Alynana Media Cambodia
Icon Collap
RK Clinic
clinic narit

អាមេរិក ផ្ដល់ជំនួយសន្តិសុខដល់ អ៊ីស្រាអែល យកទៅកម្ចាត់ក្រុមហាម៉ាស់ មិនមែនឲ្យសម្លាប់ជនស៊ីវិលស្លូតត្រង់ទេ

Admin Alynana | Oct 18, 2023
អាមេរិក ផ្ដល់ជំនួយសន្តិសុខដល់ អ៊ីស្រាអែល យកទៅកម្ចាត់ក្រុមហាម៉ាស់ មិនមែនឲ្យសម្លាប់ជនស៊ីវិលស្លូតត្រង់ទេ
Clinic narith

 ក្រសួងការពារជាតិអាមេរិកបាននិយាយកាលពីថ្ងៃអង្គារថា សហរដ្ឋអាមេរិកកំពុងផ្តល់ប្រព័ន្ធការពារសន្តិសុខដល់អ៊ីស្រាអែល ដើម្បីកម្ចាត់ក្រុមប្រដាប់អាវុធហាម៉ាស់ ហើយនោះមិនមែនមានន័យថា ឲ្យប្រើដើម្បីសម្លាប់ជនស៊ីវិលស្លូតត្រង់នៅប៉ាឡេស្ទីននោះទេ ។

 លោកស្រី Sabrina Singh អនុរដ្ឋលេខាធិការរងនៃក្រសួងការពារជាតិបាននិយាយនៅក្នុងសន្និសីទសារព័ត៌មានមួយថា “យើងពិតជាផ្តល់ឲ្យអ៊ីស្រាអែលនូវប្រព័ន្ធការពារសន្តិសុខប្រាកដមែនសម្រាប់យកទៅប្រើប្រាស់ដើម្បីកម្ចាត់ និងបណ្ដេញក្រុមហាម៉ាស់នៅតំបន់ហ្គាហ្សា មិនមែនឲ្យប្រើដើម្បីសម្លាប់ជនស៊ីវិលស្លូតត្រង់នោះទេ” ។

ស្របពេលជាមួយគ្នានេះ ការ​លើក​ឡើង​របស់​លោកស្រីបាន​ធ្វើ​ឡើងជាការ​ឆ្លើយ​តប​នឹង​សំណួរ​អំពី​របាយការណ៍​នៃ​ការ​វាយ​ប្រហារ​របស់​អ៊ីស្រាអែល​លើ​មន្ទីរពេទ្យ Al-Ahli Arabi Baptist ក្នុង​តំបន់ហ្គាហ្សាកាលពីថ្ងៃទី១៧ ខែតុលាដែលបណ្ដាលឲ្យមនុស្ស ៥០០ នាក់បាត់បង់ជីវិត ។

ពាក់ព័ន្ធបញ្ហានេះដែរ លោកស្រី Singh បញ្ជាក់ថា “ខ្ញុំដឹងអំពីរបាយការណ៍នេះ ប៉ុន្តែខ្ញុំមិនមានអ្វីបន្ថែមលើបញ្ហានេះនោះទេ ។ យើងជឿជាក់ថា ជំនួយការពារសន្តិសុខដែលពួកគេកំពុងប្រើប្រាស់នៅក្នុងតំបន់ហ្គាហ្សា គឺត្រឹមត្រូវក្នុងការកំណត់គោលដៅលើក្រុមហាម៉ាស់ ប៉ុន្តែក្នុងនោះក៏បានចំដល់ជនស៊ីវិលផងដែរ” ។

ស្របពេលជាមួយគ្នានេះ លោកស្រី Singh បានកត់សម្គាល់ទៀតថា មន្ត្រីអាមេរិកនៅតែបន្តទំនាក់ទំនងរបស់ពួកគេជាមួយអ៊ីស្រាអែល ដើម្បីធានាថា ជនស៊ីវិលនៅតំបន់ហ្គាហ្សាមានអ្វីគ្រប់យ៉ាងតាមដែលពួកគេត្រូវការ និងអាចត្រូវបានជម្លៀសទៅកាន់តំបន់មានសុវត្ថិភាព ។

គួរបញ្ជាក់ថា ភាពតានតឹងថ្មីដែលបានផ្ទុះឡើងនៅមជ្ឈិមបូព៌ាបានអូសបន្លាយពេលដល់ថ្ងៃទី១១ ហើយ បន្ទាប់ពីក្រុមហាម៉ាស់បានបើកការវាយប្រហារមកលើទឹកដីអ៊ីស្រាអែលចេញពីតំបន់ហ្គាហ្សាស្ទ្រីបកាលពីព្រឹកព្រលឹមថ្ងៃទី៧ ខែតុលា ដោយបានសម្លាប់មនុស្សជាង ១,៤០០ នាក់ ដែលភាគច្រើនជាជនស៊ីវិល ។

ចំណែកនៅតំបន់ហ្គាហ្សាវិញ ក្រសួងសុខាភិបាលដែលគ្រប់គ្រងដោយក្រុមហាម៉ាស់បាននិយាយថា ការឆ្លើយតបរបស់អ៊ីស្រាអែលបានសម្លាប់មនុស្សប្រហែល ៣,៥០០ នាក់ ហើយក្នុងនោះមានក្រុមសកម្មប្រយុទ្ធហាម៉ាស់ប្រហែល ១,៥០០ នាក់នៅក្នុងទឹកដីអ៊ីស្រាអែល ខណៈមនុស្ស​ជិត ១១,០០០ នាក់បាន​រង​របួស ៕