Alynana Media Cambodia
Icon Collap
RK Clinic
clinic narit

រដ្ឋាភិបាលឡាវ គ្រោងលែងនាំចូលបន្លែត្រីសាច់ នឹងផ្ដោតលើផលិតផលក្នុងប្រទេសវិញ

Admin Alynana | Sep 21, 2023
រដ្ឋាភិបាលឡាវ គ្រោងលែងនាំចូលបន្លែត្រីសាច់ នឹងផ្ដោតលើផលិតផលក្នុងប្រទេសវិញ
Clinic narith

ក្រសួងកសិកម្ម និងរុក្ខាប្រមាញ់ឡាវស្នើឲ្យរដ្ឋាភិបាលហាមឃាត់ការនាំចូលបន្លែ និងផលិតផលកសិកម្មមួយចំនួនទៀត ដើម្បីជំរុញផលិតកម្មក្នុងស្រុក និងប្រយុទ្ធប្រឆាំងនឹងអតិផរណា ។

ក្រសួងស្នើឲ្យមានការហាមឃាត់ការនាំចូលបន្លែមួយចំនួនដូចជា ស្ពៃក្តោប ខាត់ណា ខ្ទឹមបារាំង ខ្ទឹមស ប៉េងប៉ោះ ម្ទេសប្លោក ដំឡូងបារាំង ការ៉ុត និងឆៃថាវក្រហមជាដើម ។

ក្រៅពីបន្លែ​ ក៏មានការហាមឃាត់​នាំចូលសាច់ជ្រូក សាច់គោ និងផលិតផលត្រីមួយចំនួនផងដែរ លើកលែងតែសាច់ដែលមានតម្លៃថ្លៃ ដូចជា សាច់ចៀម និងសត្វអូដ្ឋប៉ុណ្ណោះ ខណៈការនាំចូលអាហារសមុទ្រ នឹងបន្តអនុញ្ញាតដូចធម្មតា ​។  

ចំណែកមូលហេតុដែលស្នើឲ្យមានការហាមឃាត់នេះ​ មន្ត្រីក្រសួងកសិកម្ម និងរុក្ខាប្រមាញ់ឡាវបញ្ជាក់ថា ដោយសារតែឡាវអាចមា​នលទ្ធភាពគ្រប់គ្រាន់​សម្រាប់បំពេញ​តម្រូវការក្នុងស្រុកបាន ។ ម្យ៉ាងទៀតកសិករអាចផលិតអង្ករ បន្លែ និងកសិផលផ្សេងទៀតបានប្រហែល ៦.៥៣ លានតោនជារៀងរាល់ឆ្នាំ ដូច្នេះវាអាចផ្តល់លទ្ធភាពឲ្យការប្រើប្រាស់ជាមធ្យមក្នុងមនុស្សម្នាក់ចំនួន ៦៨.២ គីឡូក្រាមក្នុងមួយឆ្នាំ ។

ទោះជាយ៉ាងនេះក្តី វាក៏នៅមានហានិភ័យមួយចំនួនផងដែរ ដោយសារតែកសិករឡាវភាគច្រើននៅតែប្រើវិធីធ្វើកសិកម្មបែបប្រពៃណី ស្របពេលដែលការផលិត និងការស្តុកទុកស្បៀងអាហារជាចម្បងសម្រាប់គ្រួសារមានតែមួយចំណែកតូចប៉ុណ្ណោះសម្រាប់លក់នៅលើទីផ្សារ ។

ដូច្នេះ ដើម្បីដោះស្រាយបញ្ហាប្រឈមសេដ្ឋកិច្ចរបស់ប្រទេស រដ្ឋាភិបាលកំពុងជំរុញឲ្យកសិករ និងអាជីវកម្ម បង្កើនផលិតកម្មស្បៀងសម្រាប់ការប្រើប្រាស់ក្នុងស្រុក និងការនាំចេញ ព្រោះវានឹងបង្កើតរូបិយប័ណ្ណបរទេស និងជួយកាត់បន្ថយអត្រាប្តូរប្រាក់ខ្ពស់ជាដើម ។

យោងតាមពាណិជ្ជកម្មឡាវបានឲ្យដឹងថា ការនាំចូល និងនាំចេញមានលើសពី ១ ពាន់លានដុល្លារក្នុងខែកក្កដា ។ ក្នុងនោះការនាំចេញមានតម្លៃ ៤២៩ លានដុល្លារ ហើយការនាំចូលមានចំនួន ៥៩៥ លានដុល្លារ ខណៈឱនភាពពាណិជ្ជកម្មមាន ១៦៦ លានដុល្លារ ៕