Alynana Media Cambodia
Icon Collap
RK Clinic
clinic narit

សេដ្ឋកិច្ចកម្ពុជារំពឹងថា សម្រេចបានកំណើនក្នុងរង្វង់ ៦.៦% នៅឆ្នាំ២០២៤ ខណៈចំណូលប្រជាជនម្នាក់រំពឹងកើនដល់ ២០៧១ដុល្លារ

Media LNN | Oct 30, 2023
សេដ្ឋកិច្ចកម្ពុជារំពឹងថា សម្រេចបានកំណើនក្នុងរង្វង់ ៦.៦% នៅឆ្នាំ២០២៤ ខណៈចំណូលប្រជាជនម្នាក់រំពឹងកើនដល់ ២០៧១ដុល្លារ
Clinic narith

 

(ភ្នំពេញ)៖ សម្រាប់ឆ្នាំ២០២៤ សេដ្ឋកិច្ចកម្ពុជានឹងបន្តនិន្នាការកើនឡើង ដោយរំពឹងថាសម្រេចបានកំណើនក្នុងរង្វង់ ៦.៦% ដែលធ្វើឲ្យផលិតក្នុងស្រុកសរុប (ផ.ស.ស) ថ្លៃបច្ចុប្បន្នស្ថិតក្នុងរង្វង់ ១៤២ ៩៥៧ ប៊ីលានរៀល សមមូលនឹងប្រមាណ ៣៥ ១៦៨ លានដុល្លារ។ នេះបើតាម​ខ្លឹមសារសង្ខេបនៃសេចក្តីព្រាងច្បាប់ ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ ២០២៤ ដែលផ្សព្វផ្សាយដោយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។

ឯកសារខ្លឹមសារសង្ខេបនៃសេចក្តីព្រាងច្បាប់បានបញ្ជាក់ទៀតថា ផ.ស.ស សម្រាប់មនុស្សម្នាក់ ត្រូវបានរំពឹងថានឹងកើនឡើងដល់ ២ ០៧១ ដុល្លារបើធៀបនឹងប្រមាណ ១ ៩១៧ ដុល្លារ ក្នុងឆ្នាំ២០២៣។ ការរំពឹងទុកនូវកំណើន ៦.៦% នេះ ត្រូវបានគាំទ្រដោយវិស័យសេដ្ឋកិច្ចសំខាន់ៗ ដូចខាងក្រោម៖

ទី១៖ វិស័យឧស្សាហកម្មត្រូវបាន ព្យាករថានឹងបន្តនិន្នាការកើនឡើងក្នុងរង្វង់ ៨.៥% ក្នុងឆ្នាំ២០២៤ ពីប្រមាណ ៥.០% ក្នុងឆ្នាំ២០២៣ ដោយសារការរំពឹងទុក ការងើបឡើងវិញនៃអនុវិស័យកាត់ដេរ ស្របពេលដែលអនុវិស័យកម្មន្តសាល មិនមែនកាត់ដេរនៅបន្តរក្សាបានកំណើនរឹងមាំ ខណៈដែលអនុវិស័យសំណង់នៅបន្តមានកំណើនទាប។

ទី២៖ វិស័យសេវាកម្ម ត្រូវបានព្យាករថា នឹងបន្តនិន្នាការល្អ ក្នុងអត្រាកំណើន ៦.៩% ក្នុងឆ្នាំ ២០២៤ ពីមូលដ្ឋានល្អក្នុងរង្វង់ ៨.១% ក្នុងឆ្នាំ២០២៣ ដោយសារការបន្តងើបឡើងវិញ នៃសកម្មភាពសេដ្ឋកិច្ច ក្នុងស្រុក ជាពិសេសអនុវិស័យសណ្ឋាគារ និងភោជនីយដ្ឋាន ដែលក៏នឹងមានផលជះជាវិជ្ជមាន ដល់វិស័យ-អនុវិស័យគាំទ្រផ្សេងៗទៀត រួមមាន អនុវិស័យលក់ដុំ-រាយ និងដឹកជញ្ជូន ជាដើម។

ទី៣៖ វិស័យកសិកម្មរំពឹងថា នឹងបន្តសម្រេចបានកំណើនល្អ ក្នុងរង្វង់ ១,១% ក្នុងឆ្នាំ ២០២៤ ធៀបនឹង ០,៩% ក្នុងឆ្នាំ ២០២៣ ដោយសារការបន្តនិន្នាការល្អនៃអនុវិស័យដំណាំ និងការបន្តងើបឡើងវិញនៃអនុវិស័យ នេសាទ ខណៈដែលអនុវិស័យចិញ្ចឹមសត្វនៅបន្តមានស្ថិរភាព។

បើទោះបីជាសេដ្ឋកិច្ចកម្ពុជាក្នុងឆ្នាំ២០២៤ ត្រូវបានរំពឹងថា នឹងបន្តងើបឡើងវិញក្នុងអត្រាកំណើន ៦.៦% យ៉ាងណាក្តី, កម្ពុជាក៏នឹងនៅបន្តជួបប្រទះនឹងហានិភ័យ និងបញ្ហាប្រឈមចម្បងៗ ជាពិសេសពីកត្តាខាងក្រៅ ដែលអាចធ្វើឲ្យកំណើនខាងលើនេះ មិនអាចសម្រេចបានតាមការគ្រោងទុក ក៏ដូចជាអាចទាញពន្យឺតដល់កំណើនសេដ្ឋកិច្ចកម្ពុជា ជារួមក្នុងរយៈពេលមធ្យមខាងមុខ ដែលក្នុងនោះរួមមាន៖

១៖ ការកើនឡើងនូវភាពតានតឹងភូមិសាស្រ្តនយោបាយតំបន់ និងសកល,
២៖ ការថមថយសេដ្ឋកិច្ចសកល ជាពិសេសបណ្តាប្រទេសដែលជាដៃគូពាណិជ្ជកម្មកម្ពុជា,
៣៖ ការបន្តរឹតបន្តឹងយូរជាងការរំពឹងទុកនៃគោលនយោបាយរូបិយវត្ថុ ជាពិសេសសហរដ្ឋអាមេរិក និងការបន្តកើនឡើងថ្លៃរូបិយប័ណ្ណដុល្លារអាមេរិក ដែលអាចប៉ះពាល់ដល់រំហូរទុនវិនិយោគ និងពាណិជ្ជកម្ម,
៤៖ ការបន្តឡើងថ្លៃ ឬកម្រិតខ្ពស់នៃថ្លៃថាមពល និងទំនិញជារួមលើទីផ្សារអន្តរជាតិ,
៥៖ ការបែកខ្ញែកភូមិសាស្ត្រសេដ្ឋកិច្ចកំពុងកាត់បន្ថយនូវការចូលរួមក្នុងចរន្តសកលភាវូបនីយកម្ម ស្របជាមួយនឹងការកើនឡើងនៃនិន្នាការពហុប៉ូល និងការបែងចែកប្លុកសេដ្ឋកិច្ច និងពាណិជ្ជកម្ម និង
៦៖ ការកើនឡើងនូវផលប៉ះពាល់ជាអវិជ្ជមាន កាន់តែធ្ងន់ធ្ងរនៃការប្រែប្រួលអាកាសធាតុ។

ចំពោះកត្តាខាងក្នុង កម្ពុជានៅបន្តប្រឈមនឹងបញ្ហាជារចនាសម្ព័ន្ធមួយចំនួន ដូចជាភាពប្រកួតប្រជែងនៅមានកម្រិត និងល្បឿនទាបនៃការធ្វើពិពិធកម្មសេដ្ឋកិច្ច ព្រមទាំងការបន្តពឹងផ្អែកខ្លាំង លើតម្រូវការខាងក្រៅ៕