Alynana Media Cambodia
Icon Collap
RK Clinic
clinic narit

នាយករដ្ឋមន្រ្តីកាណាដាប្រកាសថ្កោលទោសអំពើហិង្សា ក្រោយមានករណីបាញ់ប្រហារនៅសាលារៀនជ្វីហ្វ

Media LNN | Nov 10, 2023
នាយករដ្ឋមន្រ្តីកាណាដាប្រកាសថ្កោលទោសអំពើហិង្សា ក្រោយមានករណីបាញ់ប្រហារនៅសាលារៀនជ្វីហ្វ
Clinic narith

(អូតាវ៉ា)៖ នាយករដ្ឋមន្រ្តីកាណាដា លោក Justin Trudeau នៅថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ បានថ្កោលទោសអំពើហិង្សាដែលកើតឡើងនាពេលថ្មីនេះ ថាជារឿងមិនអាចទទួលយកបាន បន្ទាប់ពីមានករណីបាញ់ប្រហារពេញមួយយប់លើសាលារៀនចំនួន២ របស់ជនជាតិជ្វីហ្វ ក៏ដូចជាការប៉ះទង្គិចគ្នាក្នុងចំណោមនិស្សិតនៅសាកលវិទ្យាល័យមួយក្នុងទីក្រុង Montreal។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃសុក្រ ទី១០ ខែវិច្ឆិកា ឆ្នាំ២០២៣។

ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានរាយការណ៍ថា ប៉ូលិសកំពុងស៉ើបអង្កេតលើការបាញ់ប្រហារសាលារៀនជ្វីហ្វទាំង ២កន្លែងនោះ ក្រោយរកឃើញស្នាមគ្រាប់កាំភ្លើងជាប់ខ្លោងទ្វារខាងមុខ កាលពីព្រឹកថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ (ម៉ោងក្នុងតំបន់)។ ដោយឡែកកាលពីថ្ងៃពុធ ក៏មានករណីឈ្លោះប្រកែកគ្នាដោយហិង្សានៅសកលវិទ្យាល័យ Concordia រវាងក្រុមគាំទ្រនិងក្រុមប្រឆាំងសង្រ្គាមអ៉ីស្រាអែលលើតំបន់ Gaza ដោយបណ្តាលឲ្យមានអ្នករងរបួស និងម្នាក់ត្រូវចាប់ខ្លួនផងដែរ។

លោក Trudeau បានប្រាប់អ្នកយកព័ត៌មានយ៉ាងដូច្នេះថា «ខ្ញុំយល់ ថាមានអ្នករងឥទ្ធិពលខ្លាំងពីអ្វីដែលពួកគេបានឃើញកើតឡើងនៅទីនោះ។ ទោះជាយ៉ាងណាក៏ដោយ អំពើហិង្សា ការស្អប់ខ្ពើម ការប្រឆាំងជនជាតិជ្វីហ្វ ឬអ្នកកាន់សាសនាអ៉ីស្លាម និងករណីដូចដែលយើងបានឃើញនៅសាកលវិទ្យាល័យ Concordia ឬការបាញ់ប្រហារនៅសាលាជ្វីហ្វ គឺសុទ្ធសឹងតែជារឿងមិនអាចទទួលយកបានទាំងអស់»។

គួរបញ្ជាក់ថា នៅទីក្រុងToronto របស់កាណាដា ប៉ូលិសបានរាយការណ៍ថា ករណីឧក្រិដ្ឋកម្មស្អប់ខ្ពើមប្រឆាំងនឹងជនជាតិជ្វីហ្វ និងប្រជាជនមូស្លីម កំពុងកើនឡើងទ្វេដងក្នុងរយៈពេល ៣សប្តាហ៍ចុងក្រោយនេះ ពោលគឺបន្ទាប់ពីមានការវាយប្រហាររបស់ក្រុមហាម៉ាសលើអ៉ីស្រាអែល កាលពីថ្ងៃទី៧ ខែតុលា និងការសងសឹករបស់អ៉ីស្រាអែលលើក្រុមហាម៉ាសវិញ៕