Alynana Media Cambodia
Icon Collap
RK Clinic
clinic narit

ចិន ថ្កោលទោស អ៊ីស្រាអែល ថា សកម្មភាពការពារខ្លួនប្រឆាំងក្រុមហាម៉ាស់ លើសពេកហើយ

Admin Alynana | Oct 16, 2023
ចិន ថ្កោលទោស អ៊ីស្រាអែល ថា សកម្មភាពការពារខ្លួនប្រឆាំងក្រុមហាម៉ាស់ លើសពេកហើយ
Clinic narith


រដ្ឋមន្ត្រីការបរទេសចិន លោក Wang Yi បានរិះគន់ទៅដល់អ៊ីស្រាអែលថា សកម្មភាពរបស់រដ្ឋាភិបាលទីក្រុងហ្ស៊េរុយសាឡិមប្រឆាំងនឹងក្រុមប្រដាប់អាវុធប៉ាឡេស្ទីនហាម៉ាស់ គឺហួសពីវិសាលភាពនៃការការពារខ្លួនហើយ ។

ថ្លែងក្នុងជំនួបតាមទូរសព្ទជាមួយព្រះអង្គម្ចាស់ Faisal bin Farhan Al Saud រដ្ឋមន្ត្រីការបរទេសអារ៉ាប៊ីសាអូឌីត, លោក Wang Yi បានលើកឡើងថា ប្រទេសចិនសូមប្រឆាំង និងថ្កោលទោសអ៊ីស្រាអែលរាល់ទង្វើដែលបង្កគ្រោះថ្នាក់ដល់ជនស៊ីវិល ។

លោក Wang Yi បានបន្ថែមថា អ៊ីស្រាអែលគួរតែចៀសវាងការដាក់ទណ្ឌកម្មរួមរបស់ប្រជាជននៅតំបន់ហ្គាហ្សាស្ទ្រីប ហើយលោកថែមទាំងបានទទូចផងដែរថា មូលហេតុ ក៏ដូចជាឫសគល់នៃស្ថានភាពជុំវិញអ៊ីស្រាអែល និងប៉ាឡេស្ទីន គឺជាសិទ្ធិរបស់ប្រជាជនប៉ាឡេស្ទីនក្នុងការការពាររដ្ឋដែលត្រូវបានទុកចោលជាយូរមកហើយ ។

ទន្ទឹមនោះ កិច្ចពិភាក្សាតាមទូរសព្ទរបស់រដ្ឋមន្ត្រីទាំងពីរបានកើតឡើង ស្របពេលមានការភ័យខ្លាចកាន់តែខ្លាំងឡើងអំពីការស្លាប់ និងរងរបួសបន្ថែមទៀត ក្នុងចំណោមប្រជាជនប៉ាឡេស្ទីននៅក្នុងជម្លោះរវាងក្រុមហាម៉ាស់ និងអ៊ីស្រាអែល ។

ស្របពេលជាមួយគ្នានេះ ការ​លើក​ឡើង​របស់​លោក Wang Yi ទំនង​ជា​ចេតនា​របស់​ចិន​ក្នុង​ការ​អំពាវនាវ​ឲ្យ​អ៊ីស្រាអែលមាន​ការ​អត់ធ្មត់ចំពោះការឆ្លើយតបណាមួយទៅកាន់ក្រុមហាម៉ាស់ ខណៈប្រទេសនេះក៏កំពុងរៀបចំបើកការវាយលុកតាមដីគោកទ្រង់ទ្រាយធំនៅក្នុងតំបន់ហ្គាហ្សាផងដែរ ។

គួរបញ្ជាក់ថា ក្រុមហាម៉ាស់បើកការវាយប្រហារមិនធ្លាប់មានពីមុនមកទៅលើអ៊ីស្រាអែលកាលពីព្រឹកព្រលឹមថ្ងៃទី៧ ខែតុលា ដោយបានសម្លាប់មនុស្សជាង ១,៣០០ នាក់ ដែលភាគច្រើនជាជនស៊ីវិល ខណៈនៅតំបន់ហ្គាហ្សាវិញ ការឆ្លើយតបរបស់អ៊ីស្រាអែលបានសម្លាប់មនុស្សជាង ២,៦០០ នាក់ ហើយក្នុងនោះមានក្រុមសកម្មប្រយុទ្ធហាម៉ាស់ប្រហែល ១,៥០០ នាក់នៅក្នុងទឹកដីអ៊ីស្រាអែល ខណៈមនុស្ស​ជាង ៩,៦០០ នាក់បាន​រង​របួស ៕