Alynana Media Cambodia
Icon Collap
RK Clinic
clinic narit

អូស្ត្រាលី​ត្រៀម​​ផែនការ​ជម្លៀស​ពលរដ្ឋ​របស់​ខ្លួន​ពី​តំបន់​មជ្ឈិម​បូព៌ា

Admin Alynana | Oct 28, 2023
អូស្ត្រាលី​ត្រៀម​​ផែនការ​ជម្លៀស​ពលរដ្ឋ​របស់​ខ្លួន​ពី​តំបន់​មជ្ឈិម​បូព៌ា
Clinic narith

ទីក្រុង​ស៊ីដនី​៖ អូស្ត្រាលី​កំពុង​ត្រៀម​បញ្ជូន​កង​កម្លាំ​ការពារ​ក្នុង​ចំនួន​ដ៏​ច្រើន​មួយ រួម​ជាមួយ​យន្តហោះ២​គ្រឿង​ ពី​កងកម្លាំង​ជើង​អាកាសរបស់​ខ្លួន​ទៅ​កាន់​តំបន់​មជ្ឈិមបូព៌ា។

លោក Richard Marles នាយក​រដ្ឋមន្ត្រី​ស្ដីទី​អូស្ត្រាលី ​បាន​ថ្លែង​ថា​ ដោយសារតែ​មូលហេតុ​សន្តិសុខ លោក​មិន​អាច​បង្ហាញ​អំពី​ទីតាំង​ជាក់លាក់​ដែល​យន្តហោះ​ទាំង​ពីរ​គ្រឿង​ និង​កងកម្លាំង​ត្រូវ​ចុះ​ចត​នោះ​ទេ។

លោក Marles​ ថ្លែង​ថា​ មានពលរដ្ឋ​អូស្ត្រាលី​ចំនួន ៧៩ នាក់​កំពុង​ស្ថិត​នៅ​តំបន់​ហ្កាហ្សា ដែល​ជា​តំបន់​ច្រក​ឆ្នេរ​សមុទ្រ​ស្ថិត​ក្រោម​ការ​ទម្លាក់​គ្រាប់​បែក​ពីសំណាក់​អ៊ីស្រាអែល ចាប់តាំង​ពី​មាន​ការ​វាយ​ប្រហារ​ដោយ​ក្រុម​ជន​សកម្ម​ប្រយុទ្ធ​ហាម៉ាស់​ទៅ​លើ​សហគមន៍​អ៊ីស្រាអែល​ កាល​ពី​ដើម​ខែ​តុលា​មក។ រដ្ឋាភិបាល​ក្រុង​កង់បេរ៉ា បាន​ធ្វើ​មាតុភូមិនិវត្ត​ពលរដ្ឋ​របស់​ខ្លួន​តាមជើង​យន្តហោះ​ជា​ច្រើន​លើក​រួច​ហើយ ដើម្បី​ឲ្យពួក​គេ​ចាក​ចេញ​ពី​អ៊ីស្រាអែល​ បើ​ទោះ​បីជា​ជើងហោះហើរ​ថ្មី​ៗសម្រាប់​ការ​ជម្លៀស​នេះ​មិន​ទាន់​ត្រូវ​បាន​កំណត់​ក៏ដោយ។ លោក Marles បាន​ឲ្យ​ដឹង​ថា បច្ចុប្បន្ន​នេះ​ នៅ​មាន​ពលរដ្ឋ​អូស្ត្រាលី​ «ក្នុង​ចំនួន​ច្រើន​» កំពុង​មាន​វត្តមាន​នៅ​តំបន់​មជ្ឈិមបូព៌ា​នៅ​ឡើយ។

លោក​ថ្លែង​ប្រាប់​សារព័ត៌មាន​ក្នុង​ស្រុក​កាល​ពី​ថ្ងៃ​ពុធ​កន្លង​ទៅ​ថា ការ​ពង្រាយ​យោធានឹង​អាច​ជួយ​ដល់​ការ​ជម្លៀស​នេះ​ ប្រសិន​បើ​ជម្លោះ​រវាង​អ៊ីស្រាអែល​ និង​ក្រុម​ហាម៉ាស់​ រីករាល​ដាល​កាន់​តែ​ខ្លាំងឡើង​នោះ​។

លោក​ថ្លែង​ដូច្នេះ​ថា៖ «មូលហេតុ​ដែល​យើង​សម្រេច​ឲ្យ​មាន​ការ​ពង្រាយ​កងយោធា គឺ​ដើម្បី​ផ្ដល់​តម្លៃ​ដ៏​សំខាន់​បំផុត​សម្រាប់​ពលរដ្ឋ​អូស្ត្រាលី​ដែល​កំពុង​ស្ថិត​នៅ​តំបន់​មជ្ឈិម​បូព៌ា​ ប្រសិន​បើ​ជម្លោះ​នេះ​វិវត្ត​ទៅ​កាន់តែ​អាក្រក់​ជាង​មុន​នោះ។ វា​ជា​ស្ថាន​ភាព​ដែល​មាន​គ្រោះថ្នាក់​មួយ។ យើង​សង្ឃឹមថា​ស្ថានភាព​វា​នឹង​មិន​វិវត្តន៍​ទៅដូច្នោះ​ទេ»។ យើង​សង្ឃឹមថាសង្គ្រាម​នេះ​កើត​មាន​តែ​ក្នុង​រង្វង់​អ៊ីស្រាអែល​និង​ហ្កាហ្សាទៅ​ចុះ។ យើង​ចង់​បញ្ជាក់​ថា​យើង​មាន​ការ​ត្រៀម​ខ្លួន​ទុកជាមុន​ ក្នុង​ករណី​ដែល​បញ្ហាវិវត្តន៏​កាន់​តែ​អាក្រក់ឡើងនោះ»។ ​

ប្រទេស​អូស្ត្រាលី​មាន​ទំនាក់​ទំនង​ការទូត​ជាមួយ​អ៊ីស្រាអែល​តាំង​ពី​ឆ្នាំ ១៩៤៩មក។ ក្រសួង​ការបរទេស​និង​ពាណិជ្ជកម្ម​អូស្ត្រាលីក្នុង​រដ្ឋធានីកង់បេរ៉ា ​ថ្លែង​ថា «អូស្ត្រាលីមាន​ទំនាក់​ទំនង​ដ៏​កក់​ក្ដៅ និង​ជិតស្និទ្ធ​ជាមួយប្រទេស​អ៊ីស្រាអែល»។ នៅ​លើ​ឆាក​នយោបាយ​ រដ្ឋាភិបាល​ក្រុង​កង់បេរ៉ា​ ប្ដេជ្ញា​គាំទ្រ​យន្តការដំណោះស្រាយ​រដ្ឋពីរ​ two-state solution ដែល​តាម​រយៈ​យន្តការ​នេះ អ៊ីស្រាអែល​ និង អនាគត​រដ្ឋ​ប៉ាឡេស្ទីន អាច​កើត​មាន​ឡើង​ក្នុង​ដែនដី​ដែល​មាន​ព្រំដែន​ទទួល​ស្គាល់​ជា​អន្តរជាតិ។

អាជ្ញាធរទីក្រុង​កង់បេរ៉ា​កាល​ពីពេល​ថ្មីៗ​នេះ បាន​ធ្វើ​បច្ចុប្បន្នភាព​ទៅ​លើ​ការណែនាំ​សម្រាប់​ការ​ធ្វើ​ដំណើរ​ចាប់តាំង​ពី​អំពើ​ហិង្សា​បាន​ផ្ទុះ​ឡើង​នៅ​ដើម​ខែ​តុលា​មក។ អាជ្ញាធរ​អូស្ត្រាលី​ ​បាន​ជំរុញ​ឲ្យ​ពលរដ្ឋ​របស់​ខ្លួន​ពិចារណា​ម្ដង​ទៀត​ អំពី​ភាព​ចាំបាច់​ក្នុង​ការ​ធ្វើ​ដំណើរ​ទៅ​កាន់​អ៊ីស្រាអែល​ និង ដែនដី​ប៉ាឡេស្ទីន​ដែល​អ៊ីស្រាអែល​កាន់កាប់ ​ដោយសារ​តែ​ស្ថានការណ៍​សន្តិសុខ​នោ​ទីនោះ​ងាយ​ប្រែប្រួល។

ការណែនាំ​ស្រដៀងគ្នា​នេះ ក៏​ត្រូវ​បាន​ធ្វើឡើង​ផង​ដែរ​សម្រាប់​ប្រទេស​អេហ្ស៊ីប។ ពលរដ្ឋ​អូស្ត្រាលី​ត្រូវ​បាន​លើក​ទឹកចិត្ត​កុំ​ឲ្យ​ធ្វើ​ដំណើរ​ទៅ​កាន់​ប្រទេស​លីបង់។​ចំណែក​នៅ​ក្នុង​ប្រទេស​ហ្ស៊កដានី​វិញ​ ពលរដ្ឋ​អូស្ត្រាលីត្រូវ​បាន​អាជ្ញាធរ​ណែនាំ​ឲ្យ​មាន​ការ​ប្រុង​ប្រយ័ត្ន​ខ្ពស់​ ពាក់​ព័ន្ធ​ទៅ​នឹង​ការ​គំរាមកំហែង​បណ្ដាល​មក​ពី​ការ​វាយ​ប្រហារ​ពី​ពួក​ភេរវជន៕