Alynana Media Cambodia
Icon Collap
RK Clinic
clinic narit

រុស្ស៊ីនឹងបញ្ចប់កិច្ចព្រមព្រៀងជាមួយប្រទេសជប៉ុន ស្តីពីកិច្ចសហប្រតិបត្តិការ ដើម្បីរុះរើនាវាមុជទឹកបំពាក់នុយក្លេអ៊ែរខ្លួន

Media LNN | Nov 10, 2023
រុស្ស៊ីនឹងបញ្ចប់កិច្ចព្រមព្រៀងជាមួយប្រទេសជប៉ុន ស្តីពីកិច្ចសហប្រតិបត្តិការ ដើម្បីរុះរើនាវាមុជទឹកបំពាក់នុយក្លេអ៊ែរខ្លួន
Clinic narith

រុស្ស៊ី និយាយថា ខ្លួននឹងបញ្ចប់កិច្ចព្រមព្រៀងជាមួយប្រទេសជប៉ុន ស្តីពីកិច្ចសហប្រតិបត្តិការ ដើម្បីរុះរើនាវាមុជទឹកបំពាក់នុយក្លេអ៊ែររបស់រុស្ស៊ី ដែលពុំមានប្រតិបត្តិការ។

រដ្ឋាភិបាលរុស្ស៊ី បានចេញបទបញ្ជាកាលពីថ្ងៃព្រហស្បតិ៍ ដើម្បីបញ្ចប់កិច្ចព្រមព្រៀងស្តីពី «កិច្ចសហប្រតិបត្តិការដើម្បីជួយដល់ការបំផ្លាញអាវុធនុយក្លេអ៊ែរដែលត្រូវបានកាត់បន្ថយនៅសហព័ន្ធរុស្ស៊ី»។ រដ្ឋាភិបាលបានណែនាំឲ្យក្រសួងការបរទេស ជូនដំណឹងដល់ប្រទេសជប៉ុនអំពីការសម្រេចនេះ។

កិច្ចព្រមព្រៀងនេះ ត្រូវបានចុះហត្ថលេខាកាលពីខែតុលា ឆ្នាំ ១៩៩៣ បន្ទាប់ពីការដួលរលំសហភាពសូវៀត ក្នុងគោលបំណងជំរុញកិច្ចសហប្រតិបត្តិការ សម្រាប់ការមិនរីកសាយអាវុធនុយក្លេអ៊ែរ និងការដោះស្រាយបញ្ហាបរិស្ថាន។

នៅក្រោមកិច្ចព្រមព្រៀងនេះ គម្រោងនានាបានចាប់ផ្តើមរុះរើនាវាមុជទឹកនុយក្លេអ៊ែររបស់រុស្ស៊ី ដែលបោះបង់ចោលនៅតំបន់ចុងបូព៌ារបស់រុស្ស៊ី។ ប្រទេសជប៉ុន បានផ្តល់ជំនួយផ្នែកហិរញ្ញវត្ថុ និងបច្ចេកទេស។ រុស្ស៊ី ពុំបានបញ្ជាក់ពីមូលហេតុនៃការបញ្ចប់កិច្ចព្រមព្រៀងនេះទេ។

រុស្ស៊ី បានជំទាស់ទៅនឹងទណ្ឌកម្មដែលបានដាក់ដោយប្រទេសជប៉ុន និងប្រទេសលោកខាងលិចដោយសារការឈ្លានពានរបស់ខ្លួនលើអ៊ុយក្រែន។

ប្រធានរដ្ឋមន្ត្រីគណៈរដ្ឋមន្ត្រី លោក Matsuno Hirokazu បាននិយាយនៅថ្ងៃសុក្រនេះថា ប្រទេសជប៉ុនពុំបានទទួលការជូនដំណឹងជាមុនអំពីការសម្រេចរបស់រុស្ស៊ីនោះទេ ហើយការប្រកាសជាឯកតោភាគីនេះ ពិតជាគួរឱ្យសោកស្តាយខ្លាំង។ លោកនិយាយថា ប្រទេសជប៉ុននឹងបញ្ជាក់ពីបញ្ហានេះតាមរយៈបណ្តាញការទូត៕