Alynana Media Cambodia
Icon Collap
RK Clinic
clinic narit

រាជរដ្ឋាភិបាលដាក់ឲ្យអនុវត្តជាផ្លូវការ ពីការផ្ទេរមុខងារវិស័យអប់រំ ទៅឱ្យរដ្ឋបាលក្រុង-ស្រុក-ខណ្ឌ

Admin Alynana | Sep 22, 2023
រាជរដ្ឋាភិបាលដាក់ឲ្យអនុវត្តជាផ្លូវការ ពីការផ្ទេរមុខងារវិស័យអប់រំ ទៅឱ្យរដ្ឋបាលក្រុង-ស្រុក-ខណ្ឌ
Clinic narith

(ភ្នំពេញ)៖ ឯកឧត្តមអភិសន្ដិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ និងឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងអប់រំ យុវជន និងកីឡា ផ្សព្វផ្សាយ និងដាក់ឱ្យអនុវត្តអនុក្រឹត្យ ស្ដីពីការផ្ទេរមុខងារក្នុងវិស័យអប់រំ យុវជន និងកីឡា ទៅឱ្យរដ្ឋបាលក្រុង ស្រុក ខណ្ឌ ដែលរៀបចំឡើងដោយ គណៈកម្មាធិការជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យ នៅថ្នាក់ក្រោមជាតិ (គ ជ អ ប) ។

ក្នុងពិធីផ្សព្វផ្សាយអនុក្រឹត្យនេះដែរ ក៏មានការអញ្ជើញចូលរួមពី ឯកឧត្តមទេសរដ្ឋមន្ដ្រី រដ្ឋមន្ដ្រី ក្រសួង-ស្ថាប័ននានា, ឯកឧត្តម-លោកជំទាវ រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ, អភិបាលរាជធានី-ខេត្ត, អភិបាលស្រុក-ខណ្ឌ និងអ្នកពាក់ព័ន្ធជាច្រើនរូបទៀតសរុបប្រមាណជា ៦២០នាក់ ។

ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន មានប្រសាសន៍ថា ការផ្សព្វផ្សាយ និងការដាក់ឱ្យអនុក្រឹត្យស្ដីពី ការផ្ទេរមុខងារក្នុងវិស័យអប់រំ យុវជន និងកីឡា ទៅឱ្យរដ្ឋបាលក្រុង-ស្រុក-ខណ្ឌ នាពេលនេះ គឺជាព្រឹត្តិការណ៍ដ៏មានសារៈសំខាន់ ប្រកបដោយមានអត្ថន័យយ៉ាងជ្រាលជ្រៅ និងបង្ហាញអំពីវឌ្ឍនភាពថ្មីមួយទៀត ក្នុងការអនុវត្តកម្មវិធីកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ និងកំណែទម្រង់វិស័យអប់រំ ព្រមទាំងបង្ហាញអំពីឆន្ទៈ និងការប្ដេជ្ញាចិត្តរបស់រាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៧ ក្នុងការគាំទ្រវិស័យអប់រំ យុវជន និងកីឡា ។

ឯកឧត្តមបណ្ឌិតសភាចារ្យ បានបន្តថា ការផ្ទេរភារកិច្ចនេះធ្វើឡើង ក្នុងគោលបំណងធ្វើឲ្យប្រសើរឡើងនូវការគ្រប់គ្រង និងការផ្តល់សេវាអប់រំ យុវជន និងកីឡា ប្រកបដោយប្រសិទ្ធភាព គុណភាព គណនេយ្យភាព តម្លាភាព បរិយាប័ន្ន និងសមធម៌សង្គម តាមរយៈការបង្ខិតការសម្រេចចិត្ត ខ្សែគណនេយ្យភាព និងការទទួលខុសត្រូវក្នុងការគ្រប់គ្រង និងការផ្តល់ សេវាទាំងនេះទៅឲ្យរដ្ឋបាលក្រុង ស្រុក ខណ្ឌទូទាំងប្រទេស។

រដ្ឋមន្ដ្រីក្រសួងអប់រំ បានបន្ថែមថា បើទោះបីរាជរដ្ឋាភិបាលកម្ពុជា បានសម្រេចប្រគល់ភារកិច្ចគ្រប់គ្រងការងារនេះទៅឲ្យរដ្ឋបាលក្រុង ស្រុក ខណ្ឌ ក៏ពិតមែន ប៉ុន្ដែក្រសួងអប់រំ យុវជន និងកីឡា នៅតែទទួលខុសត្រូវខាងផ្នែកអប់រំដដែល ហើយគ្រប់ភាគីពាក់ព័ន្ធទាំងអស់ ត្រូវបន្ដសហការគ្នាដើម្បីលើកកម្ពស់វិស័យអប់រំ។  ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានបញ្ជាក់ថា រដ្ឋាភិបាលមិនមែនប្រគល់តែសិទ្ធិអំណាចនោះទេ ពោលធនធានហិរញ្ញវត្ថុ និងទ្រព្យសម្បត្តិរដ្ឋ ក៏ដែលត្រូវផ្ទេរទៅឲ្យរដ្ឋបាលក្រុង ស្រុក ខណ្ឌផងដែរ ៕