Alynana Media Cambodia
Icon Collap
RK Clinic
clinic narit

កីឡាករ ដាវ លីឌុច៖ «ពេលបានជួបសម្ដេចធិបតី ហ៊ុន ម៉ាណែត ខ្ញុំមានអារម្មណ៍កក់ក្ដៅ គ្រប់គ្នានៅកម្ពុជាចិត្តល្អ»

Media LNN | Nov 03, 2023
កីឡាករ ដាវ លីឌុច៖ «ពេលបានជួបសម្ដេចធិបតី ហ៊ុន ម៉ាណែត ខ្ញុំមានអារម្មណ៍កក់ក្ដៅ គ្រប់គ្នានៅកម្ពុជាចិត្តល្អ»
Clinic narith

 

(ភ្នំពេញ)៖ កីឡាករ ដាវ លីឌុច ដែលតំណាងឱ្យប្រទេសមីយ៉ាន់ម៉ា អំឡុងពេលមកប្រទេសកម្ពុជាដើម្បីត្រៀមប្រកួតជាមួយកីឡាករខ្មែរ ព្រំ សំណាង នោះ ក៏ទទួលបានការអនុញ្ញាតឱ្យចូលជួបសម្ដែងការគួរសមជាមួយសម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ដូចបំណងប្រាថ្នាមែន។

ក្នុងជំនួបដែលបានធ្វើឡើងនៅថ្ងៃទី២ ខែតុលា ឆ្នាំ២០២៣ នៅវិមានសន្តិភាពនោះ កីឡាករ ដាវ លីឌុច មានអារម្មណ៍ទទួលបានភាពកក់ក្ដៅពីសំណាក់សម្ដេចធិបតីនាយករដ្ឋមន្ត្រី ហើយបានមើលឃើញថាប្រជាពលរដ្ឋកម្ពុជាមានសណ្ដានចិត្តល្អ ដែលជំរុញឱ្យកីឡាករអាជីពលំដាប់ពិភពលោករូបនេះមានចិត្តចង់ជួយប្រទេសកម្ពុជា ពិសេសគឺលើកស្ទួយក្បាច់គុនខ្មែរតែម្ដង។

នៅលើទំព័រហ្វេសប៊ុកផ្លូវការរបស់ខ្លួន ដាវ លីឌុច បានសរសេរថា «នេះពិតជាកិត្តិយសដ៏ឧត្តុងឧត្តម និងទទួលបានឯកសិទ្ធិក្រៃលែង ដែលត្រូវបានអញ្ជើញដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា មកកាន់វិមានសន្តិភាព។ សម្តេចមានការអប់រំដ៏ខ្ពង់ខ្ពស់ ហើយបាននិយាយជាមួយខ្ញុំជាភាសាកំណើតរបស់ខ្ញុំ គឺភាសាបារាំង និងភាសាអង់គ្លេស។ ខ្ញុំមានការចាប់អារម្មណ៍យ៉ាងខ្លាំង។ សម្តេចជាសុភាពបុរសមួយរូប ដោយបានយកចិត្តទុកដាក់មែនទែនដល់ភរិយារបស់ខ្ញុំ Irina ត្រូវតែមានវត្តមាននៅក្នុងការថតរូបជាមួយគ្នា»។

កីឡាករ ដាវ លីឌុច បានបន្តថា រូបគាត់មានអារម្មណ៍ទទួលបានការស្វាគមន៍យ៉ាងកក់ក្តៅនៅព្រះរាជាណាចក្រកម្ពុជា។ គ្រប់គ្នាមានភាពរួសរាយរាក់ទាក់ និងមានចិត្តល្អ។

ដាវ លីឌុច គិតថា លោកខាងលិចត្រូវការស្វែងយល់បន្ថែមទៀតអំពីប្រទេសកម្ពុជា។ រូបលោកស្រឡាញ់ប្រទេសនេះរួចទៅហើយ ហើយលោកឃើញសក្ដានុពលជាច្រើនក្នុងការប្រើក្បាច់គុនដើម្បីពង្រីកវិស័យទេសចរណ៍។ ដូចដែលសម្តេចធិបតី ហ៊ុន ម៉ាណែត បានមានប្រសាសន៍ក្នុងកិច្ចប្រជុំរបស់យើងថា សម្តេចគាំទ្រយ៉ាងពេញទំហឹងចំពោះក្បាច់គុនបុរាណ ហើយកងទ័ពត្រូវបានស្នើឱ្យរៀនគុនខ្មែរ ដើម្បីឱ្យមានវិន័យ និងកម្លាំងរឹងមាំ។ កីឡាករ ដាវ លីឌុច គិតថា វាជាគំនិតផ្តួចផ្តើមដ៏អស្ចារ្យ។

ការប្រកួតនេះគឺគ្រាន់តែជាការចាប់ផ្តើមនៃការចូលរួមរបស់លោកនៅកម្ពុជាតែប៉ុណ្ណោះ។ ការប្រកួតនេះមានតែអ្នកឈ្នះមួយរូបគត់ ហើយកំពុងទាក់ទាញចំណាប់អារម្មណ៍ទូទាំងពិភពលោកមកលើកម្ពុជា និងគុនខ្មែរ។ កីឡាករ ដាវ លីឌុច គិតថាការរីកចម្រើនដ៏ធំនឹងកើតមានឡើង ហើយលោកចង់ជួយប្រជាជនក្នុងដំណើរផ្សងព្រេងនេះ។

សូមជម្រាបថា កីឡាករមកពីភូមា ដាវ លីឌុច នឹងការប្រកួតជាមួយកីឡាករខ្មែរ ព្រំ សំណាង នៅថ្ងៃអាទិត្យ ទី៥ ខែវិច្ឆិកា ឆ្នាំ២០២៣ ខាងមុខនេះ៕