Alynana Media Cambodia
Icon Collap
RK Clinic
clinic narit

លោក ពូទីន អាចនឹងប្រកាសឆាប់ៗថា លោកនឹងបន្តឈរឈ្មោះក្នុងការបោះឆ្នោតប្រធានាធិបតីរុស្ស៉ីឆ្នាំ២០២៤

Media LNN | Oct 03, 2023
លោក ពូទីន អាចនឹងប្រកាសឆាប់ៗថា លោកនឹងបន្តឈរឈ្មោះក្នុងការបោះឆ្នោតប្រធានាធិបតីរុស្ស៉ីឆ្នាំ២០២៤
Clinic narith

(មូស្គូ)៖ កាសែតរុស្ស៉ី Kommersant បានរាយការណ៍នៅថ្ងៃអង្គារនេះថា ប្រធានាធិបតីរុស្ស៉ីលោក វ៉្លាឌីមៀ ពូទីន ក្នុងពេលឆាប់ៗនេះ ប្រហែលជានឹងប្រកាសថា រូបលោកនឹងចូលរួមក្នុងការបោះឆ្នោតប្រធានាធិបតីឆ្នាំ២០២៤ ដើម្បីត្រួសត្រាយផ្លូវឱ្យ លោក​អាចនៅបន្តកាន់អំណាចទៅមុខទៀត រហូតដល់ឆ្នាំ២០៣០។

ដោយផ្អែកលើប្រភពមិនបញ្ចេញអត្តសញ្ញាណ កាសែត Kommersant បាននិយាយថា អំលុងសន្និសីទមួយនៅខែវិច្ឆិកា ឆ្នាំនេះ ក្រុមមន្រ្តីរុស្ស៉ីសង្ស័យថា លោក ពូទីន ប្រហែលនឹងប្រកាសជាផ្លូវការអំពីការចូលរួមរបស់លោក នៅក្នុងការបោះឆ្នោតជ្រើសរើសប្រធានាធិបតី ដែលត្រូវប្រព្រឹត្តទៅនាខែមីនា ឆ្នាំក្រោយ។ យ៉ាងណាមិញ បើតាម Kommersant អាចមានសេណារីយ៉ូផ្សេងទៀត សម្រាប់អ្វីដែលលោក ពូទីន អាចនឹងធ្វើអំលុងសន្និសីទនោះ ហើយការសម្រេចចុងក្រោយ គឺស្ថិតលើលោកប្រធានាធិបតីរុស្ស៉ីទាំងស្រុង។ ពាក់ព័ន្ធនឹងសេចក្តីរាយការណ៍​ព័ត៌មាននេះ វិមានក្រឹមឡាំងមិនទាន់ចេញមុខផ្តល់ការអត្ថាធិប្បាយនៅឡើយទេ។

គួរបញ្ជាក់ថា លោក ពូទីន ដែលបានឡើងជាប្រធានាធិបតីរុស្ស៉ីដំបូង ក្រោយការលាលែងពីតំណែងរបស់លោក បូរីស យេតស៉ីន (Boris Yeltsin) កាលពីចុងឆ្នាំ១៩៩៩ គឺជាមេដឹកនាំរុស្ស៉ីកាន់អំណាចបានយូរបំផុត គិតចាប់តាំងពីសម័យលោក ចូសេហ្វ ស្តាលីន (Josef Stalin) មក។ លោក ពូទីន នឹងឈានដល់វ័យ៧១ឆ្នាំ ។ ស្របពេលដែលក្រុមអ្នកការទូត ចារជន និងមន្រ្តីបរទេស​ជាច្រើនរំពឹងថា លោក ពូទីន នឹងនៅបន្តកាន់អំណាចពេញមួយជីវិតក៏ដោយ មកទល់ពេលនេះ ពុំទាន់មានការបញ្ជាក់ណាមួយ អំពីផែនការ​របស់លោក ក្នុងការឈរឈ្មោះក្នុងការបោះឆ្នោតប្រធានាធិបតីរុស្ស៉ី ឆ្នាំ២០២៤នៅឡើយទេ៕