Alynana Media Cambodia
Icon Collap
RK Clinic
clinic narit

លោក យ៉ង សាំងកុមារ៖ យើងនឹងពង្រាយមន្ត្រីកសិកម្មឃុំ ចំនួន១,៦០០នាក់ ដើម្បីបម្រើកសិករ ១.៦លានគ្រួសារ

Admin Alynana | Oct 16, 2023
លោក យ៉ង សាំងកុមារ៖ យើងនឹងពង្រាយមន្ត្រីកសិកម្មឃុំ ចំនួន១,៦០០នាក់ ដើម្បីបម្រើកសិករ ១.៦លានគ្រួសារ
Clinic narith

(ក្រចេះ)៖ លោក យ៉ង សាំងកុមារ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ​បានបញ្ជាក់ឲ្យដឹងថា រាជរដ្ឋាភិបាល អាណត្តិទី៧នេះ បានដាក់ចេញនូវគោលនយោបាយ ពង្រាយមន្ត្រីកសិកម្មឃុំ ចំនួន១,៦០០នាក់ ក្នុងបេសកម្មធ្វើការបម្រើកសិករ ១.៦លានគ្រួសារ ឬស្មើនឹងចំនួនប្រជាជន ៧.៥លាននាក់ នៅគ្រប់ឃុំទូទាំងប្រទេសចាប់ពីឆ្នាំ២០២៤ ដល់ឆ្នាំ២០២៨។

ការបញ្ជាក់ឲ្យដឹងបែបនេះ ធ្វើឡើងក្នុងឱកាសដែល លោក យ៉ង សាំងកុមារ អញ្ជើញចូលរួម ក្នុងពិធីទិវាស្បៀងអាហារពិភពលោក ឆ្នាំ២០២៣ ក្រោមប្រធានបទ «ទឹកជាជីវិត ទឹកជាអាហារ មិនឲ្យនរណាអត់អាហារឡើយ» នៅខេត្ដក្រចេះ នាព្រឹកថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៣នេះ។

លោក យ៉ង សាំងកុមារ បានបញ្ជាក់ថា មន្ត្រីកសិកម្ម ដែលនឹងត្រូវដាក់ពង្រាយ នៅតាមឃុំទូទាំងប្រទេស មានតួនាទីក្នុងការជួយគាំទ្រ លើការងារបច្ចេកទេស ការផ្តល់ព័ត៌មាន ការប្រឹក្សាយោបល់ និងជួយដោះស្រាយបញ្ហា ពាក់ព័ន្ធការងារកសិកម្ម ការណែនាំពីរបៀបប្រើប្រាស់ទឹក ដើម្បីឲ្យសមស្របនឹងប្រភេទដំណាំ ដែលកសិករបានដាំដុះ។

លោកបានឲ្យដឹងថា កន្លងមក ក្រសួងកសិកម្ម តែងតែសហការជាមួយ កម្មវិធីស្បៀងអាហារពិភពលោក (WFP) អង្គការស្បៀង និងកសិកម្មនៃសហប្រជាជាតិ (FAO) និងរដ្ឋបាលថ្នាក់ក្រោមជាតិ រៀបចំទិវា ស្បៀង អាហារពិភពលោកជារៀងរាល់ឆ្នាំ ពុំដែលខានឡើយក្នុងទស្សនទានថ្មីៗ និងចក្ខុវិស័យប្រាកដប្រជា ក្នុងន័យធានា «ការមានស្បៀងលទ្ធភាពទទួលស្បៀង ការប្រើប្រាស់ស្បៀង និងស្ថិរភាពស្បៀង»។

លោកស្រី ថូវេឡា មុនថាលី តំណាងលោកស្រី រេប៊ែកកា ប៊ែល អ្នកតំណាងអង្គការស្បៀង និងកសិកម្មនៃសហប្រជាជាតិ បានលើកឡើងថា ទិវាស្បៀងអាហារពិភពលោក ឆ្នាំ២០២៣នេះ ត្រូវបានប្រារព្ធឡើង ក្នុងបរិបទមួយ ដែលពិភពលោកកំពុងជួបប្រទះវិបត្ដិសាកលច្រើន រួមមានវិបត្ដិសេដ្ឋកិច្ច បញ្ហាជម្លោះ ការប្រែប្រួលអាកាសធាតុ ទំនិញឡើងថ្លៃ ព្រមទាំងភាពតាមតឹងអន្ដរជាតិ។

លោកស្រី ថូវេឡា មុនថាលី បានបន្ថែមទៀតថា ទិវានេះ គឺជាទិវាមួយដែលតែងតែប្រារព្ធឡើងរាល់ឆ្នាំ ក្នុងប្រតិទិនព្រឹត្ដិការណ៍សំខាន់ៗ របស់អង្គការសហប្រជាជាតិ ដែលត្រូវបានរៀបចំរួមគ្នា ដោយការិយាល័យ ប្រចាំប្រទេសរបស់អង្គការស្បៀង និងកសិកម្មនៃសហប្រជាជាតិ រដ្ឋាភិបាល និងអាជ្ញាធរមូលដ្ឋាន ព្រមទាំងដៃគូនានា នៅតាមបណ្ដាប្រទេសជាង១៥០ នៅទូទាំងពិភពលោក។

លោក វ៉ា ថន អភិបាលខេត្តក្រចេះ បានឲ្យដឹងថា នៅក្នុងខេត្ដក្រចេះ វិស័យកសិកម្ម គិតត្រឹម៩ខែ ឆ្នាំ២០២៣ សម្រចបានការដាំដុះដំណាំស្រូវសរុប ៤០,៥៨២ ហិកតា ស្មើនឹង១០១.៤៦% នៃផែនការ ៤០,០០០ហិកតា និងការដាំដុះដំណាំសាវប្បកម្មបានចំនួន ៧៥០ហិកតា ស្មើនឹង១៤៥.០៧% នៃផែនការ ៥១៧ហិកតា។

សម្រេចបានការដាំដុះដំណាំឧស្សាហកម្ម រយៈពេលខ្លីរដូវវស្សាសរុបចំនួន ៨៤,១៥១ ហិកតា ស្មើនឹង១០៥.២១% នៃផែនការ ៧៩,៩៨៣ហិកតា ច្រើនជាងឆ្នាំ២០២២ ចំនួន៥៥ហិកតា។

ការដាំដុះដំណាំឧស្សាហកម្ម រយៈពេលវែង ជាលក្ខណៈក្រុមហ៊ុន និងគ្រួសារ សម្រេចបានកៅស៊ូចំនួន ៨៦,៣៧៤ ហិកតា ក្នុងនោះកៅស៊ូក្រុមហ៊ុនសម្បទានដីសេដ្ឋកិច្ច ចំនួន ៥៤,៤៤៥.៤៨ ហិកតា កៅស៊ូលក្ខណៈគ្រួសារ ចំនួន២៧,៥២៣ហិកតា កៅស៊ូក្រុមហ៊ុនអវិនិយោគចំនួន៤,៤០៦ហិកតា។

ដំឡូងមីចំនួន ៧៣,៩៩៨ហិកតា ស្វាយចន្ទីចំនួន ៦៤,៩១៧ហិកតា ចេកអំបូងលឿងចំនួន ១,៤៧២ហិកតា អំពៅចំនួន ៦,០០០ហិកតា ម៉ៃសាក់ចំនួន១,៦៥១ហិកតា និងឈើហូបផ្លែចំនួន៦៨១ហិកតា។ ក្រៅពីនេះ ខេត្តមានរោងចក្រកែច្នៃ ផលិតផលកសិកម្មចំនួន ៣កន្លែង ក្នុងនោះរោងចក្រផលិតស្ករសចំនួន១កន្លែង និងរោងចក្រផលិតម្សៅដំឡូងមីចំនួន២កន្លែង៕