Alynana Media Cambodia
Icon Collap
RK Clinic
clinic narit

អុីស្រាអែល ទម្លាក់តួលេខអ្នកស្លាប់មកនៅត្រឹម ១២០០នាក់ ខណៈនៅហ្កាហ្សាកើនដល់ ១១,០៧៨នាក់

Media LNN | Nov 11, 2023
អុីស្រាអែល ទម្លាក់តួលេខអ្នកស្លាប់មកនៅត្រឹម ១២០០នាក់ ខណៈនៅហ្កាហ្សាកើនដល់ ១១,០៧៨នាក់
Clinic narith

(ហ្ស៊េរុយសាឡិម)៖ អ៉ីស្រាអែល កាលពីថ្ងៃសុក្រសប្ដាហ៍នេះបានទម្លាក់តួលេខអ្នកស្លាប់ នៅក្នុងការវាយប្រហាររបស់ក្រុមហាម៉ាសលើតំបន់ ភាគខាងត្បូងរបស់ខ្លួន ពី១៤០០នាក់ មកនៅត្រឹម ១២០០នាក់ ខណៈចំនួនអ្នកស្លាប់ក្នុងការវាយប្រហារសងសឹករបស់អ៉ីស្រាអែល បានកើន ដល់ ១១,០៧៨នាក់។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃសៅរ៍ ទី១១ ខែវិច្ឆិកា ឆ្នាំ២០២៣។

ថ្លែងប្រាប់ទីភ្នាក់ងារសារព័ត៌មាន AFP អ្នកនាំពាក្យក្រសួងការបរទេសអ៉ីស្រាអែល លោក Lior Haiat បានបញ្ជាក់ទៀតថាការទម្លាក់តួលេខ អ្នកស្លាប់ខាងលើ គឺជាការធ្វើបច្ចុប្បន្នភាពនៃការវាយតម្លៃលើចំនួនអ្នកស្លាប់ដែលក្នុងនោះមានទាំងពលករបរទេស និងជនជាតិបរទេស ដទៃទៀត ក្រោយការវាយប្រហាររបស់ក្រុមហាម៉ាសកាលពីថ្ងៃទី៧ ខែតុលា។ អ៉ីស្រាអែល មិនបានបញ្ជាក់ពីហេតុផលនាំឱ្យមានការកែតម្រូវតួលេខអ្នកស្លាប់ឡើយ ប៉ុន្តែអ្នកនាំពាក្យរូបនេះបន្ថែមថានេះមិនមែនជាតួលេខអ្នកស្លាប់ចុងក្រោយនោះទេ ពោលអាចនឹងមានការប្រែប្រួលនៅពេលសាកសពទាំងអស់ត្រូវបានកំណត់អត្តសញ្ញាណ។

គួរបញ្ជាក់ថា អ៉ីស្រាអែល ពីដំបូងឡើយបាននិយាយថាមនុស្ស ១៤០០នាក់ ក្នុងនោះភាគច្រើនជាជនស៊ីវិល បានស្លាប់នៅក្នុងការវាយប្រហារ របស់ក្រុមហាម៉ាស កាលពីថ្ងៃទី៧ ខែតុលា។ ព្រមពេលជាមួយគ្នា ក្រុមមន្ត្រីសុខាភិបាលក្នុងតំបន់ហ្កាហ្សា ក៏បានអះអាងដែរថាចំនួនអ្នកស្លាប់ នៅក្នុងការវាយប្រហារសងសឹករបស់អ៉ីស្រាអែលបានកើនដល់ ១១,០៧៨នាក់ ក្នុងនោះភាគច្រើនជនស៊ីវិល៕