Alynana Media Cambodia
Icon Collap
RK Clinic
clinic narit

ក្រសួងការងារ និងសហព័ន្ធឧស្សាហកម្មយានយន្ត បង្ហាញចក្ខុវិស័យរួម ដើម្បីលើក​កម្ពស់​វិស័យការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ

Media LNN | Oct 31, 2023
ក្រសួងការងារ និងសហព័ន្ធឧស្សាហកម្មយានយន្ត បង្ហាញចក្ខុវិស័យរួម ដើម្បីលើក​កម្ពស់​វិស័យការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ
Clinic narith

 

(ភ្នំពេញ)៖ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅថ្ងៃទី៣១ ខែតុលា ឆ្នាំ​២០២៣​នេះ បានជួបពិភាក្សាជាមួយលោកបណ្ឌិត តាន់ មុន្នីវណ្ណ ប្រធានសហព័ន្ធ​ឧស្សាហកម្ម​យានយន្ត​កម្ពុជា នៅទីស្តីការក្រសួងការងារ និងបណ្តុះបណ្តាល​វិជ្ជាជីវៈ​ក្នុង​គោល​បំណង ដើម្បី​ឱ្យ​ភាគី​ទាំង​ពីរបានស្វែងយល់ពីចក្ខុវិស័យរួមរវាងរដ្ឋ និងវិស័យឯកជន​ក្នុង​ការ​លើក​កម្ពស់​វិស័យ​ការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈនៅកម្ពុជាឱ្យកាន់តែប្រសើរឡើងបន្ថែមទៀត។

ក្នុងនាមជារដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ឯកឧត្តម ហេង សួរ បាន​លើក​ឡើង​ពី​ចក្ខុវិស័យ​រួម​របស់ក្រសួងក្នុងការពង្រឹង និងធ្វើឱ្យប្រសើរឡើងនូវវិស័យការងារ សន្តិសុខសង្គម និង​បណ្តុះបណ្តាល​វិជ្ជា​ជីវៈ​នៅ​កម្ពុជា​ ដើម្បី​ជា​ឧត្តម​ប្រយោជន៍​ជូន​ប្រជាពលរដ្ឋ​ក្នុង​វិស័យ​ស្នូល​ទាំង៣នេះ​ ដែលជាការគិតគូរយ៉ាងយកចិត្តទុកដាក់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត​ នាយក​រដ្ឋ​មន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងអាណត្តិទី៧នេះ។

ក្នុងនោះ ឯកឧត្តមរដ្ឋមន្ត្រី បានបង្ហាញ​ពីគោល​បំណង​កម្ម​វិធី​ថ្នាក់​ជាតិ​របស់​សម្តេចធិបតី​ក្នុង​ការ​បណ្តុះ​បណ្តាល​យុវជនមកគ្រួសារក្រីក្រ និងងាយរងហានិភ័យ ដែលនឹងប្រកាសនៅ​ខែ​វិច្ឆិកា​ខាង​មុខ​នេះ ដើម្បីឱ្យក្រុមគោលដៅទាំងអស់ មានជំនាញ និងទទួលបានការងារឆាប់រហ័ស និង​សមរម្យ ហើយសម្បូរណ៌បែបក្នុងទីផ្សារកម្ពុជានាពេលបច្ចុប្បន្ន។ បន្ថែមពីនេះ ឯកឧត្តម បាន​រំលេច​ជូន​ដល់សហព័ន្ធថា កម្មវិធីនេះ នឹងកែប្រែកម្ពុជា​ពី​អតិពលកម្ម​ទៅ​ជា​កម្លាំង​ពលកម្ម​ដែល​មាន​ជំនាញជាក់លាក់និងច្បាស់លាស់ដើម្បីធានាការប្រកួតប្រជែងផង និង​ការ​ទាក់​ទាញ​វិនិយោគ​ថ្មី​ៗ​បន្ថែមផងសម្រាប់បង្កើនឱកាសការងារជូនពលរដ្ឋ។

ក្នុងកិច្ចពិភាក្សាប្រកបដោយភាពស្និទ្ធស្នាលនោះ គណៈប្រតិភូសហព័ន្ធ ក៏បាន​ជម្រាប​ឯកឧត្តម​រដ្ឋ​មន្ត្រី​ពី​វឌ្ឍនភាព និងបច្ចុប្បន្ន​ភាព​នៃ​ការ​បោះទុន​វិនិយោគ​របស់​សមាជិក​សហព័ន្ធ​នីមួយៗ​ដែល​ក្រុម​ហ៊ុន​ខ្លះបា​នផ្តើមវត្តមាននៅកម្ពុជាតាំងពីឆ្នាំ១៩៩៣ ហើយបានពង្រីក​ទំហំ​វិនិយោគ​រាប់​លាន​ដុល្លារ​ដែល​បានបង្កើតឱកាសការងារសម្រាប់ពលរដ្ឋក្នុងប្រទេស។

ក្រៅពីនេះ ប្រតិភូសហព័ន្ធ ក៏បានរាយការណ៍​ជូន​ពី​ការ​បណ្តុះ​បណ្តាល​កូន​ជាង​ដែល​ក្រុម​ហ៊ុន​ខ្លួន​បាន​អនុវ​ត្តដែលបង្ហាញពីការចូលរួមអភិវឌ្ឍធនធានមនុស្សនៅកម្ពុជាផងដែរ។

យ៉ាង​ណាក៏​ដោយ មុននឹងបញ្ចប់ឯកឧត្តមរដ្ឋមន្ត្រី បានស្នើ​ឱ្យ​សហព័ន្ធ​យានយន្ត​បន្ត​ចូល​រួម​ជាមួយ​រដ្ឋាភិបាល​ឱ្យ​កាន់​តែច្រើន​ឡើង​បន្ថែម​ទៀត​នូវ​ការ​អនុវត្ត​កាតព្វកិច្ច​ការ​ហ្វឹកហ្វឺន​កូន​ជាង​របស់​ក្រុម​ហ៊ុន​នីមួយៗ ដែលនឹងផ្តល់បទពិសោធន៍ចំណេះដឹង និងឱកាសការងារ​ដល់​សិក្ខាកាម​ដែល​ភាគ​ច្រើន​បានសិក្សានៅសាលាបណ្តុះបណ្តាលបច្ចេកទេសវិជ្ជាជីវៈ៕