Alynana Media Cambodia
Icon Collap
RK Clinic
clinic narit

ជប៉ុនបានឈរកំពូលតារាង បានបោះទុនវិនិយោគច្រើនជាងគេនៅថៃ ខណៈទុនវិនិយោគបរទេសថៃធ្លាក់ចុះជិត១៧%

Admin Alynana | Oct 27, 2023
ជប៉ុនបានឈរកំពូលតារាង បានបោះទុនវិនិយោគច្រើនជាងគេនៅថៃ ខណៈទុនវិនិយោគបរទេសថៃធ្លាក់ចុះជិត១៧%
Clinic narith

ស្របពេលដែលពិភពលោកកំពុងតែប្រឈមមុខនឹងរលកនៃបញ្ហាថ្មីៗជាបន្តបន្ទាប់ អាជ្ញាធរថៃ បានអះអាងថា លំហូរទុនវិនិយោគបរទេសក្នុងវិស័យផ្សេងៗនៅក្នុងប្រទេសថៃ មានការធ្លាក់ចុះជិត១៧% នៅ៩ខែ ឆ្នាំ២០២៣នេះ។ ក្នុងរយៈពេលនេះ ថៃអាចទាក់ទាញគម្រោងវិនិយោគមានទឹកប្រាក់ត្រឹមតែ៨៤ពាន់លានបាត ឫប្រមាណ២ពាន់៣០០លានដុល្លារប៉ុណ្ណោះ។ វិនិយោគិនជប៉ុនបានឈរកំពូលតារាង ដែលបានបោះទុនវិនិយោគច្រើនជាងគេនៅប្រទេសថៃនៅ៩ខែកន្លងមកនេះ។

ទិន្នន័យរបស់ក្រសួងពាណិជ្ជកម្មថៃ បានបង្ហាញឱ្យឃើញថា ចាប់ពីខែមករា ដល់ខែកញ្ញា ឆ្នាំ២០២៣ ប្រទេសថៃ ទទួលបានគម្រោងវិនិយោគបរទេសសរុបជាង៤៩០គម្រោងជាមួយទុនវិនិយោគសរុបជិត៨៤ពាន់លានបាត ឫជាង២ពាន់៣រយលានដុល្លារ។ ទំហំទុនវិនិយោគបរទេសនេះមានការធ្លាក់ចុះជិត១៧% បើធៀបនឹងទំហំវិនិយោគក្នុងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ នេះបើយោងតាមការចុះផ្សាយដោយសារព័ត៌មាន The Nation។

បើតាមក្រសួងពាណិជ្ជកម្មថៃ នៅពេញមួយខែកញ្ញា ឆ្នាំ២០២៣ ថៃទាក់ទាញគម្រោងវិនិយោគមានទុនសរុបជាង១៨ពាន់លានបាត ឫជាង៥០០លានដុល្លារ កើនឡើងជិត១៧០% បើធៀបនឹងខែសីហា។ ប៉ុន្តែស្ថានភាពអាចមានការប្រែប្រួលមកវិញនៅខែតុលា ដោយសារតែរលកនៃសង្គ្រាមរវាងអ៊ីស្រាអែល និងក្រុមហាម៉ាស។

ជប៉ុនគឺជាប្រទេសដែលមានអ្នកវិនិយោគទុនមកបណ្តាក់ទុននៅថៃច្រើនជាងគេនៅ៩ខែឆ្នាំនេះ បន្ទាប់មកគឺអាម៉េរិក និងសិង្ហបុរី ហើយគម្រោងវិនិយោគសរុបជាង៥១% គឺប្រមូលផ្តុំនៅខេត្តរ៉ាយ៉ង ដែលជាបេះដូងនៃច្រករបៀងសេដ្ឋកិច្ចភាគខាងកើតរបស់ថៃ។

ទន្ទឹមនឹងគម្រោងវិនិយោគមានការធ្លាក់ចុះ គម្រោងផែនការទាក់ទាញទេសចរបរទេសរបស់ថៃ ដែលរំពឹងថា នឹងអាចទាក់ទាញបានពី២៧ ទៅ២៨លាននាក់នៅឆ្នាំនេះ ក៏កំពុងតែប្រឈមមុខនឹងបញ្ហាផងដែរ ដោយសារតែរលកថ្មីៗនៃបញ្ហាសកល និងបញ្ហាចាស់មិនទាន់បញ្ចប់៕