Alynana Media Cambodia
Icon Collap
RK Clinic
clinic narit

រដ្ឋមន្រ្តីពាណិជ្ជកម្ម លើកទឹកចិត្តអ្នកផលិតសម្បុកត្រចៀកកាំ​កម្ពុជា ចាប់ដៃជាមួយ​ពាណិជ្ជករ​ឥណ្ឌូនេស៊ី ម៉ាឡេស៊ី និងថៃ

Admin Alynana | Oct 27, 2023
រដ្ឋមន្រ្តីពាណិជ្ជកម្ម លើកទឹកចិត្តអ្នកផលិតសម្បុកត្រចៀកកាំ​កម្ពុជា ចាប់ដៃជាមួយ​ពាណិជ្ជករ​ឥណ្ឌូនេស៊ី ម៉ាឡេស៊ី និងថៃ
Clinic narith

លោកស្រី ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានជំរុញ និងលើកទឹកចិត្ត ដល់សមាគមអ្នកផលិត អ្នកនាំចេញ និងអ្នកពាក់ព័ន្ធក្នុងវិស័យសម្បុកត្រចៀកកាំកម្ពុជា បន្តសហការនិងចាប់ដៃគ្នាជាមួយពាណិជ្ជករផ្គត់ផ្គង់​សម្បុក​ត្រចៀកកាំធំៗដូចជា ឥណ្ឌូនេស៊ី ម៉ាឡេស៊ី និងថៃ ដើម្បីបន្តពង្រឹងគុណភាព បង្កើនបរិមាណផលិត ការធានាបាន​នូវសិ្ថរភាពនៃការផ្តត់ផ្តង់ ការបំពេញបានតាមលក្ខខណ្ឌ និងនីតិវិធីតម្រូវនានាសម្រាប់ការនាំចេញទៅទីផ្សារអន្តរជាតិ។ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្មលើកឡើងបែបនេះ នៅក្នុងពិធីបិទ “វេទិកាធុរកិច្ចសម្បុកត្រចៀកកាំកម្ពុជា​ – Cambodia Bird’s Nest Business Forum” និងបើក “កម្មវិធីរាត្រីសមោសរត្រចៀកកាំកម្ពុជា​ ឆ្នាំ២០២៣”​ កាលពីពេល​ថ្មីៗនេះ។

លោកស្រីរដ្ឋមន្រ្តី បានវាយតម្លៃខ្ពស់ចំពោះសមាគមអ្នកផលិត និងនាំចេញសម្បុកត្រចៀកកាំកម្ពុជា ដែលបាន​ផ្តួចផ្តើម​គំនិតក្នុងការរៀបចំ “វេទិកាធុរកិច្ចសំបុកត្រចៀកកាំកម្ពុជា” ដែលជាការផ្តល់ឱកាសជូនអាជីវករ និងពាណិជ្ជករ​ជាតិ​ និងអន្តរជាតិក្នុងការកសាងទំនាក់ទំនង និងពង្រីកការធ្វើពាណិជ្ជកម្មលើវិស័យត្រចៀកកាំប្រកបដោយទំនុកចិត្ត និងបង្កលក្ខណៈឱ្យមានការផ្លាស់ប្តូរយោបល់ក្នុងការពង្រឹងវិស័យជួញដូរសម្បុកត្រចៀកកាំមួយកម្រិតទៀត។​

វេទិកានេះមានការចូលរួមពីសមាគមត្រចៀកកាំមកពីប្រទេសកម្ពុជា ថៃ វៀតណាម ម៉ាឡេស៊ី និងចិន ក្នុងគោលបំណងជំរុញការនាំចេញសំបុកត្រចៀកកាំកម្ពុជា ដោយផ្តល់ឱកាសជូនអាជីវករ និងពាណិជ្ជករជាតិ និងអន្តរជាតិក្នុងវិស័យសំបុកត្រចៀកកាំ ដើម្បីពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម ស្វែងរកដៃគូអាជីវកម្ម និងបង្កើនការនាំចេញសម្បុកត្រចៀកកាំកម្ពុជាទៅកាន់ទីផ្សារអន្តរជាតិ តាមរយៈវេទិកាធុរកិច្ចដ៏សំខាន់នេះ។

លោកស្រី វ៉ា សុជិន ប្រធានសមាគមអ្នកផលិត និងនាំចេញសម្បុកត្រចៀកកាំកម្ពុជា បានឱ្យដឹងថា សមាគមបាន​កំពុងធ្វើការផ្សព្វផ្សាយពីវិស័យសម្បុកត្រចៀកកាំកម្ពុជា ឱ្យកាន់តែទូលំទូលាយទៅកាន់ទីផ្សារក្នុងស្រុក និងអន្តរជាតិ, កសាងទំនាក់ទំនងរវាងពាណិជ្ជករក្នុងស្រុក និងអន្តរជាតិ ដើម្បីឈានដល់ការធ្វើពាណិជ្ជកម្មជាមួយគ្នា​ប្រកបដោយ​ទំនុកចិត្ត, បង្កើតឱកាសឱ្យវិស័យពាក់ព័ន្ធចូលរួមគាំទ្រ និងទទួលបានផលប្រយោជន៍ តាមរយៈការបង្ហាញនូវផលិតផល និងសេវាកម្មរបស់ខ្លួន និងស្វែងរកការគាំទ្រពីរាជរដ្ឋាភិបាល ក៏ដូចជាភាគីពាក់ព័ន្ធ ដើម្បីសម្របសម្រួលក្នុងការនាំចេញ នាំចូលផលិតផលត្រចៀកកាំដោយស្របច្បាប់។

ផលិត​ផល​ត្រចៀកកាំ​កម្ពុជា​បច្ចុប្បន្ន មាន​តម្លៃប្រហាក់​ប្រហែល​​ឆ្នាំ ២០២២​ ដែរ ដោយ​សម្បុក​ត្រ​ចៀក​កាំ​មិនទាន់​សម្អាត មាន​តម្លៃ​ពី​ជាង ៤០០-៨០០ ​ដុល្លារ និង​ផលិតផល​ទឹកមាត់​ត្រចៀក​កាំ​សម្អាត​រួចហើយ​តម្លៃ​ពី ១ ៥០០ ដល់ ៣ ៥០០​ ដុល្លារ​។​

សូមបញ្ជាក់ថា កម្ពុជាមានផ្ទះត្រចៀកកាំ ប្រមាណជាង ៥ពាន់ផ្ទះ ដោយមានកំណើនក្នុងរង្វង់ ១៥% ជារៀងរាល់ឆ្នាំ។ កំណើនសំណង់ផ្ទះត្រចៀកកាំនេះ បានធ្វើឱ្យមានកំណើនបរិមាណផលិតផលសម្បុកត្រចៀកកាំ ជារៀងរាល់ឆ្នាំ ដោយជាមធ្យមមានប្រមាណ ១០០តោន ក្នុងមួយឆ្នាំ សម្រាប់ផ្គត់ផ្គង់នៅលើទីផ្សារ​៕