Alynana Media Cambodia
Icon Collap
RK Clinic
clinic narit

យន្ដហោះចម្បាំងអាមេរិក បើកការវាយប្រហារលើឃ្លាំងស្ដុកអាវុធមួយកន្លែង ស្ថិតនៅភាគខាងកើតនៃប្រទេសស៊ីរី

Media LNN | Nov 09, 2023
យន្ដហោះចម្បាំងអាមេរិក បើកការវាយប្រហារលើឃ្លាំងស្ដុកអាវុធមួយកន្លែង ស្ថិតនៅភាគខាងកើតនៃប្រទេសស៊ីរី
Clinic narith

(វ៉ាស៊ីនតោន)៖ សហរដ្ឋអាមេរិក បានដឹកនាំការវាយប្រហារតាមផ្លូវអាកាសលើឃ្លាំងស្ដុកអាវុធមួយកន្លែង ស្ថិតនៅភាគខាងកើតនៃប្រទេសស៊ីរី ដែលមន្ទីរបញ្ចកោណអះអាងថាត្រូវបានប្រើប្រាស់ដោយកងកម្លាំងឆ្មាំបដិវត្តន៍អ៉ីរ៉ង់ (IRGC) និងចលនាប្រដាប់អាវុធគាំទ្រដោយអ៉ីរ៉ង់។ នេះបើ តាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃព្រហស្បតិ៍ ទី៩ ខែវិច្ឆិកា ឆ្នាំ២០២៣។

ខណៈភាពតានតឹងបាន និងកំពុងឡើងកម្ដៅជុំវិញសង្រ្គាមរវាងអ៉ីស្រាអែល និងហាម៉ាស កងទ័ពអាមេរិក និងកងទ័ពក្រុមចម្រុះបានទទួលរង ការវាយប្រហារយ៉ាងហោច ៤០លើកទំាងនៅក្នុងប្រទេសស៊ីរី និងអ៉ីរ៉ាក់ពីសំណាក់ចលនាប្រដាប់អាវុធគាំទ្រដោយអ៉ីរ៉ង់ចាប់តាំងពីខែតុលាមក ដោយបណ្ដាលឱ្យកងទ័ពអាមេរិក ៤៥នាក់រងរបួស។

តាមរដ្ឋមន្ត្រីការពារជាតិអាមេរិក លោក Lloyd Austin ការវាយប្រហារតាមផ្លូវអាកាសខាងលើ ធ្វើឡើងដោយយន្ដហោះចម្បាំង F-15 ចំនួន ២គ្រឿង លើឃ្លាំងស្ដុកអាវុធមួយស្ថិតនៅក្នុងទីក្រុង Deir Ezzor ភាគខាងកើតនៃប្រទេសស៊ីរីកាលពីថ្ងៃពុធសប្ដាហ៍នេះ គឺជាការឆ្លើយតបទៅ នឹងការវាយប្រហារលើកងទ័ពអាមេរិកកាលពីពេលថ្មីនេះ ហើយលោកក៏បានព្រមានដែរថាការវាយប្រហារលើកងទ័ពអាមេរិកត្រូវតែបញ្ឈប់។

លោក Austin បានគូសបញ្ជាក់នៅក្នុងសេចក្ដីថ្លែងការណ៍មួយដូច្នេះថា «ប្រសិនបើការវាយប្រហារពីសំណាក់កូនចៅរបស់អ៉ីរ៉ង់ប្រឆាំងនឹង កងកម្លាំងអាមេរិកនៅតែបន្តកើតមាន នោះយើងនឹងមិនស្ទាក់ស្ទើរឡើយក្នុងការចាត់វិធានការចាំបាច់បន្ថែមទៀតដើម្បីការពារកងកម្លាំងរបស់ យើង»។ ចំណែក បើតាមអង្គការឃ្លាំមើលសិទ្ធិមនុស្សស៊ីរី មនុស្សយ៉ាងហោច ៩នាក់ត្រូវបានសម្លាប់នៅក្នុងការវាយប្រហារតាមផ្លូវអាកាស របស់សហរដ្ឋអាមេរិក កាលពីថ្ងៃពុធ។

គួរបញ្ជាក់ថា នេះជាការវាយប្រហារតាមផ្លូវអាកាសជាលើកទី២ហើយរបស់សហរដ្ឋអាមេរិក ប្រឆាំងនឹងមូលដ្ឋានរបស់អ៉ីរ៉ង់នៅក្នុងប្រទេសស៊ីរី បន្ទាប់ពីកាលពីថ្ងៃទី២៦ ខែតុលាកន្លងទៅ យោធាអាមេរិកក៏បានដឹកនាំការវាយប្រហារតាមផ្លូវអាកាសលើមូលដ្ឋានចំនួន ២ ដែលប្រើប្រាស់ ដោយកងកម្លាំងឆ្មាំបដិវត្តន៍អ៉ីរ៉ង់ នៅក្នុងប្រទេសស៊ីរីផងដែរ។ សហរដ្ឋអាមេរិកមានកងទ័ព ៩០០នាក់ឈរជើងនៅក្នុងប្រទេសស៊ីរី និងជាង ២៥០០នាក់ ឈរជើងនៅអ៉ីរ៉ាក់៕