Alynana Media Cambodia
Icon Collap
RK Clinic
clinic narit

កម្ពុជារកចំណូលបានជាង១៨ពាន់លានដុល្លារពីការនាំចេញទំនិញនៅយរៈ១០ខែឆ្នាំនេះ

Admin Alynana | Nov 13, 2023
កម្ពុជារកចំណូលបានជាង១៨ពាន់លានដុល្លារពីការនាំចេញទំនិញនៅយរៈ១០ខែឆ្នាំនេះ
Clinic narith
កម្ពុជាទទួលបានចំណូលសរុបជាង១៨ពាន់លានដុល្លារពីការនាំចេញទំនិញសំខាន់ៗទៅកាន់ទីផ្សារអន្តរជាតិនៅ១០ខែឆ្នាំនេះ កើនឡើង០,២% បើធៀបទៅនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២២។ បើទោះបីជាការនាំចេញសម្លៀកបំពាក់ និងគ្រឿងបន្ទាប់បន្សំធ្វើពីក្រណាត់មានការថយចុះ ក៏ពិតមែន តែទំនិញនេះនៅតែស្ថិតក្នុងចំណាត់ថ្នាក់លេខ១ ដែលទទួលបានចំណូលច្រើនជាងគ ក្នុងចំណោមទំនិញសំខាន់ៗ ដោយទទួលចំណូលជាង៤ពាន់៥រយលានដុល្លារ ថយចុះជាង១៧% បើធៀបនឹងឆ្នាំមុន។
 
យោងតាមរបាយការណ៍របស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា នៅ១០ខែ ឆ្នាំ២០២៣ កម្ពុជាទទួលបានចំណូលសរុបជាង១៨ពាន់លានដុល្លារពីការនាំចេញទំនិញសំខាន់ៗ ទៅកាន់ទីផ្សារអន្តរជាតិ​។ ក្នុងនោះការនាំចេញសម្លៀកបំពាក់ និងគ្រឿងបន្ទាប់បន្សំធ្វើពីក្រណាត់ទទួលបានចំណូលជាង៤ពាន់៥រយលានដុល្លារ ថយចុះជាង១៧% បើធៀបនឹងឆ្នាំមុន ដោយបានឈរកំពូលតារាងមុខទំនិញដែលទទួលបានចំណូលច្រើនជាងគេ។ ដោយឡែកការនាំចេញគ្រឿងម៉ាស៊ីន និងឧបករណ៍អគ្គិសនីឈរលំដាប់ទី២ ដោយទទួលបានចំណូលជិត៣ពាន់លានដុល្លារ កើនឡើង៨៤% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២២ និងបានរួមចំណែកជាង១៤% នៃចំណូលសរុប។

យ៉ាងណាក៏ដោយ ក្រុមអ្នកជំនាញក្នុងវិស័យឧស្សាហកម្មកាត់ដេរ អះអាងថា ស្ថានភាពវិស័យកាត់ដេរនៅកម្ពុជាហាក់មានសភាពទ្រឹងមិនទាន់មានអ្វីប្រែប្រួលខ្លាំងគួរឲ្យកត់សម្គាល់នៅឡើយទេ ពោលគឺវិស័យនេះនៅតែបន្តរងផលប៉ះពាល់ពីឥទ្ធិពលនៃវិបត្តិសកលនានា។ ប៉ុន្តែអ្នកជំនាញកត់សម្គាល់ឃើញថា នៅចុងឆ្នាំ២០២៣នេះ មិនសូវមានការផ្អាក​កម្មករ-និយោជិតពីម្ចាស់រោងចក្រ សហគ្រាសកាត់ដេរ នោះទេ បើធៀបទៅនឹងអំឡុងចុងឆ្នាំ២០២២ ខណៈខ្សែច្រវាក់ផលិតកម្មក្នុងវិស័យនេះហាក់ចាប់ផ្ដើមវិលមករកសភាពធម្មតាឡើងវិញ នៅត្រីមាសចុងក្រោយនៃឆ្នាំ២០២៣នេះ។

យ៉ាងណាមិញ សម្រាប់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានព្យាករថា វិស័យឧស្សាហកម្មនឹងបន្តនិន្នាការកើនឡើងជាមួយការសម្រេចបានកំណើនក្នុងរង្វង់៨,៥% នៅឆ្នាំ២០២៤ ពីប្រមាណ៥% ក្នុងឆ្នាំ២០២៣ ដោយសារការរំពឹងទុកការងើបឡើងវិញនៃអនុវិស័យកាត់ដេរ ស្របពេលដែលអនុវិស័យកម្មន្តសាលមិនមែនកាត់ដេរនៅបន្តរក្សាបានកំណើនរឹងមាំ។ ប៉ុន្តែទោះជាបែបនេះក្ដី ភាពមិនប្រាកដប្រជាខ្ពស់នៃស្ថានភាពសេដ្ឋកិច្ចសកល ក៏អាចនឹងបង្កជាបច្ច័យអវិជ្ជមានដល់អនុវិស័យមួយនេះផងដែរ។ ក្នុងនោះអនុវិស័យកម្មន្តសាលមិនមែនកាត់ដេរនៅបន្តរក្សាបានស្ថានភាពល្អប្រសើរ ដែលមួយផ្នែកជំរុញដោយការរក្សាបានតុល្យភាពនៃផលិតកម្មដែលបម្រើឱ្យតម្រូវការក្នុងស្រុក និងមួយផ្នែកទៀតគាំទ្រដោយការរំពឹងទុកកំណើនល្អប្រសើរនៃផលិតកម្មបម្រើឱ្យការនាំចេញ។ និន្នាការល្អនៃតម្រូវការខាងក្រៅ និងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី នឹងបន្តជំរុញកំណើននៃអនុវិស័យនេះលើផ្នែកផលិតកម្មបម្រើការនាំចេញ ជាពិសេសទៅលើផលិតផលសំខាន់ៗមួយចំនួន គួបផ្សំនឹងការដាក់ចេញនូវ«ច្បាប់ស្តីពីវិនិយោគនៃព្រះរាជាណាចក្រកម្ពុជា» នឹងរួមចំណែកបង្កើនបរិយាកាសវិនិយោគឱ្យកាន់តែមានភាពទាក់ទាញ និងប្រសើរជាងមុន។

សូមបញ្ជាក់ថា មុខទំនិញសំខាន់ៗ ដែលកម្ពុជានាំចេញទៅកាន់ទីផ្សារអន្តរជាតិ រួមមាន ផលិតផលវាយនភណ្ឌកាត់ដេរសម្លៀកបំពាក់ ស្បែកជើង និងផលិតផលធ្វើដំណើរ ផលិតផលកសិកម្ម គ្រឿងអេឡិចត្រូនិក អគ្គិសនី និងផលិតផលកង់ជាដើម។ បើតាមតួលេខពីអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បើទោះបីការនាំចេញទំនិញរបស់កម្ពុជាទៅកាន់ទីផ្សារធំៗ ដូចជា ជប៉ុន អាមេរិក អង់គ្លេស អាឡឺម៉ង់ និងកាណាដានៅ១០ខែក្នុងឆ្នាំ២០២៣នេះ សុទ្ធតែមានការធ្លាក់ចុះ ប៉ុន្ដែបើមើលទៅលើការនាំចេញទៅកាន់ទីផ្សារចិន និងវៀតណាមនៅតែអាចរក្សាបានអត្រាកំណើនជាវិជ្ជមាន៕