែន សុវិជាតិ រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម ដែលបានបន្ថែមថា គម្រោងបញ្ចេញស្តុកអង្ករនេះ គឺដើម្បីចូលរួមរក្សាស្ថិរភាពតម្លៃអង្ករឲ្យស្ថិតក្នុងកម្រិតមួយ ដែលប្រជាពលរដ្ឋអាចទទួលយកបាន។ ការត្រៀបបញ្ចេញស្តុកអង្ករនេះ ធ្វើឡើងក្រោយក្រសួងពាណិជ្ជកម្មសង្កេតឃើញមានប្រជាពលរដ្ឋមួយចំនួនមានការរអ៊ូរទាំចំពោះការកើនឡើងថ្លៃអង្ករនៅមួយរយៈចុងក្រោយនេះ។

គួរបញ្ជាក់ថា ក្រសួងពាណិជ្ជកម្មដែលជាសេនាធិការរបស់រាជរដ្ឋាភិបាលតែងតែបញ្ចេញស្តុកទំនិញចាំបាច់មួយចំនួននៅពេលដែលតម្លៃទំនិញទាំងនោះមានការកើនឡើង។ ជាក់ស្តែងក្នុងអំឡុងពេលវិបត្តិកូវីដ-១៩ កន្លងទៅ ក្រសួងពាណិជ្ជកម្មបានបញ្ចេញស្តុកអង្ករ និងគ្រឿងឧបភោគបរិភោគដូចជាមី ត្រីខ ទឹកត្រី និងទឹកស៊ីអ៊ីវជាដើមដាក់លក់ជូនប្រជាពលរដ្ឋក្នុងតំបន់បិទខ្ទប់ ដែលទទួលរងការឆ្លងរាតត្បាតកូវីដ-១៩ ខ្លាំង។ ការចាត់វិធានការបែបនេះ គឺដើម្បីរួមចំណែកកាត់បន្ថយការចំណាយរបស់ប្រជាពលរដ្ឋ ក៏ដូចជាទប់ស្កាត់កុំឲ្យតម្លៃទំនិញទាំងនោះមានការកើនឡើងខ្លាំងពេក។

ពាក់ព័ន្ធការកើនឡើងតម្លៃអង្ករនេះដែរ លោក លន់ យ៉េង អគ្គលេខាធិការនៃសហព័ន្ធស្រូវអង្ករកម្ពុជាបានគូសបញ្ជាក់ថា តម្លៃអង្ករមានកើនឡើងនេះបានជះឥទ្ធិពលវិជ្ជមានផង និងអវិជ្ជមានផង។ ឥទ្ធិពលវិជ្ជមាន គឺបានធ្វើឲ្យប្រជាកសិករដែលជាអ្នកផលិតស្រូវមានការសប្បាយចិត្ត ដ្បិតចំណូលពួកគេមានការកើនឡើង ខណៈឥទ្ធិពលអវិជ្ជមាន គឺវាបានធ្វើឲ្យប៉ះពាល់ដល់ការចំណាយរបស់កម្មករ និយោជិត បុគ្គលិក មន្ត្រីរាជ និងកងកម្លាំងប្រដាប់អាវុធ ដែលមិនមែនជាអ្នកផលិតស្រូវ។ បើតាមការលើកឡើងរបស់លោក លន់ យ៉េង កត្តាដែលធ្វើឲ្យតម្លៃអង្ករនៅកម្ពុជាមានការកើនឡើង គឺដោយសារឆ្នាំនេះតម្លៃស្រូវមានកើនឡើងក្នុងរង្វង់៤០% បើធៀបនឹងតម្លៃស្រូវកាលពីឆ្នាំមុន បន្ទាប់ពីប្រទេសវៀតណាមសម្រុកមកទិញស្រូវពីកម្ពុជា ដើម្បីយកទៅកែច្នៃលក់បន្តឲ្យប្រទេសផ្សេងៗ ដែលកំពុងមានការព្រួយបារម្ភពីបាតុភូត អែលនីណូ។

សូមបញ្ជាក់ថា នៅក្នុងរយៈពេល៧ខែឆ្នាំ២០២៣នេះ កម្ពុជាបាននាំចេញកសិផលទៅក្រៅប្រទេស ក្នុងបរិមាណសរុបជាង៤លាន៥សែនតោន គិតជាទំហំទឹកប្រាក់សរុបជាង២ពាន់៦រយលានដុល្លារ។ ក្នុងនោះកម្ពុជាបាននាំចេញអង្ករជាង៣៦ម៉ឺនតោន ដែលមានទំហំជាង៣០០លានដុល្លារ និងនាំចេញស្រូវជាង១លាន៥សែនតោន ដែលស្មើនឹងទឹកប្រាក់ជាង៥០០លានដុល្លារ។ នេះបើយោងតាមរបាយការណ៍របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ៕