Alynana Media Cambodia
Icon Collap
RK Clinic
clinic narit

ការសិក្សា​រក​ឃើញ​ថា ការ​ផ្តល់​ប្រាក់​កម្ចី​ដល់​អាហ្វ្រិក​បាន​ធ្លាក់​ចុះ​ដល់​កម្រិត​ទាប​បំផុត​

Admin Alynana | Oct 04, 2023
ការសិក្សា​រក​ឃើញ​ថា ការ​ផ្តល់​ប្រាក់​កម្ចី​ដល់​អាហ្វ្រិក​បាន​ធ្លាក់​ចុះ​ដល់​កម្រិត​ទាប​បំផុត​
Clinic narith

ខណៈ​ដែល​ប្រទេស​ចិន​ប្រារព្ធ​ខួប​លើក​ទី១០​នៃ​ការ​ចាប់​ផ្តើម​គម្រោង​ហេដ្ឋារចនាសម្ព័ន្ធ​សាកល​របស់​ខ្លួន​ឈ្មោះ​គំនិត​ផ្តួចផ្តើម​ក្រវាត់​ផ្លូវ​ពាណិជ្ជកម្ម​របស់​ចិន (BRI) ទិន្នន័យ​ថ្មី​បង្ហាញ​ថា ការ​ផ្តល់​ប្រាក់​កម្ចី​ដល់​អាហ្វ្រិក​បាន​ធ្លាក់​ចុះ​ដល់​កម្រិត​ទាប​បំផុត​ក្នុង​រយៈពេល​ជិត ២ ទសវត្សរ៍​នេះ។

ការស្រាវជ្រាវ​មួយ​ដែល​បាន​ចេញ​ផ្សាយ​ដោយ​អ្នក​ស្រាវជ្រាវ​នៃ​គំនិត​ផ្តួចផ្តើម​ចិន​ក្នុង​សាកលលោក​របស់​សាកលវិទ្យាល័យ Boston សហរដ្ឋ​អាមេរិក​បាន​ថ្លែង​ថា ជំងឺ​រាតត្បាត វិបត្តិ​សេដ្ឋកិច្ច​ក្នុង​ស្រុក ការផ្លាស់ប្តូរ​គោលនយោបាយ ​និង​ការព្រួយ​បារម្ភ​អំពី​បំណុល​អាហ្រ្វិក​ស្ថិត​ក្នុង​ចំណោម​ហេតុផល​នានា​ដែល​ធ្វើ​ឱ្យ​ការ​ផ្តល់​ប្រាក់​កម្ចី​ក្នុង​ឆ្នាំ២០២១ និង២០២២ បាន​ធ្លាក់​ចុះ​ក្រោម២ពាន់​លាន​ដុល្លារ​ជា​លើក​ដំបូង​ចាប់​តាំង​ពី​ការ​ចាប់ផ្តើម​គម្រោង BRI មក។

ការស្រាវជ្រាវ​បាន​រក​ឃើញ​ថា ​នៅ​ចម្លោះ​ឆ្នាំ២០០០ និង២០២២ អ្នក​ផ្តល់​ប្រាក់​កម្ចី​ចិន​បាន​ផ្តល់​ប្រាក់​កម្ចី​ចំនួន១៧០ពាន់​លាន​ដុល្លារ​ទៅ​ឱ្យ​ទ្វីប​អាហ្រ្វិក​ដែល​ជា​ដៃគូ BRI ដ៏​សំខាន់​មួយ​របស់​ចិន។ ប៉ុន្តែ​បន្ទាប់​ពី​ឈាន​ដល់​ចំណុច​កំពូល​ក្នុង​ឆ្នាំ២០១៦ ដែល​មាន​ទឹក​ប្រាក់​ជាង២៨ពាន់​លាន​ដុល្លារ ការផ្តល់​ប្រាក់​កម្ចី​ដល់​ទ្វីប​អាហ្រ្វិក​មាន​ការ​ធ្លាក់​ចុះ​យ៉ាង​ខ្លាំង​ក្នុង​រយៈពេល២ឆ្នាំ​ចុងក្រោយ​នេះ។

នៅ​ឆ្នាំ២០២១ ប្រទេស​ចិន​បាន​ផ្តល់​ប្រាក់​កម្ចី​ចំនួន១,២២ពាន់​លាន​ដុល្លារ​ដល់​ទ្វីប​អាហ្រ្វិក ហើយ​កាលពី​ឆ្នាំ​មុន​មាន​តែ​ប្រាក់​កម្ចី​ចំនួន៩ ប៉ុណ្ណោះ​ដែល​មាន​ទឹកប្រាក់​ចំនួន៩៩៤,៤៨ លាន​ដុល្លារ​ត្រូវ​បាន​ចុះ​ហត្ថលេខា។

អ្នកស្រី Oyintarelado Moses អ្នក​ស្រាវជ្រាវ​នាំ​មុខ​បាន​ប្រាប់ VOA តាម​សារ​អ៊ីមែល​ថា៖ «និន្នាការ​បង្ហាញ​ថា ប្រាក់​កម្ចី​ជា​មធ្យម និង​ចំនួន​កំពុង​ថយ​ចុះ ហើយ​ការ​កំណត់​គោលនយោបាយ​នៅ​ក្នុង​ប្រទេស​ចិន​ក៏​កំពុង​ផ្លាស់ប្តូរ​ផង​ដែរ ដែល​នាំ​ឱ្យ​យើង​រំពឹង​ថា ​ការ​ផ្តល់​ប្រាក់​កម្ចី​ក្នុង​ទ្រង់ទ្រាយ​ធំ​លើស ៥០០ លាន​ដុល្លារ​នឹង​មាន​តិច​ជាង​មុន។

ក្នុង​ពេល​ជាមួយ​គ្នា​នេះ គោលនយោបាយ​ថ្មី​តូច និង​ស្រស់ស្អាត​ដែល​កើត​ចេញ​ពី​ប្រទេស​ចិន​កំពុង​បង្ហាញ​ថា ប្រាក់​កម្ចី​ដែល​មាន​ទឹកប្រាក់​តិច​នឹង​មាន​ច្រើន​ជាង​មុន»។

អ្នកស្រី Moses សំដៅ​ទៅ​លើ​អ្វី​ដែល​ប្រធានាធិបតី​ចិន លោក Xi Jinping បាន​ហៅ​វិធី សាស្រ្ត«តូច​និង​ស្រស់ស្អាត» របស់​រដ្ឋាភិបាល​ក្រុង​ប៉េកាំង ដែល​មាន​គោលបំណង​ផ្លាស់ប្តូរ​ពី​ការ​វិនិយោគ​លើ​គម្រោង​ធំៗ ដូចជា​ផ្លូវ​ដែក និង​ផ្លូវ​ល្បឿន​លឿនដើម្បី​ផ្តោត​លើ​ប្រាក់​កម្ចី​តូចៗដែល​មាន​ឥទ្ធិពល​សង្គមនិង​បរិស្ថាន។

និន្នាការ​មួយ​ទៀត​ដែល​ការ​សិក្សា​បាន​រក​ឃើញ​ថា ខណៈ​ដែល​ការ​ផ្តល់​ប្រាក់​កម្ចី​ពី​មុន​ភាគ​ច្រើន​ត្រូវ​បាន​ផ្តល់​ទៅ​ប្រទេស​អាហ្វ្រិក​ខាង​កើត និង​ខាង​ត្បូង​នៅ​ឆ្នាំ២០២១/២២ មាន​ការ​ផ្លាស់ប្តូរ​ទៅ​អាហ្វ្រិក​ខាង​លិច​វិញ ដោយ​ប្រទេស​ដូចជា​សេណេហ្គាល់ បេណាំង និង​កូតឌីវ័រ​ទទួល​បាន​ប្រាក់​ភាគ​ច្រើន។

អ្នកស្រី Moses បាន​ថ្លែង​ថា នេះ​គឺ​ដោយសារ​តែ «ជា​ប្រវត្តិសាស្ត្រ ប្រទេស​ទាំង​នេះ​បាន​ខ្ចី​ប្រាក់​ពី​ប្រទេស​ចិន​តិច​ជាង​ប្រទេស​ផ្សេង ដូច្នេះ​ប្រទេស​ចិន​បាន​ផ្តល់​ប្រាក់​កម្ចី​តិច​ជាង​ដល់​ប្រទេស​ទាំង​នេះ»។ អ្នកស្រី​បាន​កត់សម្គាល់​ថា ប្រទេស​នៅ​ក្នុង​តំបន់​ផ្សេង​ទៀត​នៃ​ទ្វីប​អាហ្រ្វិក​ដែល​ពី​មុន​បាន​ខ្ចី​ប្រាក់​ច្រើន​បច្ចុប្បន្ន​កំពុង​វ័ន្តក​នឹង​បញ្ហា​បំណុល។

ការ​សិក្សា​បាន​រក​ឃើញ​ថា អ្នក​ផ្តល់​ប្រាក់​កម្ចី​របស់​ចិន​ក៏​អាច​មាន​ការ​ប្រុងប្រយ័ត្ន​ជាង​មុន​ផង​ដែរ បន្ទាប់ពី​ប្រទេស​អាហ្រ្វិក​មួយ​ចំនួន​ដូចជា សំប៊ី​ខកខាន​អនុវត្ត​កាតព្វកិច្ច​ពាក់ព័ន្ធ​នឹង​បំណុល​របស់​ខ្លួន ឬ​មាន​ការ​លំបាក​ក្នុង​ការ​សង​ប្រាក់​ ដែល​នាំ​ឱ្យ​មាន​ការ​ចោទប្រកាន់​ពី​ប្រទេស​លោក​ខាង​លិច​អំពី​ការ​ផ្តល់​ប្រាក់​កម្ចី​គ្មាន​និរន្តរភាព។

ការសិក្សា​បាន​រក​ឃើញ​ថាចាប់​ពី​ឆ្នាំ២០២១ ដល់​ឆ្នាំ២០២២ ប្រាក់​កម្ចី​ជាច្រើន​សម្រាប់​គម្រោង​នៅ​សាធារណរដ្ឋ​ប្រជាធិបតេយ្យ​កុងហ្គោ កាមេរូន ហ្គាណា និងសំប៊ី ត្រូវ​បាន​លុបចោល​បន្ទាប់​ពី​ការ​ចរចា​បរាជ័យ។

ក្នុង​អំឡុងពេល​ដូច​គ្នា​នោះ ប្រាក់​កម្ចី​ថ្មី​ត្រូវ​បាន​ផ្តល់​ឱ្យ​ទៅ​វិស័យ​ផ្សេងៗ​ដែល​ធំ​ទូលាយ​ជាង​ឆ្នាំ​មុន បើ​ទោះ​បី​ជា​វិស័យ​ដឹកជញ្ជូន​នៅ​តែ​ជា​វិស័យ​មាន​ភាព​លេចធ្លោ​ក៏​ដោយ។

មិន​មាន​ការ​វិនិយោគ​ថ្មី​នៅ​ក្នុង​គម្រោង​ថាមពល​ទេ ដែល​ជា​វិស័យ​នៅ​អាហ្រ្វិក​ដែល​ទាក់ទាញ​បាន​ប្រាក់​កម្ចី​ច្រើន​បំផុត​កាលពី​មុន។

អ្នក​និពន្ធ​នៃ​ការ​ស្រាវជ្រាវ​នេះ​គិត​ថា ប្រទេស​ចិន​នឹង​បន្ត​ស្វែងរក​គម្រោង​បៃតង​បន្ថែម​ទៀត ដើម្បី​ផ្តល់​មូលនិធិ បន្ទាប់ពី​បាន​សន្យា​ថា នឹង​ធ្វើ​ឱ្យ​គម្រោង BRI មាន«លក្ខណៈ​បៃតង» និង​បញ្ចប់​ការ​ផ្តល់​ហិរញ្ញប្បទាន​ដល់​គម្រោង​ធ្យូង​ថ្ម​នៅ​បរទេស។

ហេតុផល​ផ្សេង​ទៀត​សម្រាប់​ការ​ថយ​ចុះ​ការ​ផ្តល់​ប្រាក់​កម្ចី​មាន​ជាប់​ទាក់ទង​នឹង​ការ​ធ្លាក់​ចុះ​សេដ្ឋកិច្ច​របស់​ប្រទេស​ចិន៕