Alynana Media Cambodia
Icon Collap
RK Clinic
clinic narit

សម្តេចធិបតី ហ៊ុន ម៉ាណែត ដាក់ចេញអនុសាសន៍៥ចំណុច ដើម្បីឱ្យរដ្ឋបាលរាជធានី-ខេត្ត ពង្រឹងការផ្តល់សេវាសាធារណៈ និងដោះស្រាយបញ្ហា

Media LNN | Oct 30, 2023
សម្តេចធិបតី ហ៊ុន ម៉ាណែត ដាក់ចេញអនុសាសន៍៥ចំណុច ដើម្បីឱ្យរដ្ឋបាលរាជធានី-ខេត្ត ពង្រឹងការផ្តល់សេវាសាធារណៈ និងដោះស្រាយបញ្ហា
Clinic narith

(ភ្នំពេញ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានដាក់ចេញអនុសាសន៍៥ចំណុច ដើម្បីឱ្យរដ្ឋបាលរាជធានី-ខេត្ត ពង្រឹងសេវាសាធារណៈរបស់ខ្លួន និងដោះស្រាយបញ្ហាក្នុងមូលដ្ឋាន ឲ្យមានប្រសិទ្ធភាព សម្រាប់រាជរដ្ឋាភិបាល អាណត្តិទី៧នេះ។

ការផ្តល់អនុសាសន៍នេះ បានធ្វើឡើង នៅក្នុងឱកាសដែល សម្ដេចធិបតី នាយករដ្ឋមន្រ្តី អញ្ជើញជាអធិបតីភាពសម្ពោធអគាររដ្ឋបាលថ្មី និងសមិទ្ធផលនៅខេត្តកំពង់ស្ពឺ និងប្រកាសជាខេត្តអស់មីន នាព្រឹកថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៣បនេះ។

អនុសាសន៍៥ចំណុច របស់សម្តេចធិបតី សម្រាប់រដ្ឋបាលរាជធានី-ខេត្តនេះរួមមានដូចតទៅ៖

១៖ រដ្ឋបាលរាជធានី-ខ​េត្ត ត្រូវចូលរួមពង្រឹងការជ្រើសរើសមន្រ្តីចូលបម្រើការងារ ​ប្រកបដោយគុណាធិបតេយ្យ តម្លាភាព យុត្តិធម៌ បរិយាបន្ន និងប្រសិទ្ធភាព ពោលគឺត្រូវធានាថាមន្រ្តីជាអ្នកបម្រើប្រជាជន ប្រកបដោយសមត្ថភាព ក្រមសីលធម៌ និងវិជ្ជាជីវៈខ្ពស់។

២៖ រដ្ឋបាលរាជធានី-ខេត្ត ត្រូវដាក់ចេញនូវយន្តការរាយការណ៍ ឬយន្តការទទួលពាក្យបណ្តឹងអំពីបញ្ហាណាមួយ ពីសំណាក់បងប្អូនប្រជាពលរដ្ឋដោយងាយស្រួល និងទាន់ពេល ហើយត្រូវឆ្លើយតបជូនបងប្អូនប្រជាពលរដ្ឋវិញ ឱ្យបានឆាប់រហ័ស និងដោយប្រសិទ្ធភាពខ្ពស់។ រដ្ឋបាលរាជធានីខេត្ត ក៏ត្រូវសហការ និងផ្តល់ការគាំទ្រដល់អាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ

៣៖ រដ្ឋបាលរាជធានី-ខេត្ត ត្រូវធ្វើយ៉ាងណាផ្តល់សេវាសាធារណៈឱ្យបានល្អបំផុត ដល់បងប្អូនប្រជាពលរដ្ឋ និងដាច់ខាត មិនត្រូវធ្វើឱ្យសេវាសាធារណៈទាំងនេះ ស្មុគស្មាញ និងបង្កជាបន្ទុកបន្ថែមដល់បងប្អូនប្រជាពលរដ្ឋនោះឡើយ។

៤៖ រដ្ឋបាលរាជធានី-ខេត្ត ត្រូវតាមដានជាប់នូវគោលនយោបាយរបស់ថ្នាក់ជាតិ របស់រាជរដ្ឋាភិបាល និងត្រូវត្រៀមខ្លួនជានិច្ចដើម្បីធ្វើការងារ ដែលត្រូវធ្វើប្រតិភូកម្ម ឱ្យមានប្រសិទ្ធភាពខ្ពស់ ទទួលសិទ្ធិអំណាច ហើយទទួលខុសត្រូវ។

និង៥៖ រដ្ឋបាលរាជធានី-ខេត្តត្រូវពង្រឹងភាពស្អាតស្អំរបស់ខ្លួន ជាពិសេសត្រូវចៀសវាងនូវការប្រើប្រាស់អំណាចខុសច្បាប់ ធ្វើឱ្យប៉ះពាល់ដល់ផលប្រយោជន៍ប្រជាពលរដ្ឋ រាជរដ្ឋាភិបាល នឹងចាត់វិធានការឱ្យបានតឹងរ៉ឹងបំផុត ប្រសិនបើករណីរំលោភអំណាចកើតមានឡើង។ រាជរដ្ឋាភិបាល នឹងជួយដល់រដ្ឋបាលរាជធានីខេត្ត ក្រុងស្រុកខណ្ឌ ឱ្យមានលទ្ធភាព និងសមត្ថភាព ដើម្បីបំពេញភារកិច្ចរបស់ខ្លួនឱ្យកាន់តែល្អប្រសើរ៕