Alynana Media Cambodia
Icon Collap
RK Clinic
clinic narit

ធនាគារកណ្ដាលអឺរ៉ុប និងធនាគារកណ្ដាលអាម៉េរិកទំនងជាផ្អាកដំឡើងអត្រាការប្រាក់បណ្ដោះអាសន្ន

Admin Alynana | Oct 26, 2023
ធនាគារកណ្ដាលអឺរ៉ុប និងធនាគារកណ្ដាលអាម៉េរិកទំនងជាផ្អាកដំឡើងអត្រាការប្រាក់បណ្ដោះអាសន្ន
Clinic narith

ធនាគារកណ្តាលអឺរ៉ុប ត្រូវបានគេរំពឹងថា នឹងបញ្ឈប់ការដំឡើងអត្រាការប្រាក់ដ៏ខ្លាំងក្លាបំផុតក្នុងប្រវត្តិសាស្ត្ររបស់ខ្លួននៅពេលក្រុមអ្នកបង្កើតគោលនយោបាយ នឹងជួបប្រជុំគ្នានៅទីក្រុងអាថែន ប្រទេសក្រិក ក្នុងសប្តាហ៍នេះ ហើយនៅប៉ុន្មានថ្ងៃមុននេះដែរ ធនាគារកណ្ដាលសហរដ្ឋអាម៉េរិក បានផ្ដល់សញ្ញាថា នឹងផ្អាកដំឡើងអត្រាការប្រាក់គោលនៅក្នុងកិច្ចប្រជុំលើកក្រោយផងដែរ។ នេះបើតាមការចេញផ្សាយរបស់សារព័ត៌មានធំៗជាច្រើន។

ធនាគារកណ្តាលអឺរ៉ុប(ECB) ត្រូវបានគេរំពឹងថា នឹងបញ្ឈប់ការដំឡើងអត្រាការប្រាក់ដ៏ខ្លាំងក្លាបំផុតនៅក្នុងប្រវត្តិសាស្ត្ររបស់ខ្លួននៅពេលក្រុមអ្នកបង្កើតគោលនយោបាយនឹងជួបប្រជុំគ្នានៅទីក្រុងអាថែនក្នុងសប្តាហ៍នេះ។

ទោះជាយ៉ាងណា ដោយសារតែអតិផរណាតំបន់ចាយប្រាក់អឺរ៉ូ ដែលកំពុងដំណើរការលើសពីគោលដៅរបស់ខ្លួន២ដង និងជម្លោះអ៊ីស្រាអែល-ក្រុមហាម៉ាស បានជំរុញឱ្យតម្លៃថាមពលឡើងថ្លៃនោះ ប្រធានធនាគារ ECB គឺលោកស្រី គ្រីស្ទីន ឡាហ្គាដ (Christine Lagarde) ត្រូវបានគេរំពឹងថា នឹងបញ្ជាក់ច្បាស់ថា តើត្រូវរក្សាអត្រាការប្រាក់ឱ្យនៅដដែល ឬក៏ដំឡើងថែមទៀតក្នុងពេលឆាប់ៗនេះ។

វិនិយោគិនភាគច្រើនដែលកំពុងតាមដានស្ថានភាពជិតជាប់គាំងសេដ្ឋកិច្ចនៅតំបន់ចាយប្រាក់អឺរ៉ូក្នុងឆ្នាំនេះ និងគន្លងនៃអតិផរណាធ្លាក់ចុះនោះ បានមើលឃើញឱកាស នៃការដំឡើងអត្រាការប្រាក់ថែមទៀត គឺមានលទ្ធភាពតិចតួចបំផុត។

លោក ខុនស្តេនទីន វ៉េត (Konstantin Veit) អ្នកគ្រប់គ្រងផលប័ត្រនៅក្រុមហ៊ុនវិនិយោគអាម៉េរិក គឺក្រុមហ៊ុន Pimco បាននិយាយថា ក្រុមអ្នកបង្កើតគោលនយោបាយនឹងរក្សាជម្រើសបើកចំហ សម្រាប់ការដំឡើងអត្រាការប្រាក់បន្ថែម ប៉ុន្តែលទ្ធភាពក្នុងការដំឡើងថែមទៀត គឺមានតិចតួចណាស់។

នៅប៉ុន្មានថ្ងៃមុននេះដែរ ប្រធានធនាគារកណ្តាលអាម៉េ​រិក (Fed) លោក ជេរ៉ូម ផៅវែល បានបង្ហាញថា ធនាគារកណ្តាលអាម៉េរិក មានទំនោរក្នុងការរក្សាអត្រាការប្រាក់ឱ្យថេរម្តងទៀតនៅក្នុងកិច្ចប្រជុំលើកក្រោយរបស់ខ្លួន ប៉ុន្តែលោកនៅតែទុកចំហលទ្ធភាពនៃការដំឡើងអត្រាការប្រាក់នាពេលអនាគត បើសិនអ្នកបង្កើតគោលនយោបាយមើលឃើញសញ្ញាបន្ថែមទៀតនៃកំណើនសេដ្ឋកិច្ចដែលរឹងមាំ។

ការលើកឡើងរបស់លោក ផៅវែល នេះ បានបញ្ជាក់យ៉ាងច្បាស់ពីការរំពឹងទុករបស់ទីផ្សារ ដែលថា ធនាគារកណ្ដាលអាម៉េ​រិក នឹងផ្អាកដំឡើងអត្រាការប្រាក់សម្រាប់កិច្ចប្រជុំជាប់គ្នាជាលើកទី២ ដែលនឹងធ្វើចាប់ពីថ្ងៃទី៣១ ខែតុលា ដល់ថ្ងៃទី១ ខែវិច្ឆិកា។

ប្រធានធនាគារ Fed រូបនេះ ក៏បាននិយាយពីដំណើរការថ្មីៗនេះនៅក្នុងទិន្នផលរបស់ក្រសួងរតនាគារ រយៈពេលវែងដោយលោកបន្ថែមថា បើសិនទិន្នផលវិជ្ជមាននៅតែបន្ត នោះធនាគារនេះអាចកាត់បន្ថយតម្រូវការដំឡើងអត្រាការប្រាក់បន្ថែមទៀត«ក្នុងអត្រាមួយមានកម្រិត» និងបានបញ្ជាក់ពីសារសំខាន់ នៃការរឹតបន្តឹងលក្ខខណ្ឌហិរញ្ញវត្ថុចំពោះទស្សនវិស័យអត្រាការប្រាក់ក្នុងរយៈពេលប៉ុន្មានខែខាងមុខនេះ។

លោក ផៅវែល បាននិយាយកាលពីថ្ងៃទី១៩ ខែតុលា នៅឯក្លឹបសេដ្ឋកិច្ចនៅទីក្រុងញូវយ៉កថា ដោយហេតុតែមានភាពមិនច្បាស់លាស់ និងហានិភ័យ ដូច្នេះហើយគណៈកម្មាធិការរបស់ធនាគារនេះកំពុងដំណើរការយ៉ាងប្រុងប្រយ័ត្នបំផុត ដោយធនាគារនេះ នឹងសម្រេចចិត្តអំពីវិសាលភាពនៃការពង្រឹងគោលនយោបាយបន្ថែម និងរយៈពេលនៃការបន្តរឹតបន្តឹងគោលនយោបាយដោយផ្អែកលើចំនួនសរុបនៃទិន្នន័យក្នុងពេលខាងមុខ ទស្សនវិស័យវិវត្តន៍ និងតុល្យភាពនៃហានិភ័យ៕