Alynana Media Cambodia
Icon Collap
RK Clinic
clinic narit

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ រាជរដ្ឋាភិបាល នឹងធ្វើទំនើបកម្មលើកិច្ចការចំនួន៣ ក្នុងវិស័យការពារជាតិ

Media LNN | Nov 10, 2023
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ រាជរដ្ឋាភិបាល នឹងធ្វើទំនើបកម្មលើកិច្ចការចំនួន៣ ក្នុងវិស័យការពារជាតិ
Clinic narith

(ភ្នំពេញ)៖ ពីលើវេទិកាក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីអបអរសាទរ ខួបអនុស្សាវរីយ៍លើកទី២៨ ថ្ងៃបង្កើតបញ្ជាការដ្ឋានទ័ពពិសេស នៅព្រឹកថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានលើកឡើងថា រាជរដ្ឋាភិបាលកម្ពុជា នឹងធ្វើទំនើបកម្មលើកិច្ចការចំនួន៣ ក្នុងវិស័យការពារជាតិ ដើម្បីពង្រឹងសមត្ថភាពកងទ័ពកម្ពុជា។

សម្ដេចធិបតី ហ៊ុន ម៉ាណែត បានមានប្រសាសន៍ថា ការធ្វើទំនើបកម្មរបស់រាជរដ្ឋាភិបាលកម្ពុជា លើវិស័យការពារជាតិ ដែលមាន៣ចំណុចនោះរួមមាន៖ ទំនើបកម្មហេដ្ឋារចនាសម្ព័ន្ធ, ទំនើបកម្មក្នុងការហ្វឹកហ្វឺន និងទំនើបកម្មគ្រឿងបំពាក់។

សម្ដេចមហាបវរធិបតីនាយករដ្ឋមន្ដ្រី មានប្រសាសន៍យ៉ាងដូច្នេះថា «ការធ្វើទំនើបកម្មកងទ័ព គឺយើងត្រូវផ្ដោតសំខាន់លើកិច្ចការសំខាន់៣ រួមមាន ទី១៖ ទំនើបកម្មរចនាសម្ព័ន្ធ, ទី២៖ ទំនើបកម្មការហ្វឹកហ្វឺន និងទី៣៖ ទំនើបកម្មគ្រឿងបំពាក់»។

ក្នុងនោះ សម្ដេចធិបតី បានពន្យល់ទៀតថា៖

* ចំពោះទំនើបកម្មរចនាសម្ព័ន្ធ ត្រូវពិនិត្យវាយតម្លៃជាប់ជាប្រចាំ ទៅលើការកែសម្រួល ឬពង្រឹងរចនាសម្ព័ន្ធ ដើម្បីឲ្យឆ្លើយតបទៅនឹងសំណូមពរភារកិច្ច នៅពេលបច្ចុប្បន្ន និងទៅអនាគត ព្រោះគ្រប់សម័យកាលហានិភ័យ និងការប្រឈមមានស្ថានភាពខុសៗគ្នា។ កិច្ចការទាំងអស់នេះទាមទារឲ្យគ្រប់ស្ថាប័នជាតិ ពិសេសកម្លាំងសន្ដិសុខ បន្ដយកចិត្តទុកដាក់ក្នុងការវាយតម្លៃ និងកែសម្រួលរចនាសម្ព័ន្ធដើម្បីឲ្យឆ្លើយតប។

* ចំពោះទំនើបកម្មហ្វឹកហ្វឺន ត្រូវផ្ដោតទៅលើការពង្រឹង និងទំនើបកម្មសាលា, ពង្រឹងកម្មវិធីហ្វឹកហ្វឺន និងមេរៀន និងពង្រឹងទំនើបកម្មសម្ភារៈមធ្យោបាយ រួមទាំងទីលានហ្វឹកហ្វឺន។ ធនធានមនុស្សបើគ្មានជំនាញពិតប្រាកដ មិនធានានូវប្រសិទ្ធភាពប្រតិបត្តិការ និងឆ្លើយតបនោះទេ ដូច្នេះការហ្វឹកហ្វឺន គឺជាគោលសំខាន់ដែលត្រូវបង្កើនការយកចិត្តទុកដាក់បន្ថែមទៀត ហើយបើនិយាយអំពីការហ្វឹកហ្វឺន គឺផ្ដោតទៅលើការពង្រឹងសាលា។

* ចំពោះទំនើបកម្មគ្រឿងបំពាក់ ត្រូវបំពាក់បន្ថែមនូវសម្ភារៈដែលបម្រើឲ្យកិច្ចប្រតិបត្តិការ និងសង្គ្រោះនៅពេលមានគ្រោះមហន្ដរាយកើតឡើង។

គួរជម្រាបថា ពាក់ព័ន្ធការធ្វើទំនើបកម្មក្នុងវិស័យការពារជាតិនេះ សម្ដេចធិបតី ហ៊ុន ម៉ាណែត ធ្លាប់បានដាក់ចេញ និងអនុវត្តជាបណ្ដើរៗកន្លងរួចមកហើយ តាំងពីសម្ដេចនៅជាមេបញ្ជាការកងទ័ពជើងគោកមកម្ល៉េះ ក្នុងនោះមានទាំងពង្រឹងលើការហ្វឹកហ្វឺនជំនាញ និងបំពាក់នូវសម្ភារៈដែលបម្រើឲ្យកិច្ចប្រតិបត្តិការផងដែរ។

សម្ដេចធិបតី ហ៊ុន ម៉ាណែត បានអះអាងថា រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា ក៏មិនខុសពីអាណត្តិមុនៗនោះដែរ ដោយផ្ដោតសំខាន់លើការបន្ដការការពារឯករាជ្យ អធិបតេយ្យជាតិ និងបូរណភាពទឹកដី ជាពិសេសត្រូវការពារសន្ដិភាព ដែលរកបានដោយលំបាក ហើយនឹងប្រើប្រាស់នូវយុទ្ធសាស្ដ្រ «ការពារដើម្បីអភិវឌ្ឍន៍ អភិវឌ្ឍន៍ដើម្បីការពារ»៕