Alynana Media Cambodia
Icon Collap
RK Clinic
clinic narit

ព្រឹកថ្ងៃនេះ នាយករដ្ឋមន្រ្តីថៃ សេដ្ឋា ថាវីស៉ីន នឹងអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជា

Media LNN | Sep 28, 2023
ព្រឹកថ្ងៃនេះ នាយករដ្ឋមន្រ្តីថៃ សេដ្ឋា ថាវីស៉ីន នឹងអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជា
Clinic narith

 

(ភ្នំពេញ)៖ តបតាមការអញ្ជើញរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា លោក សេដ្ឋា ថាវីស៉ីន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រថៃ នឹងអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវការលើកដំបូង នៅព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៣ វេលាម៉ោងប្រមាណជាង១០៖៣០នាទី។

ក្នុងអំឡុងពេលទស្សនកិច្ចនៅកម្ពុជា លោកនាយករដ្ឋមន្រ្តីថៃ នឹងអញ្ជើញដាក់កម្រងផ្កាគោរពវិញ្ញាណក្ខន្ធនៅវិមានឯករាជ្យ និងអញ្ជើញគោរពព្រះវិញ្ញាណក្ខន្ធ ព្រះករុណា ព្រះបាទ សម្តេចព្រះនរោត្តម សីហនុ «ព្រះបរមរតនកោដ្ឋ» អតីតព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា នៅមណ្ឌបព្រះបរមរូប។

នាយករដ្ឋមន្ត្រីទាំងពីរនឹងមានជំនួបទ្វេភាគី ក្នុងគោលបំណងកំណត់ទិសដៅសកម្មភាព ដើម្បីធ្វើឱ្យកាន់តែស៉ីជម្រៅ និងពង្រីកបន្ថែមទៀតនូវកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ ដែលផ្ដល់ផលប្រយោជន៍ទៅវិញទៅមក ក្នុងក្របខ័ណ្ឌទ្វេភាគី និងពហុភាគី។ ភាគីទាំងពីរក៏នឹងផ្លាស់ប្តូរទស្សនៈ ស្តីពីបញ្ហាតំបន់ និងអន្តរជាតិ ដែលជាផលប្រយោជន៍និងក្តីបារម្ភរួម។ បន្ថែមពីនេះ ថ្នាក់ដឹកនាំទាំងពីរនឹងធ្វើការប្រគល់ទទួលនូវ «មជ្ឈមណ្ឌលសំចតនិងស្តារនីតិសម្បទាសម្រាប់ជនរងគ្រោះដោយអំពើជួញដូរមនុស្សនិងក្រុមជនងាយរងគ្រោះដទៃទៀត» ដែលមានទីតាំងស្ថិតនៅក្រុងប៉ោយប៉ែត ដែលជាគំនិតផ្តួចផ្តើមនៃកិច្ចសហប្រតិបត្តិការទ្វេភាគី។

លោក សេដ្ឋា ថាវីស៉ីន នឹងអញ្ជើញចូលជួបសម្តែងការគួរសមដាច់ដោយឡែកចំពោះសម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រមុខរដ្ឋស្តីទី និងជាប្រធានព្រឹទ្ធសភា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងសម្តេចមហារដ្ឋសភាធិការ ធិបតី ឃួន សុដារី ប្រធានរដ្ឋសភា។

ដំណើរទស្សនកិច្ចផ្លូវការលើកដំបូងរបស់ លោកនាយករដ្ឋមន្ត្រី សេដ្ឋា ថាវីស៉ីន មកកាន់កម្ពុជានឹងពង្រឹងបន្ថែមទៀតនូវចំណងមិត្តភាពជាប្រពៃណី និងលើកកម្ពស់កិច្ចសហប្រតិបត្តិការពហុវិស័យ រវាងប្រទេសទាំងពីរ ស្របតាមស្មារតីនៃ «ការពង្រឹងភាពជាដៃគូដើម្បីសន្តិភាពនិងវិបុលភាព» ដែលផ្តល់ផលប្រយោជន៍ទៅវិញទៅមកសម្រាប់ប្រជាជននៃប្រទេសទាំងពីរ ព្រមទាំងរួមចំណែកដល់ការលើកកម្ពស់សន្តិភាព ស្ថិរភាព និងវិបុលភាព ក្នុងសហគមន៍អាស៊ាន និងអន្តរជាតិ។

សូមបញ្ជាក់ថា កម្ពុជា និងថៃបង្កើតទំនាក់ទំនងការទូតជាផ្លូវការ​នៅថ្ងៃទី១៩ ខែធ្នូ ឆ្នាំ១៩៥០។ ទំនាក់ទំនងនេះ ត្រូវបានផ្អាកទៅវិញ​នៅឆ្នាំ១៩៦២ និងភ្ជាប់ឡើងវិញនៅឆ្នាំ១៩៩១។ កម្ពុជា និងថៃ មានព្រំដែនជាប់គ្នាប្រវែង​ប្រមាណ ៨១៧គីឡូម៉ែត្រ ខេត្តខ្មែរជាប់ព្រំដែនថៃ រួមមាន៖ កោះកុង ពោធិ៍សាត់ បាត់ដំបង បៃលិន បន្ទាយមានជ័យ ព្រះវិហា​រ និងឧត្តរមានជ័យ។

បច្ចុប្បន្នកម្ពុជាមានច្រកទ្វារព្រំដែនជាមួយថៃ សរុបចំនួន ៤៣ច្រក ដើម្បី​សម្រួល​ដល់ការធ្វើដំណើរចេញ-ចូលរវាងប្រជាជន និងភ្ញៀវទេសចរ ការធ្វើ​ពាណិជ្ជកម្ម ការផ្លាស់ប្ដូរទំនិញ សេដ្ឋកិច្ច និងការដឹកជញ្ជូនរវាង​ប្រទេស​ទាំងពីរ។ ច្រកទាំង៤៣នេះ រួមមាន ច្រក​ទ្វារ​កំពង់ផែសមុទ្រចំនួន ៦ច្រក, ច្រកទ្វារអន្តរជាតិចំនួន ១១ច្រក, ច្រកទ្វារ​ទ្វេភាគីចំនួន ១ច្រក, និងច្រកទ្វារតំបន់ព្រំដែនចំនួន ១៤ច្រក។

ចំណងទំនាក់ទំនងមិត្តភាពជាប្រពៃណី ភាពជាអ្នកជិតខាងល្អ និងកិច្ចសហ​ប្រតិ​បត្តិការ​ជិតស្និទ្ធលើគ្រប់វិស័យរវាងប្រទេសទាំងពីរត្រូវបានពង្រឹង និង​ពង្រីក​​ឥតឈប់ឈរ និងបានឈានឡើងដល់កម្រិត «ភាពជាដៃគូសន្តិភាព និងវិបុលភាព»។

កម្ពុជា និងថៃ ក៏ជាដៃគូពាណិជ្ជកម្មដ៏ធំផងដែរ។ ពាណិជ្ជកម្មរវាងកម្ពុជា និងប្រទេសថៃ ឆ្នាំ២០២២សម្រេចបានប្រមាណ ៤,៦៦ពាន់លានដុល្លារ (កម្ពុជានាំទៅថៃជាង ៨៣១លាន, នាំចូលពីថៃមានជិត ៤ពាន់លាន), ចាប់ពីខែមករា ដល់ខែសីហា ២០២៣ ទំហំពាណិជ្ជកម្មសរុបប្រមាណ ២,៥៨ពាន់លានដុល្លារ (កម្ពុជានាំទៅថៃ ៦៤៧លានដុល្លារ និងនាំចូលពីថៃជិត ២ពាន់លានដុល្លារ)។

កម្ពុជា និងប្រទេសថៃ មានបំណងសម្រេចការធ្វើពាណិជ្ជកម្មរួមគ្នាឱ្យបាន ១៥ពាន់លានដុល្លារនៅឆ្នាំ២០២៥។

តាមរយៈទំនាក់ទំនងនេះ ថៃ ក៏ជាប្រទេសដែលបានផ្តល់អាហារូបករណ៍​ជា​ច្រើ​ន​កន្លែងដល់និស្សិតកម្ពុជាផងដែរ។ ចាប់ពីឆ្នាំ១៩៩៥-ខែមីនា ឆ្នាំ​២០២៣ គម្រោងព្រះរាជឧបត្ថម្ភលើវិស័យអប់រំរបស់ព្រះអង្គម្ចាស់ក្សត្រី មហាចក្រី សិរិនថន មាននិស្សិតកម្ពុជាទទួលបានអាហារូបករណ៍​ថ្នាក់​បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិត ចំនួនសរុប ៣,២៤០នាក់, ពី TICA ចំនួន ១១នាក់ និងផ្សេងៗចំនួន ១៩នាក់។

គិតត្រឹមខែកក្កដា ឆ្នាំ២០២៣ និស្សិតខ្មែរដែលកំពុងសិក្សាថ្នាក់បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិត ទាំងទទួលបានអាហារូបករណ៍ និងបង់​ប្រាក់​នៅប្រទេសថៃ មានចំនួន ១,៥២៨នាក់។

កម្ពុជា និងថៃ ក៏មានកិច្ចសហប្រតិបត្តិការជាមួយគ្នាកិច្ចការជាច្រើនទៀត​លើ​ផ្នែកសន្តិសុខ និងការពារជាតិ វប្បធម៌ សុខាភិបាល ទេសចរណ៍ កសិកម្ម ការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ៕