Alynana Media Cambodia
Icon Collap
RK Clinic
clinic narit

អាជ្ញាធរឥណ្ឌាបិទសាលារៀននៅទីក្រុងញូដេលី ខណៈដែលខ្យល់ពុលឈានដល់ដំណាក់កាលគ្រោះថ្នាក់ខ្លាំង

Admin Alynana | Nov 04, 2023
អាជ្ញាធរឥណ្ឌាបិទសាលារៀននៅទីក្រុងញូដេលី ខណៈដែលខ្យល់ពុលឈានដល់ដំណាក់កាលគ្រោះថ្នាក់ខ្លាំង
Clinic narith

ប្រទេសឥណ្ឌាសម្រេចចិត្តបិទសាលារៀនជាច្រើនកន្លែងនៅទីក្រុងញូដេលីចាប់ពីថ្ងៃនេះតទៅដើម្បីការពារសុខភាពរបស់កូនសិស្សនៅពេលដែលបញ្ហាចុះអ័ព្ទ និងខ្យល់កខ្វក់កើតឡើងកាន់តែខ្លាំងនៅក្នុងបរិយាកាស។ អាជ្ញាធររកឃើញថាកម្រិតជាតិពុលនៃខ្យល់បានហក់ឡើងដល់កម្រិតប្រកាសអាសន្នហើយនៅក្នុងទីតាំងជាច្រើនកន្លែងនៃរដ្ឋធានីញូដេលី។

តាមពិត វាជារឿងធម្មតា ឲ្យតែដល់រដូវរងា តែងតែមានការចុះអ័ព្ទក្រាស់ឃ្មឹកនៅក្នុងបរិយាកាសនៃទីក្រុងញូដេលី និងទីក្រុងតូច-ធំដទៃទៀត។ ក៏ប៉ុន្តែឆ្នាំនេះហាក់ដូចជាមានសភាពខ្លាំងក្លាជាងរាល់ដងដោយសារការបូកបន្ថែមជាមួយភាគល្អិត និងកម្ទេចកម្ទីដែលហុយចេញពីការដ្ឋានសំណង់។

ក្រៅពីនេះ ប្រទេសឥណ្ឌាប្រើប្រាស់ឡាន និងយានយន្តដទៃទៀតចាស់ៗដែលធ្វើឲ្យបញ្ចេញឧស្ម័នកាបូនិចកាន់តែច្រើន។ រឹតតែធ្ងន់ធ្ងរជាងនេះ កសិករត្រូវការដុតរុក្ខជាតិងាប់ៗដើម្បីរានដីដាំដំណាំ។

ម៉្លោះហើយ ផ្សែងទាំងនេះហុយចូលទីក្រុងញូដេលីធ្វើឲ្យមនុស្សរកខ្សល់ស្អាតសម្រាប់ដកដង្ហើមគ្មានទេ។ នៅតាមរដ្ឋ១ចំនួនជុំវិញទីក្រុងញូដេលី ករណីមនុស្សកើតជំងឺផ្លូវដង្ហើមហក់ឡើងខ្ពស់នៅក្នុងចំណោមពលរដ្ឋប្រហែលម្ភៃលាននាក់។

ថ្ងៃនេះ ក្រុមអ្នកវាយតម្លៃខាងបរិស្ថានឈ្មោះអាយឃ្យូអ៊ែ (IQAir) ដែលមានទីស្នាក់ការនៅប្រទេសស្វីសចាត់ទុកថាញូដេលីជាទីក្រុងដែលទទួលរងការបំពុលដោយផ្សែង និងការចុះអ័ព្ទដ៏ធ្ងន់ធ្ងរបំផុតនៅលើពិភពលោក។ អាជ្ញាធរយល់ថាបញ្ហានេះមិនអាចប្រសើរឡើងវិញនៅក្នុងពេលឆាប់ៗនេះទេ។ អាចថាត្រឹម២សប្ដាហ៍ទៅមុខទៀតក៏មិនទាន់ដឹងយ៉ាងណានៅឡើយផង៕