Alynana Media Cambodia
Icon Collap
RK Clinic
clinic narit

សិង្ហបុរីប្រកាសថវិកាគាំទ្រ៨០០លានដុល្លារទៀត ដើម្បីសម្រាលបន្ទុកប្រជាជនពីការឡើងថ្លៃចំណាយសម្រាប់ជីវភាពរស់នៅ

Admin Alynana | Sep 28, 2023
សិង្ហបុរីប្រកាសថវិកាគាំទ្រ៨០០លានដុល្លារទៀត ដើម្បីសម្រាលបន្ទុកប្រជាជនពីការឡើងថ្លៃចំណាយសម្រាប់ជីវភាពរស់នៅ
Clinic narith

(សិង្ហបុរី)៖ ក្រសួងហិរញ្ញវត្ថុនៃប្រទេសសិង្ហបុរី នៅថ្ងៃព្រហស្បតិ៍នេះ បានប្រកាសថវិកាចំនួន ១.១ពាន់លានដុល្លារសិង្ហបុរីបន្ថែមទៀត ដែលស្មើនឹង៨០២លានដុល្លារអាមេរិក ដើម្បីជួយប្រជាជនដោះស្រាយ បញ្ហានៃការកើនឡើងថ្លៃចំណាយសម្រាប់ជីវភាពរស់នៅ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន ​AFP នៅថ្ងៃព្រហស្បតិ៍ ទី២៨ ខែកញ្ញា ឆ្នាំ២០២៣។

ក្នុងកញ្ចប់ថវិកាខាងលើ ក៏រួមមានទាំងការផ្តល់ប្រាក់ឧបត្ថម្ភបន្ថែមផងដែរ ចំនួន២០០ដុល្លារសិង្ហបុរី (១៤៥ដុល្លារអាមេរិក) សម្រាប់ប្រជាជនសិង្ហបុរីពេញវ័យប្រមាណ ២.៥លាននាក់ ឬស្មើជិតពាក់កណ្តាលនៃប្រជាជនសិង្ហបុរីសរុប ដែលនឹងត្រូវចែកចាយនៅខែធ្នូ ចុងឆ្នាំនេះ។ កញ្ចប់ថវិកាគាំទ្រនេះ ដែលជាការប្រកាសបន្ថែមពីលើ កញ្ចប់ថវិកាមុនទំហំ១.៥ពាន់លានដុល្លារសិង្ហបុរី (១.០៩ពាន់លានដុល្លារអាមេរិក) ដែលត្រូវបានប្រកាស​កាលពីខែមិថុនា គឺមានគោលដៅជាចម្បង ជួយសម្រាលបន្ទុកគ្រួសារដែលមាន​ប្រាក់ចំណូលទាបនិងមធ្យម។

គួរបញ្ជាក់ថា អតិផរណានៅប្រទេសសិង្ហបុរី បានថយមកនៅ៣.៤ភាគរយកាលពីខែសីហា ធៀបនឹង៥.៥ភាគរយ កាលពីចន្លោះខែមករា ដល់ខែមីនា។ ក្រសួងហិរញ្ញវត្ថុសិង្ហបុរីបាននិយាយថា ស្របពេលដែលអតិផរណា បានថយចុះពីចំណុចកំពូលក៏ដោយ ប្រជាជនសិង្ហបុរី នៅតែកំពុងបន្តប្រឈមនឹង ផលប៉ះពាល់នៃការកើនឡើងថ្លៃចំណាយ លើផ្នែកផ្សេងៗជាច្រើនដដែល។ ក្រសួងហិរញ្ញវត្ថុសិង្ហបុរី ក៏បានបង្រួញ​ការព្យាករកំណើន GPD ពីចន្លោះ០.៥-២.៥ភាគរយ មកនៅ០.៥-១.៥ភាគរយផងដែរ។ កាលពីឆ្នាំ២០២២ សេដ្ឋកិច្ចសិង្ហបុរី ទទួលបានកំណើន៣.៦ភាគរយ៕