Alynana Media Cambodia
Icon Collap
RK Clinic
clinic narit

ឥណ្ឌា​ដាក់​កំហិត​បន្ថែម​ទៀត​លើ​ការ​នាំ​ចេញ​អង្ករ

Media LNN | Aug 29, 2023
ឥណ្ឌា​ដាក់​កំហិត​បន្ថែម​ទៀត​លើ​ការ​នាំ​ចេញ​អង្ករ
Clinic narith

ឥណ្ឌា ដែលជាប្រទេសនាំចេញអង្ករធំជាងគេលើពិភពលោក ទើបតែបានដាក់ចេញនូវការរឹតបន្តឹងបន្ថែមលើការនាំចេញអង្ករ ដើម្បីការពារការរត់គេចពន្ធលក់ផលិតផលនេះទៅក្រៅប្រទេស។

រដ្ឋាភិបាល​ឥណ្ឌា​នឹង​កំណត់​តម្លៃ​អង្ករ១២០០ដុល្លារ​ក្នុង​មួយ​តោន​លើ​ការ​នាំ​ចេញ​អង្ករ basmati (អង្ករ​ដ៏​ពេញ​និយម​នៅ​អាស៊ី​ខាង​ត្បូង) ដើម្បី​ការពារ​ការ​រត់ពន្ធ​អង្ករ​ស​ដែល​ត្រូវ​បាន​ហាមឃាត់​មិន​ឱ្យ​នាំ​ចេញ។ 

ក្រសួងពាណិជ្ជកម្មឥណ្ឌាបានរកឃើញថា តម្លៃដែលលក់ចេញក្នុងករណីខ្លះមានត្រឹមតែ ៣៥៩ដុល្លារក្នុងមួយតោនដែលទាបជាងតម្លៃនាំចេញជាមធ្យម ១២១៤ដុល្លារនៅខែនេះ។ ក្រោយពីកំណត់​តម្លៃតាម​កិច្ចសន្យា​ ហើយរកឃើញមានការលក់​ក្រោមតម្លៃ ១ ២០០ ដុល្លារ​ក្នុង​មួយ​តោន ​រដ្ឋាភិបាល​នឹង​ចាត់វិធានការ។ ចំណាត់ការនេះធ្វើឡើងបន្ទាប់ពីឥណ្ឌាបានដាក់ពន្ធ ២០ភាគរយលើការនាំចេញអង្ករសំរូបកាលពីថ្ងៃទី ២៥ ខែសីហា។ ពន្ធលើការ​នាំ​ចេញ​អង្ករ​សំរូបនេះ ​នឹង​ត្រូវ​អនុវត្ត​រហូត​ដល់​ថ្ងៃ​ទី​១៥ ខែ​តុលា។

ឥណ្ឌាដែលមានចំនួនប្រហែល ៤០ភាគរយនៃការនាំចេញអង្ករពិភពលោកក្នុងឆ្នាំ ២០២២ បច្ចុប្បន្នបានហាមឃាត់ ឬដាក់កម្រិតមួយចំនួនលើការនាំចេញអង្ករ។

កាលពីដើមខែនេះ តម្លៃអង្ករនៅអាស៊ីបានកើនឡើងដល់កម្រិតខ្ពស់បំផុតក្នុងរយៈពេលជិត ១៥ឆ្នាំ ហើយអាចឡើងខ្ពស់បន្តទៀតដោយសារការបង្កើនថ្លៃដើមសម្រាប់ប្រទេសនាំចូលដូចជាហ្វីលីពីន និងប្រទេសមួយចំនួនទៀតនៅក្នុងតំបន់។ វិធានការដែលធ្វើឡើងដោយឥណ្ឌានាពេលថ្មីៗនេះគឺ សំដៅរក្សាស្ថិរភាពតម្លៃក្នុងស្រុក។ យោងតាមប្រធានសមាគមអ្នកនាំចេញអង្ករឥណ្ឌាលោក BV Krishna Rao ការសម្រេចចិត្តដាក់ពន្ធលើអង្ករសំរូប នឹងធ្វើឱ្យតម្លៃអង្ករក្នុងស្រុកនឹងធ្លាក់ចុះដែលរួមចំណែកដល់ការគ្រប់គ្រងអតិផរណាតម្លៃម្ហូបអាហារ។ យ៉ាងណាមិញ តម្លៃ​អង្ករ​ពិភពលោក​នឹង​កើន​ឡើងហើយ​អ្នក​ទិញ​នឹង​ត្រូវ​ចំណាយប្រាក់​ច្រើន​ជាងមុន។ 

ការរឹតបន្តឹងរបស់ឥណ្ឌាកើតឡើងនៅពេលដែលតម្លៃអាហារនៅតែខ្ពស់ ដោយសារតែជម្លោះនៅអ៊ុយក្រែន និងការប្រែប្រួលអាកាសធាតុសកលដែលគំរាមកំហែងដល់ការផ្គត់ផ្គង់គ្រាប់ធញ្ញជាតិ និងប្រេង។

អង្ករសំរូបមានចំនួនប្រហែល ៣០ភាគរយនៃការនាំចេញអង្ករសរុបរបស់ឥណ្ឌា។ ប្រទេសនេះបានហាមឃាត់ការនាំចេញអង្ករបាក់ និងអង្ករសប្រភេទផ្សេងទៀត រួមទាំងរឹតបន្តឹងការនាំចេញស្រូវសាលី និងស្ករ និងរក្សាទុកគ្រាប់ធញ្ញជាតិមួយចំនួន៕