Alynana Media Cambodia
Icon Collap
RK Clinic
clinic narit

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ «រាជរដ្ឋាភិបាលបានចាត់ទុកការបង្កើតការងារ គឺជាការបង្កើតឆ្នាំងបាយសម្រាប់ប្រជាជន»

Media LNN | Nov 07, 2023
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ «រាជរដ្ឋាភិបាលបានចាត់ទុកការបង្កើតការងារ គឺជាការបង្កើតឆ្នាំងបាយសម្រាប់ប្រជាជន»
Clinic narith

(ព្រះសីហនុ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា មានប្រសសន៍ថា ឈរលើមូលដ្ឋាននៃការគិតគូរអំពីអត្ថប្រយោជន៍ និងការយកចិត្តទុកដាក់ដល់ប្រជាជនជាអាទិភាព រាជរដ្ឋាភិបាលបានចាត់ទុកការបង្កើតការងារ គឺជាការបង្កើតឆ្នាំងបាយសម្រាប់ប្រជាជន។

សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា ថ្លែងក្នុងឱកាសពិធីសំណេះសំណាលជាមួយកម្មករ-និយោជិត ក្នុងតំបន់សេដ្ឋកិច្ចពិសេស ខេមបូឌា ចេជាង ហ្គ័រជី អេសអ៊ីហ្សេត ស្រុកព្រៃនប់ ខេត្តព្រះសីហនុ នាព្រឹកថ្ងៃទី៧ វិច្ឆិកា ២០២៣នេះថា បច្ចុប្បន្នក្រោមម្លប់សន្តិភាព ស្ថិរភាព និងគោលនយោបាយដ៏ត្រឹមត្រូវរបស់រាជរដ្ឋាភិបាល បានធ្វើឱ្យកម្ពុជាមានសមត្ថភាពម្ចាស់ការផលិតដោយខ្លួនឯង ហើយមានសមត្ថភាពផលិតទំនិញគុណភាពខ្ពស់ និងស្តង់ដារ ដើម្បីនាំចេញទៅក្រៅប្រទេស ផងដែរ បន្ទាប់ពីបានឆ្លងកាត់ការកែទម្រង់ជាច្រើនដំណាក់កាល ក្នុងនោះក៏មានការកែទម្រង់ទីផ្សារ ពីសេដ្ឋកិច្ចផែនការ មកជាសេដ្ឋកិច្ចទីផ្សារ ជាសក្ខីភាពស្រាប់ ។

សម្ដេចធិបតីថ្លែងថា ឈរលើមូលដ្ឋាននៃការគិតគូរអំពីអត្ថប្រយោជន៍ និងការយកចិត្តទុកដាក់ដល់ប្រជាជនជាអាទិភាព រាជរដ្ឋាភិបាលបានចាត់ទុកការបង្កើតការងារ គឺជាការបង្កើតឆ្នាំងបាយសម្រាប់ប្រជាជន។ ជាក់ស្តែង ខេត្តព្រះសីហនុ ជាខេត្តដែលពោរពេញដោយសក្តានុពលក្នុងវិស័យការងារ ដើម្បីបង្កើតផលប្រយោជន៍ឱ្យបានកាន់តែល្អប្រសើរបន្ថែមទៀតជូនប្រជាពលរដ្ឋ ដោយក្នុងនេះ ចាំបាច់ត្រូវធានាឱ្យបាននូវកត្តា ៣ យ៉ាង គឺ៖ ១. កត្តាសុខសន្តិភាព-ស្ថិរភាព, ២. កត្តាគោលនយោបាយត្រឹមត្រូវ ដូចជា គោលនយោបាយបញ្ចប់សង្គ្រាម គោលនយោបាយសេដ្ឋកិច្ចបើកចំហ និងគោលនយោបាយការទូតល្អ, និង ៣. កត្តាហេដ្ឋារចនាសម្ព័ន្ធតភ្ជាប់ និងធនធានមនុស្ស។

សម្ដេចបញ្ជាក់ថា៖«ដូចនេះ យើងទាំងអស់គ្នា ត្រូវបន្តរួមគ្នា ខិតខំថែរក្សាសមិទ្ធផលជំនាន់មុនឱ្យបានល្អប្រសើរ និងខិតខំបង្កើតថ្មីឱ្យកាន់តែប្រសើរ ហើយបន្តកេរដំណែលសម្រាប់កូនចៅជំនាន់ក្រោយៗទៀត»។

សម្ដេចនាយករដ្ឋមន្រ្ដីថ្លែងថា យោងតាមលទ្ធផលនៃការបោះឆ្នោត គឺប្រជាពលរដ្ឋ ៨៦.៥០% ក្នុងខេត្តព្រះសីហនុ បានចេញទៅបោះឆ្នោត ហើយ ៨៦.១៥% បានបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដែលនេះ ពិតជាបានបញ្ជាក់អំពីជំនឿជឿជាក់ ភាពរីករាយ និងភាពកក់ក្តៅចំពោះគោលនយោបាយដ៏ជាក់លាក់របស់ សម្តេចតេជោ ហើយដែលត្រូវបានបន្តអនុវត្តដោយរាជរដ្ឋាភិបាលបច្ចុប្បន្ន និងទៅអនាគត។

សម្ដេចបញ្ជាក់ថា ជីវភាពរស់នៅ និងសុខទុក្ខរបស់កម្មករ-និយោជិតទាំងអស់ គឺតែងតែត្រូវបានយកចិត្តទុកដាក់ដោយ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន តាមរយៈការរៀបចំគោលនយោបាយគាំទ្រជាប់ជាប្រចាំ ជាពិសេសការបង្កើត និងពង្រីកការងារឱ្យកាន់តែច្រើន បង្កើតបរិយាកាសលក្ខខណ្ឌការងារល្អ របបសន្តិសុខសង្គម និងគាំពារលើជីវភាពរស់នៅប្រចាំថ្ងៃ ព្រមទាំងការព្យាយាមបង្កើនប្រាក់បៀវត្សអប្បបរមា បូកនឹងអត្ថប្រយោជន៍ផ្សេងៗផងដែរ។ ដូចនេះអត្ថប្រយោជន៍ទាំងអស់នេះ ក៏នឹងត្រូវបន្តផ្តល់ជូន និងពង្រឹងបន្ថែម ជូនដល់កម្មករ-និយោជិតទាំងអស់ ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាល អាណត្តិទី៧នេះ៕