Alynana Media Cambodia
Icon Collap
RK Clinic
clinic narit

រដ្ឋមន្រ្តីការបរទេសចិន និងរុស្ស៊ី បានប្តេជ្ញាការពារសណ្តាប់ធ្នាប់អន្តរជាតិ និងពិភពលោក

Media LNN | Sep 19, 2023
រដ្ឋមន្រ្តីការបរទេសចិន និងរុស្ស៊ី បានប្តេជ្ញាការពារសណ្តាប់ធ្នាប់អន្តរជាតិ និងពិភពលោក
Clinic narith

រដ្ឋមន្រ្តីការបរទេសចិន និងរុស្ស៊ី នៅថ្ងៃទី១៨ ខែកញ្ញា បានប្តេជ្ញាការពារសណ្តាប់ធ្នាប់អន្តរជាតិ និងពិភពលោកបែបពហុប៉ូលនៅចំពោះមុខការស្វះស្វែងរកអនុត្តរភាពនិយម និងការប្រឈមមុខបែបប្លុករបស់ប្រទេសមួយចំនួន។

លោកវ៉ាង យី ប្រធានការិយាល័យគណៈកម្មការកិច្ចការបរទេសនៃបក្សកុម្មុយនីស្ត និងជារដ្ឋមន្រ្តីការបរទេសចិន បានចាប់ផ្តើមបំពេញទស្សនកិច្ចនៅរុស្ស៊ី ចាប់ពីថ្ងៃទី១៨ ដល់ថ្ងៃទី២១ ខែកញ្ញា សម្រាប់កិច្ចពិភាក្សាសន្តិសុខយុទ្ធសាស្រ្តនៃប្រទេសជិតខាងទាំងពីរ។ ក្នុងជំនួបជាមួយសមភាគីរុស្ស៊ី លោក ស៊ែហ្គេយ៍ ឡាវរ៉ូវ រដ្ឋមន្រ្តីការបរទេសចិន បានចាប់ផ្តើមកិច្ចសន្ទនាតាមរយៈការសាទរកិច្ចសហប្រតិបត្តិយុទ្ធសាស្រ្ត ​និងប្តេជ្ញាការពារសណ្តាប់ធ្នាប់អន្តរជាតិ រួមទាំងពិភពលោកបែបពហុភាគី។ 

«នៅពេលការបំពានបែបសកម្មភាពជាឯកតោភាគីក្នុងការស្វះស្វែងរកអនុត្តរភាពនិយម និងការប្រឈមបែបប្លុកកាន់តែខ្លាំងឡើង វាពិតជាសំខាន់ណាស់សម្រាប់ ក្នុងការបន្តធ្វើការជាមួយគ្នា, បង្ហាញពីតួនាទីរបស់ប្រទេសមហាអំណាច និងបំពេញកាតព្វកិច្ចអន្តរជាតិរបស់យើង»។
មន្រ្តីការទូតជាន់ខ្ពស់ចិន បានសង្កត់ធ្ងន់បែបនេះទៅកាន់លោក ឡាវរ៉ូវ នៅថ្ងៃទី១៨ ខែកញ្ញា ដោយបន្តថា រដ្ឋាភិបាលក្រុងប៉េកាំង​ និងក្រុងមូស្គូ ជាសមាជិកអចិន្រ្តៃយ៍នៃអង្គការសហប្រជាជាតិ មានការទទួលខុសត្រូវខ្ពស់ ក្នុងការថែរក្សាការអភិវឌ្ឍសកល និងស្ថិរភាពយុទ្ធសាស្រ្តសកល។ 

បើទោះមិនបានបញ្ជាក់ពីប្រទេសណាមួយ ប៉ុន្តែមន្រ្តីចិនរូបនេះ ទំនងសំដៅដល់ប្រទេសលោកខាងលិច ជាពិសេសអាម៉េរិក។ 

បន្ថែមពីនេះ លោកវ៉ាង បានបញ្ជាក់យ៉ាងច្បាស់ៗថា កិច្ចសហប្រតិបត្តិការរវាងចិន និងរុស្ស៊ី មិនបានប្រឆាំងដោយផ្ទាល់លើបណ្តាប្រទេសណាមួយឡើយ ហើយក៏មិនបានរងឥទ្ធិពលពីភាគីណាមួយដែរ។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន AP។ 

ជាការឆ្លើយតប រដ្ឋមន្រ្តីការបរទេសរុស្ស៊ី បានលើកឡើងពីភាពចាំបាច់នៃកិច្ចសហប្រតិបត្តិការរវាងរដ្ឋាភិបាលក្រុងមូស្គូ និងក្រុងប៉េកាំង ដើម្បីធានាយុត្តិធម៌នៅក្នុងកិច្ចការពិភពលោក និងផលប្រយោជន៍ទៅវិញទៅមក។ 

ទស្សនកិច្ចទៅរុស្ស៊ី ធ្វើឡើងក្រោយលោកវ៉ាង បានជួបជាមួយទីប្រឹក្សាសន្តិសុខជាតិសេតវិមាន លោក Jake Sullivan នៅប្រទេសម៉ាល់ត៍នៅថ្ងៃទី១៦ និងថ្ងៃទី១៧ ខែកញ្ញា និងក្រោយទស្សនកិច្ចរបស់លោក គីម ជុងអ៊ុនមេដឹកនាំកូរ៉េខាងជើង នៅរុស្ស៊ី។ មន្រ្តីការទូតប្រទេសទាំងពីរ ក៏បានចែករំលែកពីជំនួប និងដំណើរទស្សនកិច្ចទាំងនោះផង។ 

ក្នុងថ្ងៃដដែលនោះ រដ្ឋមន្រ្តីការបរទេសអាម៉េរិក លោក អាន់តូនី ប្លីងខិន ក៏បានជួបជាមួយអនុប្រធានាធិបតីចិន លោក Han Zheng នៅក្នុងក្រុងញូវយ៉កដែរ។ ក្នុងជំនួបនេះ អនុប្រធានាធិបតីចិន បានជំរុញឱ្យអាម៉េរិក បន្តរក្សាកិច្ចពិភាក្សា ដើម្បីថែរក្សាស្ថិរភាពក្នុងទំនាក់ទំនងប្រទេសទាំងពីរ។

ចំណែកលោកប្លីងខិនវិញ បានអះអះអាងថា ការទូតជួបមុខផ្ទាល់ ជារឿងដ៏ល្អបំផុតសម្រាប់ប្រទេសទាំងពីរ ក្នុងការជជែកពីបញ្ហា ដែលខ្វែងគំនិតគ្នា ហើយក៏ជាឱកាសក្នុងការរុករកសក្តានុពល ដែលប្រទេសទាំងពីរ អាចមានជាមួយគ្នាផង។

ជំនួបនៅមូស្គូ ក៏ជជែកពីគម្រោងទស្សនកិច្ចរបស់ប្រធានាធិបតី វ៉ា្លឌីមៀ ពូទីន ទៅចិននៅខែតុលាខាងមុខដែរ៕