Alynana Media Cambodia
Icon Collap
RK Clinic
clinic narit

ព្រះមហាក្សត្រ កោតសរសើរសុន្ទរកថាសម្តេចធិបតី ហ៊ុន ម៉ាណែត ដោយចាត់ទុកថា ជាសារនយោបាយគ្រប់ជ្រុងជ្រោយ

Media LNN | Nov 09, 2023
ព្រះមហាក្សត្រ កោតសរសើរសុន្ទរកថាសម្តេចធិបតី ហ៊ុន ម៉ាណែត ដោយចាត់ទុកថា ជាសារនយោបាយគ្រប់ជ្រុងជ្រោយ
Clinic narith

(ភ្នំពេញ)៖ ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រកម្ពុជា បានមានព្រះបន្ទូលកោតសរសើរសុន្ទរកថា សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ដោយចាត់ទុកថា នេះគឺជាសារនយោបាយមួយមានលក្ខណៈគ្រប់ជ្រុងជ្រោយ ក្នុងការវាយតម្លៃពីសភាពការណ៍សង្គមជាតិយើង សភាពការណ៍អន្តរជាតិ ជាពិសេសលើវិស័យសេដ្ឋកិច្ច សង្គមកិច្ចក្នុងការអភិវឌ្ឍ កែប្រែមាតុភូមិកម្ពុជា និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ។

ព្រះមហាក្សត្រ មានព្រះបន្ទូលបែបនេះ ក្នុងឱកាសទ្រង់យាងថ្លែងសុន្ទរកថា ជូនដល់ប្រជានុរាស្ត្រទូទាំងនគរ នៅព្រឹកថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០២៣ ដែលជាខួប៧០ឆ្នាំ ដែលកម្ពុជារំដោះខ្លួនទាំងស្រុងចេញពីអាណានិគមបារាំង ក្រោមព្រះរាជបូជនីយកិច្ចដឹកនាំដ៏ក្លៀវខ្លារបស់ព្រះមហាវីរក្សត្រខ្មែរ ព្រះបរមរតនកោដ្ឋ ព្រះករុណា ព្រះបាទសម្តេច នរោត្តម សីហនុ និងក៏ជាថ្ងៃកំណើតកងយោធពលខេមរភូមិន្ទ។

ព្រះមហាក្សត្រ មានព្រះបន្ទូលយ៉ាងដូច្នេះថា «សុន្ទរកថាដ៏ថ្លៃថ្លារបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា គឺមានអត្ថន័យ និងខ្លឹមសារជ្រាលជ្រៅណាស់ ដែលខ្ញុំសូមអបអរសាទរ កោតសរសើរ និងគាំទ្រ ហើយសូមចាត់ទុកថា នេះគឺជាសារនយោបាយមួយមានលក្ខណៈគ្រប់ជ្រុងជ្រោយ ក្នុងការវាយតម្លៃពីសភាពការណ៍សង្គមជាតិយើង សភាពការណ៍អន្តរជាតិ ជាពិសេសលើវិស័យសេដ្ឋកិច្ច សង្គមកិច្ចក្នុងការអភិវឌ្ឍ កែប្រែមាតុភូមិកម្ពុជា និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ សម្តៅឈានទៅកាត់បន្ថយភាពក្រីក្រជាបន្តបន្ទាប់»។

សូមជម្រាបថា ក្នុងឱកាសនោះដែរ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ដំណើរការវិវឌ្ឍជាតិខ្មែរ បានឈានដល់ដំណាក់កាលថ្មីមួយ ដែលប្រជាជនមានទំនុកចិត្តរឹងមាំ និងមហិច្ឆតាខ្ពស់ ក្នុងលើកស្ទួយមោទនភាពជាតិឱ្យខ្ពស់ ដូចសម័យអង្គរ និងក្លាយទៅជាប្រទេសមានចំណូលខ្ពស់នៅឆ្នាំ២០៥០។ ជាមួយគ្នានេះ សម្តេចនាយករដ្ឋមន្ត្រី បានថ្លែងទៀតថា រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា បានប្តេជ្ញាចិត្តសម្រេចឱ្យបាននូវគោលដៅចម្បង ជាយុទ្ធសាស្ត្រចំនួន៥ ដែលបានដាក់ចេញក្នុងកម្មវិធីនយោបាយ និង យុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១៕