
(ភ្នំពេញ)៖ យោងតាមសេចក្តីប្រកាសរបស់ក្រសួងសុខាភិបាលមុននេះបន្តិចបានឱ្យដឹងថា ករណីជំងឺឆ្លងភ្នែកក្រហមកំពុងកើតថ្មីគួរឱ្យកត់សម្គាល់ក្នុងបណ្តាខេត្តមួយចំនួននៅកម្ពុជា ហេតុដូច្នេះក្រសួងសុខាភិបាលបានធ្វើការយកចិត្តទុកដាក់និងអំពាវនាវឱ្យប្រជាពលរដ្ឋទាំងអស់ដែលកំពុងកើតនិងមិនទាន់កើតអនុវត្តនូវប៉ុន្មានចំណុចខាងក្រោមនេះ ៖
១.បុគ្គលដែលមានជំងឺឆ្លងភ្នែកក្រហមត្រូវអនុវត្ត
- លាងដៃឱ្យបានញឹកញាប់ជាមួយសាប៊ូ និងទឹកក្តៅឧណ្ហៗយ៉ាងហោចណាស់ ៣០វិនាទី ឬប្រើទឹកអាកុលលាងដៃមុននិងក្រោយពេលសម្អាតឬដាក់ថ្នបន្តក់ភ្នែកឬដាក់ថ្នាំលាបលើភ្នែក។
- ចៀសវាងការប៉ះឬត្រដុសឬញីភ្នែក ពីព្រោះធ្វើឱ្យកាន់តែរលាក ឬរាលដាលទៅភ្នែកម្ខាងទៀត។
- ប្រើដៃស្អាត លាងសម្អាតជុំវិញភ្នែករបស់អ្នកឱ្យបានច្រើនដងក្នុងមួយថ្ងៃ ដោយប្រើក្រណាត់ស្អាតសើម ឬសំឡីស្អាត។ បោះចោលដុំសំឡីបន្ទាប់ពីប្រើរួច ឬបោកគក់សម្អាតក្រណាត់ដែលបានប្រើរួចជាមួយទឹកក្តៅ និងសាប៊ូបោកខោអាវ បន្ទាប់មកលាងដៃម្តងទៀតជាមួយសាប៊ូ។
- កុំប្រើថ្នាំបន្តក់ភ្នែកដបតែមួយសម្រាប់ភ្នែកដែលឈឺ និងភ្នែកមិនទាន់ឈឺ (កុំប្រើលើភ្នែកមិនឈឺ)
- បោកគក់ខ្នើយ ភួយ ស្រោមពូក និងកន្សែងឱ្យបានញឹកញាប់ក្នុងទឹកក្តៅ និងសាប៊ូបោកខោអាវ លាងដៃរបស់អ្នកបន្ទាប់ពីកាន់របស់របរប្រឡាក់ទាំងនេះ។
- សម្អាតវ៉ែនតាដោយប្រុងប្រយ័ត្នកុំឱ្យប៉ះវត្ថុកខ្វក់ (ដូចជាកន្សែងដៃ) ដែលអាចនេងត្រូវបានអ្នកដទៃប្រើជាមួយ។
- កុំចែករំលែករបស់របរផ្ទាល់ខ្លួនដូចជា ខ្នើយ ភួយ ស្រោមពូក កន្សែង ទឹកបន្តក់ភ្នែក គ្រឿងសម្អាងភ្នែកឬគ្រឿងសម្អាងមុខ ជក់ផាត់មុខ កែវដាក់កញ្ចក់ ប្រអប់ដាក់កញ្ចក់កែវភ្នែក ឬកែវភ្នែកជាមួយអ្នកដទៃ។
- កុំប្រើអាងហែលទឹក។
- បើអ្នកមានរោគសញ្ញាភ្នែកក្រហម ត្រូវសម្រាកពីកន្លែងធ្វើការ ឬសាលារៀន ដើម្បីចៀសវាងការឆ្លងទៅមនុស្សផ្សេងទៀត
២. សម្រាប់បុគ្គលដែលមិនទាន់មានជំងឺភ្នែកក្រហមត្រូវអនុវត្ត
- លាងដៃឱ្យបានញឹកញាប់ជាមួយសាប៊ូ និងទឹកក្តៅឧណ្ហៗយ៉ាងហោចណាស់ ២០វិនាទី។ លាងសម្អាតដៃឱ្យបានស្អាត មុននិងក្រោយពេលសម្អាតឬដាក់ថ្នាំបន្តក់ភ្នែក ឬដាក់ថ្នាំលាបលើភ្នែកអ្នកជំងឺ ។ ប្រសិនបើមិនមានសាប៊ូនិងទឹកទេ សូមប្រើទឹកលាងដៃដែលមានជាតិអាកុល យ៉ាងតិច ៦០% ដើម្បីលាងសម្អាតដៃ។
- លាងសម្អាតដៃរបស់អ្នកបន្ទាប់ពីប៉ះពាល់ជាមួយអ្នកមានជំងឺភ្នែកក្រហម ឬរបស់ដែលគាត់ប្រើ និងលាងដៃរបស់អ្នកបន្ទាប់ពីលាបថ្នាំបន្តក់ភ្នែក ឬក្រែមលាបភ្នែកឱ្យអ្នកជំងឺ ឬកាន់សម្លៀកបំពាក់អ្នកជំងឺ។
- ចៀសវាងការប៉ះពាល់ភ្នែករបស់អ្នកដោយដៃដែលមិនបានលាងសម្អាត។
- កុំប្រើរបស់របរប្រើប្រាស់ជាមួយអ្នកជំងឺដូចជា ខ្នើយ ភួយ ស្រោមពូក និងកន្សែង ទឹកបន្តក់ភ្នែក គ្រឿងសម្អាតភ្នែក ឬគ្រឿងសម្អាងលាងមុខ ជក់ផាត់មុខ កញ្ចក់កែវភ្នែក ស្រោមដាក់កញ្ចក់ភ្នែកឬ កែវភ្នែក។
- ចៀសវាងការប៉ះពាល់ផ្ទាល់ ឬចាប់ដៃអ្នកមានជំងឺភ្នែកក្រហម។
- រក្សាគម្លាតឱ្យបានឆ្ងាយ ដោយសារជំងឺភ្នែកក្រហមបង្ករដោយវីរុស និងបាក់តេរីឆ្លងតាមខ្យល់តាមការក្អកនិងកណ្តាស់នៃអ្នកមានជំងឺភ្នែកក្រហម ។
- កុំប៉ះវត្ថុ ឬផ្ទៃដែលមានវីរុសឬបាក់តេរី បន្ទាប់មកប៉ះភ្នែករបស់អ្នកដោយមិនបានលាងសម្អាតដៃ ។
៣.ការបង្ការកុំឱ្យមានជំងឺភ្នែកក្រហមឡើងវិញ
- បោះចោលហើយជំនួសគ្រឿងសម្អាងភ្នែក ឬមុខ ឬជក់ផាត់មុខដែលអ្នកបានប្រើពេលមានជំងឺភ្នែកក្រហម
- បោះចោលកែវភ្នែកដែលប្រើ និងប្រអប់ដាក់កែវភ្នែកដែលអ្នកបានប្រើពេលឈឺភ្នែកក្រហម
- បោះចោលនូវទឹកបន្តក់ភ្នែកដែលអ្នកធ្លាប់ប្រើពេលឈឺភ្នែកក្រហម។
- សម្អាតវ៉ែនតានិងស្រោមដាក់វ៉ែនតាដែលអ្នកបានប្រើពេលអ្នកឈឺភ្នែកក្រហម។
៤.ការថែទាំព្យាបាល
ករណីភាគច្រើននៃជំងឺឆ្លងភ្នែកក្រហមគឺស្រាលឬ ជាធម្មតាការឆ្លងនឹងជាសះស្បើយក្នុងរយៈពេលពី ៧ទៅ ១៤ថ្ងៃ ដោយមិនតម្រូវឱ្យមានការព្យាបាល និងមិនមានផលវិបាករយៈពេលវែងនោះទេ។ ទោះយ៉ាងណាក៏ដោយក្នុងករណីខ្លះ ការរលាកភ្នែកដោយវីរុសត្រូវការរយៈពេល ២ទៅ ៣ សប្តាហ៍ ឬច្រើនជាងនេះដើម្បីជាសះស្បើយ ។ គ្រូពេទ្យអាចផ្តល់ថ្នាំទីប៊ីយោទិច ដូចជាថ្នាំបន្តក់ភ្នែក ឬថ្នាំដាកភ្នែក។ ការឱ្យថ្នាំដាក់ភ្នែកជួយបន្ថយរយៈពេលនៃការឆ្លង កាត់បន្ថយផលវិបាក និងកាត់បន្ថយការរីករាលដាលដល់អ្នកដទៃ៕