Alynana Media Cambodia
Icon Collap
RK Clinic
clinic narit

វិបត្តិអចលទ្រព្យ ធ្វើឱ្យចំនួនមហាសេដ្ឋីចិនថយចុះ

Media LNN | Oct 26, 2023
វិបត្តិអចលទ្រព្យ ធ្វើឱ្យចំនួនមហាសេដ្ឋីចិនថយចុះ
Clinic narith

បញ្ជីសេដ្ឋីដែលបានចេញផ្សាយដោយទស្សនាវដ្តី Hurun បង្ហាញថា អ្នកមានបំផុតនៅចិនដែលមានទ្រព្យសម្បត្តិលើសពី៥ពាន់លានយ័ន (៦៩០លានដុល្លារ) បានថយចុះ១៥ភាគរយបើធៀបនឹងឆ្នាំ ២០២១។ ការធ្លាក់ចុះយ៉ាងខ្លាំងបែបនេះ មួយផ្នែកដោយសារតែវិបត្តិអចលនទ្រព្យ។

ទស្សនាវដ្ដីសៀងហៃ Hurun បានចេញផ្សាយបញ្ជីអ្នកមានលំដាប់កំពូលនៅស្រុកចិន​ឆ្នាំ​នេះ​មានចំនួន ១២៤១ នាក់។ ទ្រព្យសកម្មសរុបរបស់អ្នកទាំងនេះបានថយចុះ ៤ភាគរយបើធៀបទៅនឹងឆ្នាំមុនមកត្រឹម ៣២០០ ពាន់លានដុល្លារ។ 

មនុស្សប្រហែល ៨៩៨នាក់បានកត់ត្រាពីការថយចុះ ឬជាប់គាំងនៃទ្រព្យសម្បត្តិ។ បើតាម Hurun នេះឆ្លុះបញ្ចាំងពីសេដ្ឋកិច្ចដែលរងផលប៉ះពាល់ដោយវិបត្តិអចលនទ្រព្យ និងការកើនឡើងនៃការប្រកួតនៅក្នុងវិស័យពាណិជ្ជកម្មអេឡិចត្រូនិក។

នៅឆ្នាំនេះ មនុស្សចំនួន ១៧៩នាក់បានធ្លាក់ចេញពីបញ្ជីអ្នកមាននៅចិនរបស់ Hurun ក្នុងនោះ ១៥ភាគរយជាម្ចាស់ក្រុមហ៊ុនវិស័យអចលនទ្រព្យ។ វិស័យនេះបានធ្លាក់ក្នុងវិបត្តិតាំងពី ២ឆ្នាំមុន ហើយមិនមានសញ្ញានៃការងើបឡើងវិញគួរឱ្យកត់សម្គាល់នោះទេ។ 

« ចំនួនមហាសេដ្ឋីនៅចិនបានថយចុះចំនួន ៥២នាក់ក្នុងមួយឆ្នាំ និង ២៩០នាក់ក្នុងរយៈពេល ២ឆ្នាំ។ យ៉ាងណា ចិននៅតែជាប្រទេសដែលមានចំនួនមហាសេដ្ឋីច្រើនជាងគេនៅលើពិភពលោកដែលមានចំនួន ៨៩៥នាក់ ច្រើនជាងអាម៉េរិកប្រហែល ២០០នាក់ និងឥណ្ឌាជិត ៣ដង» ។ នេះបើតាមការលើកឡើងរបស់លោក Rupert Hoogeweft ប្រធានក្រុមហ៊ុន Hurun ។

នៅឆ្នាំនេះ ម្ចាស់ក្រុមហ៊ុនទឹកសុទ្ធ Nongfu Spring Zhong Shanshan បានក្លាយជាអ្នកមានបំផុតនៅចិនជាលើកទីបីជាប់ៗគ្នាជាមួយនឹងទ្រព្យសម្បត្តិ ៦២ពាន់លានដុល្លារ។ តាមពីក្រោយដោយលោក Ma Huateng របស់ក្រុមហ៊ុន Tencent ជាមួយទ្រព្យសម្បត្តិ ៣៨,៦ពាន់លានដុល្លារ។ 

ជារួមមហាសេដ្ឋីអចលនទ្រព្យបានរងផលប៉ះពាល់ខ្លាំងបំផុតកាលពីឆ្នាំមុន។ Wang Jianlin ស្ថាបនិកក្រុមហ៊ុនអចលនទ្រព្យ Dalian Wanda Group បានបាត់បង់ ៧,៣ពាន់លានដុល្លារច្រើនជាងគេក្នុងបញ្ជី។ លោកបានធ្លាក់ចំណាត់ថ្នាក់ពី ៥៧ មកលេខ៨៩ ជាមួយនឹងទ្រភ្យ ៦,៤ពាន់លានដុល្លារ។ លោក Wang ធ្លាប់ជាបុរសមានបំផុតនៅចិន។

ទន្ទឹមនេះ ស្ថាបនិកក្រុមហ៊ុនអចលនទ្រព្យកំពូលរបស់ចិន Evergrande លោក Hui Ka Yan ជាប់ចំណាត់ថ្នាក់ទី ២៦៨ នៅឆ្នាំនេះ។ លោកកំពុងស្ថិតនៅក្រោមការស៊ើបអង្កេតពីបទសង្ស័យនៅក្នុងមុខជំនួញមួយនេះកាលពីខែមុន។

អ្នកដែលមានទ្រព្យសកម្មកើនឡើងខ្លាំងបំផុតនៅឆ្នាំនេះគឺលោក Colin Huang ស្ថាបនិកក្រុមហ៊ុនពាណិជ្ជកម្មអេឡិចត្រូនិកតម្លៃថោក Pinduoduo ។ លោកបានបន្ថែមទ្រព្យចំនួន ១៣,៨ពាន់លានដុល្លារកាលពីឆ្នាំមុន ដែលបច្ចុប្បន្នជាមហាសេដ្ឋីលំដាប់ទី៣ នៅចិនដែលមាន ៣៧,២ពាន់លានដុល្លារ។ នេះជាលើកទីមួយហើយដែលលោកកាន់តំណែងនេះ។ 

លើសពីនេះស្ថាបនិកក្រុមហ៊ុន Alibaba លោក Jack Ma បានធ្លាក់ចំណាត់ថ្នាក់ដល់ទី១០នៅឆ្នាំនេះ។ ចំនួនភាគទុនិករបស់ Alibaba នៅក្នុងបញ្ជីមានត្រឹមតែ១២សាជីវកម្មជំនួសឱ្យ១៨សាជីវកម្មកាលពីឆ្នាំមុន៕