Alynana Media Cambodia
Icon Collap
RK Clinic
clinic narit

ខេត្តកំពតបង្ហាញគោលដៅទេសចរណ៍៣៦កន្លែង ដើម្បីទាក់ទាញទេសចរទៅទស្សនាកម្សាន្ត

Media LNN | Oct 30, 2023
ខេត្តកំពតបង្ហាញគោលដៅទេសចរណ៍៣៦កន្លែង ដើម្បីទាក់ទាញទេសចរទៅទស្សនាកម្សាន្ត
Clinic narith

(កំពត)៖ ខេត្តកំពត បានរៀបចំអភិវឌ្ឍន៍គោលដៅទេសចរណ៍ចាស់ និងស្ថាបនាគោលដៅ​ទេសចរណ៍ថ្មី ​ប្រមាណ៣៦កន្លែង ​ដើម្បីទាក់ទាញភ្ញៀវទេសចរជាតិអន្តរជាតិឱ្យទៅទស្សនាកម្សាន្ត ហើយបណ្តាអ្នកផ្តល់ សេវា នៅតាមគោលដៅទេសចរណ៍ទាំងនោះ បានឯកភាពគ្នារក្សាតម្លៃ​សមរម្យ ​និងបញ្ចុះតម្លៃសេវាកម្មខ្លួន ថែមទៀត ​កំលុងខេត្តកំពតរៀបចំពិធីបុណ្យអុំទូក នៅខែក្រោយនេះ ។

ម្ចាស់អាជីវកម្មទេសចរណ៍នៅខេត្តកំពត ​បាននិយាយថា បច្ចុប្បន្ន ​បើទោះខេត្តកំពត ទទួលបាន ភ្ញៀវទេសចរជាតិ អន្តរជាតិ តិច ឬច្រើនកម្រិតណាក៏ដោយ ​ក៏មូលដ្ឋានអាជីវកម្មទេសចរណ៍ រមណីយដ្ឋាន ទេសចរណ៍នានា ​មិនធ្វើការដំឡើងថ្លៃសេវា ​និងបង្កើនការផ្តល់សេវាប្រកប​ដោយ​គុណភាព និងអភិវឌ្ឍន៍​ មូលដ្ឋាន​ទេសចរណ៍ឲ្យល្អថែមទៀត​ ដើម្បីបង្កើនភាពទាក់ទាញ ។

លោក សយ ស៊ីណុល ប្រធានមន្ទីរទេសចរណ៍ខេត្តកំពត ​បានឱ្យដឹងថា ​បច្ចុប្បន្ន ​ខេត្តកំពត មាន ប៉ូលទេសចរណ៍ចំនួនបីធំៗ រួមមាន៖ ទី១- ប៉ូលទេសចរណ៍តំបន់ម្លិច ទី២- បូកគោ និងទី៣- ប៉ូលទេស ​ចរណ៍តំបន់ទឹកឈូ ដែលគោលដៅទេសចរណ៍ចាស់ ​និងបង្កើតថ្មី ចំនួន៣៦កន្លែង ហើយ​គោលដៅ​ទេសចរណ៍​ទាំងនោះ ភាគច្រើនជាគោលដៅទេសចរណ៍វប្បធម៌ ​ប្រវត្តិសាស្ត្រ ធម្មជាតិ កសិទេសចរណ៍ ដែលមានភាពទាក់ទាញ។

លោក សយ ស៊ីណុល ​បានបញ្ជាក់ថា​ បច្ចុប្បន្ន ​គ្រប់មូលដ្ឋានអាជីវកម្មទេសចរណ៍ ​នៅខេត្តកំពត បានបើកដំណើរការឡើងវិញអស់ហើយ​ ដែលក្នុងរយៈពេល៩ខែ ឆ្នាំនេះ ខេត្តកំពត​ បាន​ទទួលភ្ញៀវ ទេសចរក្នុងស្រុកដូចសភាពដើមវិញហើយ ​ចំណែកទេសចរអន្តរជាតិ ​គឺទទួលបានប្រមាណ៨០% ហើយនឹងត្រឡប់ទៅរកភាពដើមវិញ ​នៅដំណាច់ឆ្នាំនេះ ​និងឆ្នាំក្រោយ ៕