Alynana Media Cambodia
Icon Collap
RK Clinic
clinic narit

ស្ថានភាពទឺកកំពុងឡើងខ្លាំ អាជ្ញាធរខេត្តបាត់ដំបងអំពាវនាវដល់ប្រជាពលរដ្ឋតាមដងស្ទឹងសង្កែ សូមមានការប្រុងប្រយ័ត្នខ្ពស់

Admin Alynana | Sep 28, 2023
ស្ថានភាពទឺកកំពុងឡើងខ្លាំ អាជ្ញាធរខេត្តបាត់ដំបងអំពាវនាវដល់ប្រជាពលរដ្ឋតាមដងស្ទឹងសង្កែ សូមមានការប្រុងប្រយ័ត្នខ្ពស់
Clinic narith

បាត់ដំបង ៖ អភិបាលខេត្តបាត់ដំបង លោក សុខ លូ តាមរយៈបណ្តាញសង្គម Facebook ផ្លូវការផ្ទាល់របស់លោក នាថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៣នេះ បានធ្វើការអំពាវនាវដល់ប្រជាពលរដ្ឋ ជាពិសេសអ្នករស់នៅតាមបណ្តោយដងស្ទឹងសង្កែ សូមមានការប្រុងប្រយ័ត្នខ្ពស់បំផុត ចៀសវាងមានគ្រោះថ្នាក់ជាយថាហេតុ ខណៈ
ពេលដែលភ្លៀងកំពុងធ្លាក់ខ្លាំងនៅតំបន់ខាងលើនៃស្រុកសំឡូត ។

លោក អភិបាលខេត្តបាត់ដំបង បានបញ្ជាក់បន្ថែមទៀតថា នៅក្នុងស្ថានភាពអាកាសធាតុដ៏អាក្រក់កំពុងកើតឡើងនៅក្នុងខេត្តបាត់ដំបង ក្នុងរយៈពេលប៉ុន្មានថ្ងៃកន្លងមកនេះ បានបង្កឱ្យមានភ្លៀងធ្លាក់ខ្លាំងនៅតំបន់ខាងលើនៃស្រុកសំឡូត អូសបន្លាយពេល
២ថ្ងៃជាប់គ្នាកន្លងមកហើយ ដែលធ្វើឱ្យទឹកអាងពហុបំណងសេកសកបានឡើងដល់កម្រិតអតិបរមា ។ 

លោក អភិបាលខេត្តបាត់ដំបង ក៏បានឱ្យដឹងដែរថា ស្ថិតក្នុងកាលៈទេសៈនេះ ទ្វារទឹកនៅទំនប់ស្ទាក់ទឹកពហុបំណងសេកសក ក៏បានបើកបង្ហៀរមកតាមបណ្តោយស្ទឹងសង្កែហូរចុះមកទៅតំបន់បឹងទន្លេសាប ដែលអាចធ្វើឱ្យទឹកស្ទឹងឡើងខ្លាំង ដែលត្រូវតែមានការប្រុងប្រយ័ត្នជានិច្ច ។

ប្រធានមន្ទីរធនធានទឹកនិងឧតុនិយមខេត្តបាត់ដំបង លោក ឡុង ផលគុណ បានបញ្ជាក់ឱ្យដឹងដែរថា ដោយសារតែមានភ្លៀងនៅផ្នែកខាងលើស្រុកសំឡូត ធ្វើឱ្យផ្ទៃទឹកអាងពហុបំណងសេកសក បន្តឡើងអតិបរមា ហើយក្រុមការងារបច្ចេកទេសបានបើកទ្វារទឹកចំនួន៧/៧ កម្ពស់៣ម៉ែត្រ ដើម្បីបន្ធូរបរិមាណទឹកផ្នែកខាងលើ ។  ស្ថិតក្នុងស្ថានភាពបែបនេះធ្វើឱ្យទឹកស្ទឹងសង្កែ ត្រូវហក់ឡើងខ្ពស់ផងដែរ ទន្ទឹមគ្នានោះ ក្រុមការងារបច្ចេកទេសនឹងបន្តការតាមដានស្ថានភាពទឹកភ្លៀងនេះជាប់និច្ច ។

ដោយឡែក អភិបាលស្រុកសំឡូត លោក សើ សាម៉េត ក៏បានឱ្យដឹងដែរថា នៅតាមបណ្ដាឃុំទាំង៧នៃស្រុកសំឡូត មានភ្លៀងធ្លាក់តាំងពីថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៣ រហូតមកដល់ពេលនេះពុំទាន់រាំងនៅឡើយទេ ចំណែកឯស្ថានភាពទឹកនៅស្ទឹង អូរផ្នែកខាងលើនៃឃុំសំឡូត និងឃុំតាតោក ក៏មានការកើនឡើងខ្លាំងដែរ ប៉ុន្តែពុំទាន់មានការប៉ះពាល់ដល់ផ្ទះសម្បែងរបស់ប្រជាពលរដ្ឋនៅឡើយដែរ ។

លោកបានបញ្ជាក់ថា ក្នុងនាមអភិបាលស្រុក និងជាប្រធានគណៈបញ្ជាការកងឯកភាពរដ្ឋបាលស្រុកសំឡូត បានធ្វើការណែនាំដល់អង្គភាពនៃកងកម្លាំងប្រដាប់អាវុធទាំង៣ប្រភេទក្នុងស្រុក និងរដ្ឋបាលឃុំទាំង៧ ឱ្យត្រៀមកម្លាំង និងសម្ភារៈសម្រាប់ជួយអន្តរាគមន៍ឱ្យបានទាន់ពេលវេលា ដើម្បីជួយដល់ប្រជាពលរដ្ឋ ក្នុងករណីមានគ្រោះទឹកជំនន់កើតឡើងជាយថាហេតុណាមួយ ។