Alynana Media Cambodia
Icon Collap
RK Clinic
clinic narit

ស្រូវស្រាលបានឡើងថ្លៃរយៈពេលជាង ១ខែ ចន្លោះ ១១០០រៀល-១២០០រៀល ក្នុងមួយគីឡូ

Admin Alynana | Sep 08, 2023
ស្រូវស្រាលបានឡើងថ្លៃរយៈពេលជាង ១ខែ ចន្លោះ ១១០០រៀល-១២០០រៀល ក្នុងមួយគីឡូ
Clinic narith

ស្រូវស្រាលបានឡើងថ្លៃរយៈពេលជាង ១ខែមកហើយ ទើបតែថ្ងៃទី ០៧ កញ្ញា ម្សិលមិញ បានស្រុតចុះថ្លៃបន្តិច ប៉ុន្តែក៏ស្ទុះឡើងវិញភ្លាមៗផងដែរ។ នេះបើតាមលើកឡើងរបស់លោកស្រី គី មុនី នាយិកាគ្រប់គ្រងក្រុមហ៊ុន Amru Rice Cambodia។

លោកស្រី បានលើកឡើងដូច្នេះថា «ស្រូវរក្សារតម្លៃក្នុងខ្ទង់រង្វង់ ១១០០រៀល-១២០០រៀលឡើង ក្នុង១គីឡូ នោះកសិករក៏ចំណេញ អ្នកហូបក៏សប្បាយចិត្ត ក្រុមហ៊ុននាំចេញក៏ស្រួលរកទីផ្សារ (Long-term Focus )         »។

ជាមួយគ្នានេះ អ្នកនាំពាក្យក្រសួងកសិកម្មលោកជំទាវ អ៊ឹម រចនា បានលើកឡើងថា នៅលើទីផ្សារ តម្លៃស្រូវប្រែប្រួល​អាស្រ័យលើការផ្គត់ផ្គង់ និងតម្រូវការ។ កម្ពុជា ចាប់ផ្ដើមប្រមូលផលស្រូវបានលឿនជាងប្រទេសជិតខាង គឺជា​ឱកាស​មាស​សម្រាប់កសិករខ្មែរ ដែលអាចលក់ស្រូវសើមក្នុងតម្លៃខ្ពស់នៅក្នុងរយៈពេលប៉ុន្មានសប្ដាហ៍ចុងក្រោយនេះ។ 

អ្នកនាំពាក្យ បានគូសបញ្ជាក់ថា ថ្លៃស្រូវនៅកម្ពុជាមានតម្លៃក្នុងចន្លោះ ១១០០រៀល -១២០០រៀល/គីឡូក្រាម ជាតម្លៃមួយខ្ពស់ជាងតម្លៃដែលកសិករធ្លាប់លក់បាននាឆ្នាំកន្លងមក។ ការលក់ស្រូវចេញក្នុងតម្លៃជាង ១ ០០០រៀល​/គីឡូក្រាម នាពេលនេះ កសិករនៅតែអាចទទួលបានប្រាក់ចំណេញដដែល បើទោះបីជាមិន​ចំណេញ​ច្រើនដូច​កាលពីប៉ុន្មានសប្ដាហ៍មុនក៏ដោយ។

បើតាមអ្នកនាំពាក្យ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ កំពុងបន្តធ្វើការយ៉ាងជិតស្និទ្ធជាមួយវិស័យឯកជន និងសហព័ន្ធស្រូវអង្ករ ដើម្បីឈានទៅបើកទីផ្សារថ្មីៗបន្ថែមទៀត ដែលនឹងជួយធានាតម្លៃស្រូវអង្ករ​នៅកម្ពុជាឱ្យស្ថិត​នៅក្នុងកម្រិតមួយ ដែលទាំងកសិករ និងអ្នកវិនិយោគអាចទទួលបានផលចំណេញសមរម្យ។

ទន្ទឹមគ្នានេះ ក្រសួងក៏កំពុងទាក់ទាញវិនិយោគិន ឱ្យមកដាក់ទុនវិនិយោគនៅកម្ពុជា ជាពិសេសលើផ្នែកធាតុចូលកសិកម្ម ដូចជា ការផលិតពូជស្រូវសុទ្ធ ជី ថ្នាំកម្ចាត់សត្វល្អិតជាដើម សំដៅឈានទៅកាត់បន្ថយការចំណាយរបស់អ៊ំពូមីងកសិករ និងបង្កើនផលចំណេញ។ 

ការងារទាំងអស់នេះ ជាការពិត គឺជាភារកិច្ច ជាការទទួលខុសត្រូវរបស់មន្ដ្រីនៃក្រសួងកសិកម្មគ្រប់ជាន់ថ្នាក់ ហើយវានឹង​អាចដំណើរការបានកាន់តែរលូនថែមទៀត ប្រសិនមានការរួមគ្នាជាធ្លុងមួយពីសំណាក់ប្រជាកសិករខ្មែរ៕