Alynana Media Cambodia
Icon Collap
RK Clinic
clinic narit

មនុស្សជាង២៦ម៉ឺននាក់ បានផ្លាស់ទីលំនៅនៅតំបន់ហ្គាហ្សា ដោយសារសង្គ្រាមជាមួយអ៊ីស្រាអែល

Media LNN | Oct 11, 2023
មនុស្សជាង២៦ម៉ឺននាក់ បានផ្លាស់ទីលំនៅនៅតំបន់ហ្គាហ្សា ដោយសារសង្គ្រាមជាមួយអ៊ីស្រាអែល
Clinic narith

 

អង្គការសហប្រជាជាតិបានប៉ាន់ប្រមាណថា មនុស្សជាង ២៦៣.០០០នាក់ ត្រូវបានបង្ខំឱ្យភៀសខ្លួនចេញពីលំនៅឋានរបស់ពួកគេនៅក្នុងតំបន់ហ្គាហ្សា ស្ទ្រីប។ ទីភ្នាក់ងារមនុស្សធម៌របស់អង្គការសហប្រជាជាតិ OCHA បានព្រមានថា ចំនួននេះត្រូវបានគេរំពឹងថានឹងកើនឡើងបន្ថែមទៀត ហើយបាននិយាយដោយសំអាងដល់ក្រុមអាជ្ញាធរប៉ាឡេស្ទីន ថា លំនៅឋានជាង១.០០០ខ្នង ត្រូវបានបំផ្លាញ ហើយលំនោឋានចំនួន៥៦០ខ្នង ត្រូវបានខូចខាតយ៉ាងធ្ងន់ធ្ងរមិនអាចឲ្យមនុស្សរស់នៅបានទេ។

ក្នុងចំណោមអ្នកផ្លាស់ទីលំនៅទាំងនោះ មនុស្សជិត ១៧៥.៥០០នាក់ បានស្វែងរកទីជម្រកនៅក្នុងសាលារៀនចំនួន៨៨កន្លែង ដែលគ្រប់គ្រងដោយទីភ្នាក់ងារសម្រាលបន្ទុកភៀសខ្លួនរបស់អង្គការសហប្រជាជាតិ (UNRWA)។

មនុស្សជាង ១៤.៥០០នាក់ផ្សេងទៀត បានភៀសខ្លួនទៅជ្រកកោននៅសាលារៀនរដ្ឋាភិបាលចំនួន១២ទីតាំង ខណៈដែលមនុស្សជិត ៧.៤០០០នាក់ ត្រូវបានគេប៉ាន់ស្មានថា កំពុងស្នាក់នៅជាមួយសាច់ញាតិ និងអ្នកជិតខាង ឬស្វែងរកជម្រកនៅក្នុងព្រះវិហារ និងកន្លែងផ្សេងៗទៀត។

អ៊ីស្រាអែល កំពុងប្រឈមមុខនឹងការអំពាវនាវកាន់តែខ្លាំងឡើង ក្នុងការអនុញ្ញាតឱ្យផ្តល់ជំនួយចូលទៅក្នុងតំបន់ហ្គាហ្សា ដែលខ្លួនបានឡោមព័ទ្ធ ស្របពេលមានការព្រមានយ៉ាងម៉ឺងម៉ាត់អំពីវិបត្តិមនុស្សធម៌ ដែលអាចនាំឱ្យមានការស្លាប់ជនស៊ីវិលរាប់ពាន់នាក់។

ស្បៀងអាហារ អគ្គិសនី និងទឹក កំពុងមានការខ្វះខាតយ៉ាងខ្លាំង បន្ទាប់ពីអ៊ីស្រាអែលបានដាក់ការបិទផ្លូវទាំងស្រុង ហើយយន្តហោះចម្បាំងជាច្រើនបានកំពុងវាយលុកតំបន់ហ៊ុមព័ទ្ធដ៏តូច ដែលជាជម្រករបស់ជនជាតិប៉ាឡេស្ទីន ប្រមាណជាងពីរលាននាក់មួយនេះផងដែរ៕