Alynana Media Cambodia
Icon Collap
RK Clinic
clinic narit

ថៃអាចនឹងប្តូរទៅទិញនាវាចម្បាំងជំនួសនាវាមុជទឹកពីប្រទេសចិន ក្រោយកិច្ចព្រមព្រៀងមានបញ្ហា

Media LNN | Oct 25, 2023
ថៃអាចនឹងប្តូរទៅទិញនាវាចម្បាំងជំនួសនាវាមុជទឹកពីប្រទេសចិន ក្រោយកិច្ចព្រមព្រៀងមានបញ្ហា
Clinic narith

(បាងកក)៖ រដ្ឋមន្រ្តីការពារជាតិថៃ បាននិយាយកាលពីថ្ងៃអង្គារសប្តាហ៍នេះថា រដ្ឋាភិបាលថៃអាចនឹងប្តូរទៅទិញនាវាចម្បាំងវិញ ជំនួសឱ្យនាវាមុជទឹកពីប្រទេសចិន បន្ទាប់ពីភាគីចិនមិនអាចផ្តល់ម៉ាស៉ីនអាល្លឺម៉ង់ ដូចដែលបានបញ្ជាក់នៅក្នុងកិច្ចព្រមព្រៀងដើម។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នៅថ្ងៃពុធ ទី២៥ ខែតុលា ឆ្នាំ២០២៣។

ប្រទេសថៃបានចំណាយថវិកាសរុបប្រមាណ ៧ពាន់លានបាត ឬស្មើនឹង១៩៣.៧លានដុល្លាររួចទៅហើយ ទៅកាន់ចិន សម្រាប់ការទិញ​នាវាមុជទឹក Yuan Class S26T ១គ្រឿងក្នុងចំណោម៣គ្រឿង ដែលបំពាក់ម៉ាស៉ីលម៉ាស៊ូតផលិតដោយអាល្លឺម៉ង់ ប៉ុន្តែកិច្ចព្រមព្រៀង​ត្រូវបានពន្យារពេល នៅពេលអាល្លឺម៉ង់ហាមឃាត់ការប្រើប្រាស់ម៉ាស៉ីនរបស់ខ្លួន សម្រាប់ផលិតផលយោធានាំចេញរបស់ចិន។ ចិនបានស្នើ​បំពាក់ម៉ាស៉ីនផលិតដោយចិនផ្ទាល់ ជំនួសម៉ាស៉ីនអាល្លឺម៉ង់ នៅក្នុងកិច្ចចរចាប៉ុន្មានជុំកន្លងមក ប៉ុន្តែពុំទទួលបានលទ្ធផលសម្រេច នោះទេ។

រដ្ឋមន្រ្តីការពារជាតិថៃ លោក Sutin Klungsang បាននិយាយថា រដ្ឋាភិបាលថៃបានលើកឡើងទៅកាន់ចិន អំលុងទស្សនកិច្ចរបស់​នាយករដ្ឋមន្រ្តី លោក សេដ្ឋា ថាវីស៉ីន កាលពីសប្តាហ៍មុនថា ទីក្រុងបាងកកចង់ទិញនាវាចម្បាំងថ្នាក់ frigate ជំនួសឱ្យនាវាមុជទឹក។ បើតាមលោក Sutin ខាងភាគីចិនកំពុងតែពិចារណាលើរឿងនេះ ហើយនឹងមានការពិភាក្សាគ្នាបន្ថែមទៀត នៅខែក្រោយ។

រដ្ឋាភិបាលថៃមុន សម្រេចបានកិច្ចព្រមព្រៀងដើម្បីទិញនាវាមុជទឹក១គ្រឿងដំបូង ក្នុងចំណោម៣គ្រឿង កាលពីឆ្នាំ២០១៧ សម្រាប់តម្លៃ​៣៧៣.៥៥លានដុល្លារ។ រីឯការបញ្ជាទិញសម្រាប់នាវាមុជទឹក២គ្រឿងទៀត សម្រាប់តម្លៃ៦២២.៥៨លានដុល្លារ ទទួលបានការអនុម័ត​ជាបឋម ដោយគណៈកម្មាធិការនៃសភាថៃ កាលពីឆ្នាំ២០២០។

គួរបញ្ជាក់ថា កិច្ចព្រមព្រៀងនាវាមុជទឹកចិន បានបង្កឱ្យមានការរិះគន់ចំពោះរដ្ឋាភិបាលថៃមុន ដោយក្រុមប្រឆាំងនិងអ្នករិះគន់បានលើកអំពី​សំណួរថា តើវាជាប្រយោជន៍សម្រាប់ប្រជាជនថៃដទៃឬទេ ហើយនាវាមុជទឹកពិតជាចាំបាច់សម្រាប់សន្តិសុខជាតិឬយ៉ាងណា។ កងទ័ពជើងទឹក​នៃប្រទេសថៃ ធ្លាប់បានអះអាងថា ការទិញនាវាមុជទឹកគឺមានសារសំខាន់ ចំពោះផលប្រយោជន៍ការពារជាតិររយៈពេលវែងរបស់ថៃ៕