Alynana Media Cambodia
Icon Collap
RK Clinic
clinic narit

រដ្ឋាភិបាលចិន បានប្រាប់ចក្រភពអង់គ្លេស ឲ្យឈប់ប្រឹងប្រែងពង្រឹងទំនាក់ទំនងជាមួយតៃវ៉ាន់

Media LNN | Nov 09, 2023
រដ្ឋាភិបាលចិន បានប្រាប់ចក្រភពអង់គ្លេស ឲ្យឈប់ប្រឹងប្រែងពង្រឹងទំនាក់ទំនងជាមួយតៃវ៉ាន់
Clinic narith

(ប៉េកាំង)៖ រដ្ឋាភិបាលចិន បានប្រាប់ចក្រភពអង់គ្លេសនៅថ្ងៃព្រហស្បតិ៍នេះ ឲ្យបញ្ឈប់កិច្ចខិតខំប្រឹងប្រែងរបស់ខ្លួនដើម្បី «ពង្រឹង» ទំនាក់ទំនងជាមួយតៃវ៉ាន់ បន្ទាប់ពីមានកិច្ចប្រជុំកម្រិតខ្ពស់មួយនៅទីក្រុងឡុងដ៍ និងការចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មរវាងតៃវ៉ាន់ និងអង់គ្លេសនាពេលថ្មីៗនេះ។ នេះបើ យោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃព្រហស្បតិ៍ ទី៩ ខែវិច្ឆិកា ឆ្នាំ២០២៣។

តៃវ៉ាន់ និងអង់គ្លេសបានចុះហត្ថលេខាលើភាពជាដៃគូពាណិជ្ជកម្មថ្មីកាលពីថ្ងៃពុធសប្តាហ៍នេះ ហើយរដ្ឋមន្ត្រីពាណិជ្ជកម្មអង់គ្លេស លោក Nigel Huddleston បានទទួលជួបអនុរដ្ឋមន្ត្រីសេដ្ឋកិច្ចតៃវ៉ាន់ លោក Chen Chern-Chyi សម្រាប់កិច្ចពិភាក្សានៅក្នុងទីក្រុងឡុងដ៍។ ស្ថានទូតចិនប្រចាំទីក្រុងឡុងដ៏បានបញ្ជាក់ ក្នុងសេចក្តីថ្លែងការណ៍ថា «យើងជំរុញឲ្យចក្រភពអង់គ្លេសគោរពតាមគោលការណ៍ចិនតែមួយ ហើយឈប់ប្រើប្រាស់កិច្ចសហប្រតិបត្តិការពាណិជ្ជកម្មជាលេស ដើម្បីផ្លាស់ប្តូរស្ថានភាពដើម ឬបង្កើនទំនាក់ទំនងជាមួយតៃវ៉ាន់»។

គួរបញ្ជាក់ថា ចក្រភពអង់គ្លេស និងតៃវ៉ាន់ ប្រាស្រ័យទាក់ទងគ្នាតាមរយៈការិយាល័យទំនាក់ទំនងនៅក្នុងរដ្ឋធានីរបស់គ្នាទៅវិញទៅមក ប៉ុន្តែមិនមានទំនាក់ទំនង ផ្លូវការនោះទេ។ តៃវ៉ាន់ចាត់ទុកអង់គ្លេសជាដៃគូប្រជាធិបតេយ្យដ៏សំខាន់មួយ ដោយកត់សម្គាល់ពីការព្រួយបារម្ភរបស់ខ្លួនចំពោះសកម្មភាពយោធារបស់ចិន និងការគាំទ្ររបស់អង់គ្លេសចំពោះការចូលរួមរបស់តៃវ៉ាន់ នៅក្នុងស្ថាប័នពិភពលោក ដូចជាអង្គការសុខភាពពិភពលោកជាដើម៕