Alynana Media Cambodia
Icon Collap
RK Clinic
clinic narit

ក្រសួងអប់រំមិនឱ្យមានការតវ៉ាចំពោះលទ្ធផលប្រឡងបាក់ឌុប ឆ្នាំនេះឡើយ

Admin Alynana | Nov 08, 2023
ក្រសួងអប់រំមិនឱ្យមានការតវ៉ាចំពោះលទ្ធផលប្រឡងបាក់ឌុប ឆ្នាំនេះឡើយ
Clinic narith

ភ្នំពេញ៖ ក្រសួងអប់រំ យុវជន និងកីឡា ប្រកាសមិនឱ្យមានគោលការណ៍ចំពោះការ តវ៉ាលើលទ្ធផលប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) ឆ្នាំនេះនោះទេ។ នេះបើតាមការបញ្ជាក់ជាថ្មីរបស់អ្នកនាំពាក្យក្រសួងអប់រំ យុវជន និងកីឡា ក្រោយពេលដែលការប្រឡងត្រូវបានបិទបញ្ចប់។

លោកជំទាវ ឃួន វិច្ឆិកា អ្នកនាំពាក្យក្រសួងអប់រំ ថ្លែងប្រាប់នាថ្ងៃទី៨ ខែវិច្ឆិកានេះថា ការមិនមានគោលការណ៍ឱ្យតវ៉ានេះ ក៏ដោយសារតែ ការធ្វើកំណែក៏ដូចជាការបូកស្រង់ពិន្ទុ គឺរៀបចំដោយភាពត្រឹមត្រូវ និងប្រុងប្រយ័ត្នគ្រប់ជំហានទាំងអស់។

លោកជំទាវ បានឱ្យដឹងថា នៅថ្ងៃទី ៨ខែវិច្ឆិកានេះ ក្រសួងអប់រំបានចាប់ផ្ដើមដឹកសន្លឹក កិច្ចការ​ប្រឡងបាក់ឌុប​ទូទាំងប្រទេស​មករក្សាទុកនៅវិទ្យាល័យព្រះស៊ីសុវត្ថិ។ សន្លឹកកិច្ចការ​ទាំងនោះ ក៏ត្រូវបែកចែកទៅតាមមណ្ឌលកំណែផ្សេងទៀត​ទៅតាមមុខវិជ្ជានីមួយៗ ដោយ​មណ្ឌល​កំណែសរុបមានចំនួន ១០មណ្ឌល។ ចំណែកលទ្ធផលប្រឡងនឹងប្រកាសជូនបេក្ខជននៅថ្ងៃទី ២៧ ខែវិច្ឆិកា សម្រាប់រាជធានីភ្នំពេញ ​និងខេត្តកណ្ដាល រីឯកបណ្ដាខេត្តផ្សេងទៀត ត្រូវប្រកាសថ្ងៃទី ២៨ ខែវិច្ឆិកា។

លោកជំទាវបញ្ជាក់ថា ក្នុងដំណាក់កាលបូកស្រង់ពិន្ទុ ក៏ត្រូវបានរៀបចំដោយយកចិត្តទុកដាក់បំផុត និងរក្សាភាពសម្ងាត់ផងដែរ។ ​មន្រ្តីជំនាញបានពិនិត្យរួចរាល់​ នូវប្រព័ន្ធបញ្ចូលពិន្ទុ និងមានការ​បណ្ដុះបណ្ដាលត្រឹមត្រូវ ​ដល់មន្ត្រីជំនាញធ្វើការលើការងារនេះ។

សូមជម្រាបថា ក្រោយបញ្ចប់ការប្រឡងកាលពីម្សិលម៉ិញ ក្រសួងអប់រំ​ បានវាយតម្លៃថា តាម​មណ្ឌលប្រឡងនីមួយៗ​មានដំណើរការល្អ មានសភាព​ស្ងប់ស្ងាត់​ និងរបៀបរៀបរយល្អ ព្រមទាំង​បានអនុវត្តតាមសេចក្ដីណែនាំរបស់ក្រសួង។ ខណៈមានបេក្ខជន អវត្តមានចំនួន ២.៣២៨ នាក់ ស្មើនឹង ១,៦៩ ភាគរយ នៃបេក្ខជនចុះឈ្មោះសរុប។ ក្នុងនោះមានបេក្ខជនមានបញ្ហាសុខភាព ៨៥ករណី ​ក្នុងនោះបេក្ខជនមានបញ្ហាសុខភាពមិនអាចបន្តការប្រឡងបានចំនួន៥ករណី៕