Alynana Media Cambodia
Icon Collap
RK Clinic
clinic narit

ក្រុមហ៊ុនចិនមួយគ្រោងបោះទុនវិនិយោគ ៥០០លានដុល្លារ លើការផលិតសំបកកង់រថយន្តនៅកម្ពុជា

Admin Alynana | Nov 14, 2023
ក្រុមហ៊ុនចិនមួយគ្រោងបោះទុនវិនិយោគ ៥០០លានដុល្លារ លើការផលិតសំបកកង់រថយន្តនៅកម្ពុជា
Clinic narith

ក្រុមហ៊ុនចិនមួយបានបង្ហាញពីបំណងចង់វិនិយោគនៅក្នុងប្រទេសកម្ពុជា លើការផលិតសំបកកង់រថយន្ត ជាមួយទំហំវិនិយោគប្រមាណ៥០០លានដុល្លារ ដែលអាចបង្កើតឱកាសការងារយ៉ាងច្រើនកន្លែងសម្រាប់ប្រជាជនកម្ពុជា។

នេះបើតាមការបញ្ជាក់របស់សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា នាឱកាសសម្ដេចអញ្ជើញចូលរួមជាអធិបតីក្នុងវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន លើកទី១៩ នៅថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៣។ សម្ដេចអះអាងថា បច្ចុប្បន្នកម្ពុជា មានរោងចក្រផលិតសំបកកង់រថយន្តចំនួន៣ ហើយវត្តមានរបស់ក្រុមហ៊ុនទាំងនេះ បានផ្ដល់នូវអត្ថប្រយោជន៍យ៉ាងច្រើនសម្រាប់សង្គម និងសេដ្ឋកិច្ច ជាពិសេសជួយលើកស្ទួយដំណាំកៅស៊ូនៅកម្ពុជា។​

ថ្លែងក្នុងវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន លើកទី១៩ នៅថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៣ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានជំរុញឲ្យវិស័យឯកជន និងសមាគមកៅស៊ូនៅកម្ពុជា រួមគ្នាធ្វើយ៉ាងណាពង្រីកនូវវិសាលភាពដំណាំកៅស៊ូ សំដៅធ្វើយ៉ាងណាមានលទ្ធភាពផ្គត់ផ្គង់វត្ថុធាតុដើម ដល់ក្រុមហ៊ុនផលិតសំបកកង់រថយន្ត ដែលកំពុងមានវត្តមានក្នុងស្រុក។ បើតាមសម្ដេចធិបតី បច្ចុប្បន្ននៅកម្ពុជាមានរោងចក្រផលិតសំបកកង់រថយន្តធំៗចំនួន៣ ដែលបានផ្ដល់ផលចំណេញយ៉ាងច្រើនដល់សេដ្ឋកិច្ចកម្ពុជា ខណៈមានក្រុមហ៊ុនចិនមួយទៀតបានបង្ហាញឆន្ទៈចង់វិនិយោគលើការផលិតសំបកកង់រថយន្តមួយបន្ថែមទៀត ជាមួយទុនវិនិយោគប្រមាណ៥០០លានដុល្លារ។

ស្របពេលមានក្រុមហ៊ុនផលិតសំបកកង់រថយន្តធំៗមួយចំនួនកំពុងធ្វើប្រតិបត្តិការនៅប្រទេសកម្ពុជា តែកម្ពុជាដែលជាប្រទេសមានការដាំដំណាំកៅស៊ូ បែរជានាំចេញនូវវត្ថុធាតុដើមទៅក្រៅប្រទេស និងមិនមានលទ្ធភាពគ្រប់គ្រាន់ក្នុងការផ្គត់ផ្គង់វត្ថុធាតុដើមក្នុងស្រុក១០០ភាគរយទៅវិញ។ ពាក់ព័ន្ធបញ្ហានេះសម្ដេចធិបតី ហ៊ុន ម៉ាណែត ប្រមុខរាជរដ្ឋាភិបាលកម្ពុជាបានស្នើដល់វិស័យឯកជន និងសមាគមកៅស៊ូត្រូវសហការរួមគ្នាធ្វើយ៉ាងណាជួយសម្របសម្រួលដល់ខ្សែច្រវាក់ផលិតកម្មដំណាំកៅស៊ូ ក្នុងប្រទេសកម្ពុជា ដើម្បីជួយជំរុញលទ្ធភាពផ្គត់ផ្គង់វត្ថុធាតុដើមដល់រោងចក្រផលិតសំបកកង់រថយន្តដែលមានស្រាប់ក្នុងស្រុក សំដៅជួយលើកស្ទួយវិស័យកៅស៊ូ និងបង្កើនតម្លៃកៅស៊ូនៅកម្ពុជា ក៏ដូចជាកាត់បន្ថយថ្លៃដើមផលិតជាដើម។

បើតាមសម្ដេចធិបតី ហ៊ុន ម៉ាណែត ក្នុងចំណោមក្រុមហ៊ុនធំៗចំនួន៣ ដែលកំពុងមានការវិនិយោគលើរោងចក្រផលិតសំបកកង់រថយន្ត មានក្រុមហ៊ុនមួយចង់ពង្រីកការវិនិយោគបន្ថែមក្នុងទំហំទឹកប្រាក់ ២០០លានដុល្លារ ក៏ប៉ុន្តែបច្ចុប្បន្នវត្ថុធាតុដើមកៅស៊ូដែលមានស្រាប់នៅមានកម្រិតនៅឡើយ គឺមានតែ២០% ទៅ៣០%ប៉ុណ្ណោះ។ តាមផែនការសម្ដេច ហ៊ុន ម៉ាណែត ចង់ឲ្យកម្ពុជាក្លាយជាប្រទេសកសិ-ឧស្សាហកម្ម ដែលមានការនាំចេញនូវផលិតផលសម្រេច ជាជាងនាំចេញវត្ថុធាតុដើម។

សូមបញ្ជាក់ថា គិតត្រឹមឆ្នាំ២០២២ កម្ពុជាមានផ្ទៃដីដាំកៅស៊ូសរុបជាង៤០ម៉ឺនហិកតា ក្នុងនោះផ្ទៃដីចម្ការកៅស៊ូកសិ-ឧស្សាហកម្មមានជាង៤ម៉ឺនហិកតា, ផ្ទៃដីចម្ការកៅស៊ូសម្បទានដីសេដ្ឋកិច្ចមានជាង ១៩ម៉ឺនហិកតា និងផ្ទៃដីចម្ការកៅស៊ូគ្រួសារមានជាង១៦ម៉ឺនហិកតា, ផ្ទៃដីចៀរជ័រកៅស៊ូមានប្រមាណ ៣១ម៉ឺនហិកតា និងផ្ទៃដីថែទាំមានជាង៩ម៉ឺនហិកតា។ នៅក្នុងរយៈពេល១០ខែឆ្នាំ២០២៣ កម្ពុជារកចំណូលបានប្រមាណជាង៦៧០លានដុល្លារពីការនាំចេញកៅស៊ូ និងផលិតផលធ្វើពីកៅស៊ូ កើនឡើង ៧០% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២២៕