Alynana Media Cambodia
Icon Collap
RK Clinic
clinic narit

កូរ៉េខាងត្បូងត្រៀមរៀបចំពិព័រណ៍ការពារជាតិធំបំផុត ដើម្បីជំរុញឧស្សាហកម្មលក់សព្វាវុធ

Media LNN | Oct 16, 2023
កូរ៉េខាងត្បូងត្រៀមរៀបចំពិព័រណ៍ការពារជាតិធំបំផុត ដើម្បីជំរុញឧស្សាហកម្មលក់សព្វាវុធ
Clinic narith

(សេអ៊ូល)៖ ក្នុងសប្តាហ៍នេះ កូរ៉េខាងត្បូងនឹងចាប់ផ្តើមព្រឹត្តិការណ៍ពិព័រណ៍ការពារជាតិ ដែលនឹងមានលក្ខណៈធំបំផុតមិនធ្លាប់មានពីមុនមក ស្របពេលដែលប្រទេសអាស៉ីបូព៌ាមួយនេះ កំពុងព្យាយាមផ្តល់សន្ទុះឱ្យកាន់តែខ្លាំងថែមទៀត ដល់ឧស្សាហកម្មលក់សព្វាវុធរបស់ខ្លួន ហើយនឹងបង្ហាញវត្តមានដ៏កម្រមួយ នៃយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ របស់សហរដ្ឋអាមេរិក។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នៅថ្ងៃចន្ទ ទី១៦ ខែតុលា ឆ្នាំ២០២៣។

ព្រឹត្តិការណ៍ពិព័រណ៍ហៅថា ADEX ដែលប្រារព្ធឡើងក្នុងរយៈពេល២ឆ្នាំម្តង នឹងត្រូវបើកធ្វើនាថ្ងៃអង្គារសប្តាហ៍នេះ ខណៈក្រុមអ្នករៀបចំបានអះអាងថា ឆ្នាំ២០២៣នេះ នឹងមានការចូលរួមពីក្រុមហ៊ុនច្រើនជាងពេលណាៗទាំងអស់ ហើយព្រមទាំងមានការហោះបង្ហាញវត្តមាន ដែលពុំធ្លាប់មានពីមុនមក ដោយយន្តហោះទម្លាក់គ្រាប់បែកអាមេរិក B-52 ថែមទៀតផង។ យន្តហោះនោះនឹងធ្វើការចុះចតនៅមូលដ្ឋានយោធា១កន្លែង ក្នុងប្រទេសកូរ៉េខាងត្បូង ដែលជារឿងដ៏កម្រ។

ពិព័រណ៍ ADEX ឆ្នាំនេះ ត្រូវបានអះអាងថា រចនាឡើងជាពិសេសដើម្បីជួយកូរ៉េខាងត្បូង អាចឆ្ពោះទៅសម្រេចគោលដៅ ក្នុងការក្លាយជា​ប្រទេសនាំចេញសព្វាវុធ ធំជាងគេលំដាប់ទី៤ លើពិភពលោក។ រដ្ឋាភិបាលកូរ៉េខាងត្បូង បានដាក់គោលដៅនាំចេញផលិតផលការពារជាតិ ឱ្យដល់ទំហំ២០ពាន់លានដុល្លារ ក្នុងឆ្នាំ២០២៣នេះ បន្ទាប់ពីបំបែកកំណត់ត្រាកាលពីឆ្នាំមុន ជាមួយទំហំ១៧.៣ពាន់លានដុល្លារ ដែល​រួមមានកិច្ចព្រមព្រៀងដ៏ធំជាមួយប៉ូឡូញ ក្នុងការលក់រថក្រោះ កាំភ្លើង យន្តហោះចម្បាំង និងប្រព័ន្ធបាញ់រ៉ុក្កែត។ ប៉ុន្មានឆ្នាំចុងក្រោយនេះ កូរ៉េខាងត្បូងបានស្ថិតនៅលំដាប់ខ្ទង់ទី៩ លើសកលលោក សម្រាប់ការនាំចេញផលិតផលការពារជាតិ ប៉ុន្តែប្រធានាធិបតីកូរ៉េខាងត្បូង លោក យូន ស៊ុកយុល បានអំពាវនាវឱ្យខិតខំធ្វើ ឱ្យកាន់តែប្រសើរឡើងថែមទៀត៕