Alynana Media Cambodia
Icon Collap
RK Clinic
clinic narit

លោក ហេង សួរ បង្ហាញពីវិធីដែលយុវជនអាចចុះឈ្មោះចូលរៀន ក្នុងកម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស

Admin Alynana | Nov 14, 2023
លោក ហេង សួរ បង្ហាញពីវិធីដែលយុវជនអាចចុះឈ្មោះចូលរៀន ក្នុងកម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស
Clinic narith

លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានបង្ហាញអំពីវិធីដែលយុវជន អាចចុះឈ្មោះចូលរៀនក្នុងកម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស ដែលចាប់ផ្ដើមពីថ្ងៃទី ១៥ ខែវិច្ឆិកា ឆ្នាំ ២០២៣តទៅ។

ការបង្ហាញនេះ បានធ្វើឡើងក្នុងប្រកាសដាក់ឲ្យអនុវត្តជាផ្លូវការរបបសន្តិសុខសង្គម ផ្នែកថែទាំសុខភាព តាមរបបភាគទានដោយស្ម័គ្រចិត្ត និងប្រកាសដាក់ឲ្យអនុវត្តជាផ្លូវការនូវកម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេសដល់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ ក្រោមអធិបតីភាពរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នាព្រឹកថ្ងៃទី ១៤ ខែវិច្ឆិកា ឆ្នាំ ២០២៣នេះ។

លោក ហេង សួរ បានឲ្យដឹងថា កម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស ដល់ក្រុមគោលដៅយុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យនៅទូទាំងប្រទេសចំនួន ១,៥លាននាក់ ដោយមិនបង់ថ្លៃសិក្សា និងទទួលបាននូវប្រាក់ឧបត្ថម្ភប្រចាំខែ គឺប្រៀបដូចជាការបង្រៀនដល់យុវជនជាក្រុមគោលដៅឲ្យចេះស្ទូចត្រី បន្ថែមពីលើកម្មវិធីបើកផ្តល់សាច់ប្រាក់ដល់ក្រុមគ្រួសារក្រីក្រជាង ៧០ម៉ឺនគ្រួសារ ដែលរាជរដ្ឋាភិបាលកំពុងអនុវត្ត ឬនិយាយមួយបែបថាកំពុងផ្តល់ត្រីជូនយុវជនជាក្រុមគោលដៅ និងក្រុមគ្រួសារពួកគាត់។

 

លោករដ្ឋមន្ត្រីក្រសួងការងារ បានបន្តថា សិស្សដែលបានចុះឈ្មោះចូលរៀន នឹងទទួលបានការសិក្សាដោយមិនបង់ថ្លៃ, ទទួលបានប្រាក់ឧបត្ថម្ភប្រចាំខែចំនួន ២៨ម៉ឺនរៀល, ទទួលបានការប្រឹក្សាយោបល់ពីការជ្រើសរើសជំនាញ និងព័ត៌មានទីផ្សារការងារ, ចុះកម្មសិក្សានៅតាមសហគ្រាស គ្រឹះស្ថាន ឧស្សា​ហកម្ម និងក្រុមហ៊ុនឯកជន, ជំនាញមួយពិតប្រាកដដែលទីផ្សារការងារកំពុងត្រូវការ, និងឱកាសការងារធ្វើសមរម្យ និងប្រាក់ចំណូលទៀងទាត់។

បើតាមលោក ហេង សួរ ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានរៀបចំប្រព័ន្ធឌីជីថល សម្រាប់ការចុះឈ្មោះចូលរៀន ដែលផ្ដល់ភាពងាយស្រួល ឆាប់រហ័ស ទំនើប និងមានប្រសិទ្ធភាពខ្ពស់។ សម្រាប់សិស្សដែលមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ, មានអាយុចាប់ពី ១៥ឆ្នាំឡើង, និងមានបណ្ណសមធម៌ ឬបណ្ណសម្គាល់គ្រួសារងាយរងហានិភ័យ អាចចុះឈ្មោះចូលរៀនតាមរយៈ (១). ប្រព័ន្ធឌីជីថលដោយខ្លួនឯង ឬដោយពឹងបុគ្គលណាមួយ លើកម្មវិធីទូរស័ព្ទដៃ (TVET 1.5M), ឬ (២). អាចទៅចុះឈ្មោះផ្ទាល់ នៅតាមបណ្តាគ្រឹះស្ថានអប់រំបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈ, មន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ, មជ្ឈមណ្ឌលការងារនៅតាមរាជធានី-ខេត្ត ចំនួន ១៤, និងមជ្ឈ មណ្ឌលការងារចល័តចំនួន ៥។

លោក ហេង សួរ បានបន្ថែមថា ដើម្បីឲ្យកម្មវិធីបណ្តុះបណ្តាលនេះ ដំណើរទៅប្រកបដោយភាពជោគជ័យ ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានសហការជាមួយស្ថាប័ន និងដៃគូពាក់ព័ន្ធដោយបានកំណត់ជ្រើសរើសវិស័យ និងមុខជំនាញអាទិភាព ដោយធ្វើការសិក្សាលើស្ថានភាពសេដ្ឋកិច្ច តាមវិស័យនិងអនុវិស័យ, ការសិក្សាទីផ្សារការងារផ្អែកលើចំនួនរោងចក្រ-សហគ្រាស និងកម្មករនិយោជិត, និងគោលនយោបាយអាទិភាព ឬយុទ្ធសាស្ត្រនយោបាយនានា។

ក្នុងនោះ កំណត់បានមុខជំនាញសម្រាប់ជំហានដំបូងចំនួន ៣៨មុខជំនាញ នៅក្នុងវិស័យអាទិភាពចំនួន ១០ រួមមាន៖ សំណង់, អគ្គិសនីនិងថាមពល, អេឡិចត្រូនិក, បរិក្ខារត្រជាក់និងកម្ដៅ, កម្មន្តសាល, មេកានិកទូទៅ/មេកានិករថយន្ត, ទេសចរណ៍, សេវាកម្ម, កសិកម្ម និងកសិ-ឧស្សាហកម្ម, និងធុរកិច្ចនិងព័ត៌មានវិទ្យា៕