Alynana Media Cambodia
Icon Collap
RK Clinic
clinic narit

អ៊ីរ៉ង់ ឲ្យប្រទេសឥស្លាមទាំងអស់ពួតដៃគ្នាដាក់ទណ្ឌកម្មលើ អ៊ីស្រាអែល

Admin Alynana | Oct 20, 2023
អ៊ីរ៉ង់ ឲ្យប្រទេសឥស្លាមទាំងអស់ពួតដៃគ្នាដាក់ទណ្ឌកម្មលើ អ៊ីស្រាអែល
Clinic narith

បើយោងតាមរដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោក Hossein Amir-Abdollahian បានឲ្យដឹងថា សមាជិកនៃអង្គការសហប្រតិបត្តិការឥស្លាម (OIC) ទាំងអស់គួរតែពួតដៃគ្នាដាក់ទណ្ឌកម្មប្រេង និងទណ្ឌកម្មផ្សេងទៀតលើអ៊ីស្រាអែល ហើយបណ្តេញឯកអគ្គរដ្ឋទូតអ៊ីស្រាអែលទាំងអស់ ជុំវិញការវាយប្រហារដ៏សាហាវទៅលើមន្ទីរពេទ្យ al-Ahli Arab នៅតំបន់ហ្គាហ្សា ។

ការកត់សម្គាល់របស់លោក Amir-Abdollahian ធ្វើឡើងនៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីពេលថ្មីៗនេះ ចំពេលមានកិច្ចប្រជុំបន្ទាន់របស់ OIC នៅទីក្រុង Jeddah នៃប្រទេសអារ៉ាប៊ីសាអូឌីត ដើម្បីពិភាក្សាអំពីការកើនឡើងនៃជម្លោះអ៊ីស្រាអែល និងប៉ាឡេស្ទីន ។

ក្រសួងការបរទេសបាននិយាយថា “រដ្ឋមន្ត្រីការបរទេសអំពាវនាវឲ្យប្រទេសឥស្លាមទាំងអស់មានការដាក់ទណ្ឌកម្មជាបន្ទាន់ និងពេញទំហឹងលើអ៊ីស្រាអែល រួមទាំងទណ្ឌកម្មប្រេង បន្ថែមពីលើការបណ្តេញឯកអគ្គរដ្ឋទូតអ៊ីស្រាអែល ប្រសិនបើទំនាក់ទំនងជាមួយរបប Zionist ត្រូវបានបង្កើតឡើងមែននោះ” ។

ស្របពេលជាមួយគ្នានេះ លោក Amir-Abdollahian ក៏បានអំពាវនាវឲ្យមានការបង្កើតក្រុមមេធាវីឥស្លាម ដើម្បីចងក្រងឯកសារឧក្រិដ្ឋកម្មសង្គ្រាមដែលកំពុងប្រព្រឹត្តដោយអ៊ីស្រាអែលនៅតំបន់ហ្គាហ្សាផងដែរ ។

ទន្ទឹមនោះ ការអំពាវនាវរបស់អ៊ីរ៉ង់កើតមានឡើង ក្រោយពេលដែលមានការវាយឆ្មក់តាមអាកាសរបស់អ៊ីស្រាអែលទៅលើមន្ទីរពេទ្យមួយកន្លែងក្នុងតំបន់ហ្គាហ្សាកាលពីថ្ងៃអង្គារ ដោយបានសម្លាប់មនុស្សប្រហែល ៥០០ នាក់ និងជិត ១ ពាន់នាក់បានរងរបួស ។គួរបញ្ជាក់ថា ភាពតានតឹងថ្មីដែលបានផ្ទុះឡើងនៅមជ្ឈិមបូព៌ាបានអូសបន្លាយពេលដល់ថ្ងៃទី១៣ ហើយ បន្ទាប់ពីក្រុមហាម៉ាស់បានបើកការវាយប្រហារមកលើទឹកដីអ៊ីស្រាអែលចេញពីតំបន់ហ្គាហ្សាស្ទ្រីបកាលពីព្រឹកព្រលឹមថ្ងៃទី៧ ខែតុលា ដោយបានសម្លាប់មនុស្សជាង ១,៤០០ នាក់ ដែលភាគច្រើនជាជនស៊ីវិល ។

ចំណែកនៅតំបន់ហ្គាហ្សាវិញ ក្រសួងសុខាភិបាលដែលគ្រប់គ្រងដោយក្រុមហាម៉ាស់បាននិយាយថា ការឆ្លើយតបរបស់អ៊ីស្រាអែលបានសម្លាប់មនុស្សជិត ៤,០០០ នាក់ ហើយក្នុងនោះមានក្រុមសកម្មប្រយុទ្ធហាម៉ាស់ជាង ១,៥០០ នាក់នៅក្នុងទឹកដីអ៊ីស្រាអែល ខណៈមនុស្ស​ប្រមាណ ១២,០០០ នាក់បាន​រង​របួស ៕